ប្រជាពលរដ្ឋចោទមន្ត្រីជំនាញបើកដៃឲ្យឈ្មួញរកស៊ីកាប់ឈើខុសច្បាប់
ឈើអារជាច្រើនដែលលាក់ទុកកន្លែងផ្សេងគ្នា នៅភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង ត្រូវបានប្រជាពលរដ្ឋអះអាងថា ជាកម្មសិទ្ធិរបស់មេឈ្មួញជួញឈើ ដែលគេលាក់ទុកគ្រោងនឹងដឹកចេញនៅពេលយប់តាមទូក និងរថយន្តទំនើបៗ។
ពលរដ្ឋភូមិខ្សាច់ថ្មី បានឲ្យដឹងថា ឈើដែលឈ្មួញទិញមានគូសសញ្ញាដីសនៅពីលើ ដោយបញ្ជាក់ពីទំហំ និងប្រវែងច្បាស់លាស់។ លោកបន្តថា ឈើដែលនៅក្រោមផ្ទះប្រជាពលរដ្ឋជាច្រើនកន្លែងនោះ សុទ្ធជាឈើរបស់ឈ្មួញម្នាក់ដែលជាអតីតនាយប៉ុស្តិ៍នគរបាល។
លោកចាប វណ្ណា បញ្ជាក់ថា ឈ្មួញទាំងនេះរកស៊ីយូរហើយ តែមិនមានស្ថាប័នណាបង្ក្រាបនោះទេ ហើយបទបញ្ជាសម្ដេច ហ៊ុន សែន ក៏លែងមានអ្នកខ្លាចទៀតដែរ ដោយសារឲ្យតែឲ្យលុយមន្ត្រីទៅ គឺអាចដឹកបានមិនមានអ្នកណាចាប់ឡើយ។
ទន្ទឹមនឹងនេះ ជំទប់ទី២ ឃុំតាឡាតបាន មានប្រសាសន៍ថា បទល្មើសព្រៃឈើនៅឃុំតាឡាត ពិតជាកំពុងកើតមានយ៉ាងច្រើន។ លោកបន្តថា ឈ្មួញឈើជាអ្នកប្រើឲ្យពលរដ្ឋចូលកាប់ ឯពួកគេចាំទិញនៅមាត់កំពង់ទូកមុខប៉ុស្តិ៍នគរបាល។ លោក ណ ឡិត បញ្ជាក់ថា អាជ្ញាធរមូលដ្ឋានមិនមានលទ្ធភាពបង្ក្រាបបទល្មើសនោះបានឡើយ ព្រោះឈ្មួញឈើមានអ្នកការពារនៅពីក្រោយខ្នង ។
ទោះជាយ៉ាងនេះក្តី លោក ណ ឡិតបានឲ្យដឹងទៀតថា បទល្មើសព្រៃឈើមានពេញបន្ទុកព្រោះ ឈ្មួញឈើនៅទីនោះមានអំណាចធំជាងអាជ្ញាធរ។ លោក បញ្ជាក់ថា ម្ចាស់សិប្បកម្មអារឈើនៅទីនោះឈ្មោះ ធេងធ្លាប់និយាយថា សិប្បកម្មខ្លួនមិនអនុញ្ញាតឲ្យនរណាម្នាក់សួរនាំ ឬថតរូបជាដាច់ខាត បើមិនដូចនេះទេ លោក ធេង នឹងប្រើកូនចៅឲ្យវាយទម្លាក់ទឹកទន្លេជាមិនខាន។
គេសង្កេតឃើញឈើអារ និងឈើមូលរាប់សិបម៉ែត្រគូប ដូចជា ផ្ចឹក សុក្រំ បេង ធ្មង់ និងគ្រញូង ត្រូវគេទុកនៅក្រោមផ្ទះក្នុងព្រៃក្នុងទន្លេ សម្រាប់ទុកដឹកចេញ។ នៅភូមិខ្សាច់ថ្មី មានសិប្បកម្មអារឈើមិនមានច្បាប់ពីរកន្លែង ដែលមួយកន្លែងនៅត្បូងទន្លេជាកម្មសិទ្ធិរបស់អតីតមេប៉ុស្តិ៍ ដែលដកចេញពីតំណែងឈ្មោះ វ៉ាង និងមួយកន្លែងទៀតនៅត្រើយខាងជើងទន្លេ ជាកម្មសិទ្ធិរបស់ឈ្មួញឈើឈ្មោះ ធេង។ ពលរដ្ឋឲ្យដឹងថា ឈ្មួញទាំងពីរនេះប្រើប្រាស់កម្មករជាច្រើនអ្នក ហើយមានកាំភ្លើងកាន់នៅក្នុងដៃទៀតផង។
ដូច្នេះហើយប្រជាពលរដ្ឋស្រុកសេសានទូទៅក៏បានអះអាងថាមិនមានអ្នកណាម្នាក់ខ្លាចទេបើក្រុមឈ្មួញទាំងអស់នោះត្រូវបានមន្រ្តីជំនាញបើកដៃឲ្យរកស៊ីដើម្បីថ្នូរនឹងលាភសក្ការៈ៕
|
No comments:
Post a Comment
yes