បុគ្គលិកធនាគារចិន កំពុងរាប់លុយយន់។
ធនាគារចិនដែលបានមកបើកសាខា
នៅកម្ពុជាកំពុងស្វែងរកការគាំទ្រ
លើការធ្វើពាណិជ្ជកម្មដោយប្រើប្រាស់រូបិយប័ណ្ណយន់នៅកម្ពុជា
ភ្នំពេញៈ ធនាគារចិនកំពុងចរចាជាមួយធនាគារជាតិនៃកម្ពុជា(NBC)
ដើម្បីលើកកម្ពស់ការធ្វើពាណិជ្ជកម្មដោយប្រើប្រាក់យន់ចិន (RMB)
នៅកម្ពុជា។ដំណើរការនេះបានឆ្លុះបញ្ចាំងអំពីការរីកចម្រើននៃពាណិជ្ជកម្ម និងឧស្សាហកម្មរបស់ពាណិជ្ជករចិននៅកម្ពុជា។
សេដ្ឋវិទូ និយាយថា ទាំងនេះវាគ្រាន់តែជាការធ្វើពិពិធកម្មរូបិយវត្ថុអន្តរជាតិក្នុង ការធ្វើពាណិជ្ជកម្មនៅកម្ពុជា ប៉ុណ្ណោះ ផ្ទុយទៅវិញវាអាចមានការប៉ះពាល់ដល់ភាពឡើងចុះនៃអត្រាប្តូរ ប្រាក់។
លោក Hiroshi Suzuki ប្រធាននាយកប្រតិបត្តិ និងជាអ្នកវិភាគសេដ្ឋកិច្ចនៃវិទ្យាស្ថានស្រាវជ្រាវពាណិជ្ជកម្ម នៅកម្ពុជាបានលើកឡើងថា៖ «ការធ្វើពិពិធកម្មរូបិយវត្ថុអន្តរជាតិសម្រាប់ធ្វើពាណិជ្ជកម្មជា កត្តាល្អ ប៉ុន្តែដោយសារសេដ្ឋកិច្ចកម្ពុជាធ្វើពាណិជ្ជកម្មដោយប្រើដុល្លារ អាមេរិក ដូច្នេះបើកម្ពុជាកម្ពុជាប្រើយន់មានន័យថា ពួកគេធ្វើឲ្យអត្រាប្តូរប្រាក់ឡើងចុះរវាងដុល្លារ និងយន់»។
លោក បានឲ្យដឹងថា ពីពេលថ្មីៗនេះរដ្ឋាភិបាលចិន មានបំណងធ្វើឲ្យ RMB ក្លាយជារូបិយវត្ថុអន្តរជាតិ ដូចជាដុល្លារអាមេរិក អឺរ៉ូ និងយ៉េន ប៉ុន្តែការខិតខំនេះទើបនឹងចាប់ផ្តើមប៉ុណ្ណោះ។
ការធ្វើ ពាណិជ្ជកម្មដោយប្រើ RMB មានការរឹតបន្តឹងជាច្រើន ដោយវាចាំបាច់សម្រាប់ធនាគារកណ្តាលចិន ដើម្បីសម្រាល និងធ្វើឲ្យល្អនូវបទប្បញ្ញត្តិសំដៅធ្វើឲ្យការធ្វើពាណិជ្ជកម្ម ដោយប្រើRMB កាន់តែសេរី។ លោក ថ្លែងថា៖ «នេះគឺដោយសារចិនជាគោលដៅនាំចូលដ៏ធំមួយសម្រាប់កម្ពុជា។ ប្រសិនបើចិនក្លាយទៅជាគោលដៅនាំចេញដ៏សំខាន់ ការធ្វើពាណិជ្ជកម្មដោយប្រើ RMB នឹងកាន់តែទូលំទូលាយ»។
លោក Hiroshi Suzuki បន្តថារដ្ឋាភិបាលចិនកំពុងផ្តល់គ្រឿងលើកទឹកចិត្តដល់ក្រុមហ៊ុន ចិន ដែលនាំចេញទំនិញដោយប្រើប្រាក់យន់។ ក្រុមហ៊ុននាំចូលកម្ពុជា អាចចរចាជាមួយក្រុមហ៊ុនចិនដើម្បីបន្ទាបតម្លៃដោយប្រើគ្រឿងលើក ទឹកចិត្ត។
លោកស្រី Han Weida បុគ្គលិកជាន់ខ្ពស់ប្រចាំផ្នែកគាំទ្រសាជីវកម្មរបស់ធនាគារចិនសាខា ភ្នំពេញ បានឲ្យដឹងថា ដោយមានការគាំទ្រពីនាយករដ្ឋមន្ត្រីហ៊ុន សែន ក្នុងអាជីវកម្ម និងការបង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគរវាងចិន និងកម្ពុជា ធនាគារចិនបានសម្រេចពង្រីកទីផ្សាររបស់ខ្លួន មកដល់កម្ពុជា។
លោក ស្រី បានលើកឡើងថា៖ «ធនាគារចិន បន្តកិច្ចខិតខំជំរុញការផ្តល់សេវា និងការទូទាត់ពាណិជ្ជកម្មដោយប្រើ ប្រាក់យន់នៅកម្ពុជា ដោយសារក្រុមហ៊ុនកម្ពុជាជាច្រើន មិនស្គាល់ផលិតផលពាណិជ្ជកម្មឡើយ»។
Han Weida បានឲ្យដឹងថា ធនាគារចិនកំពុងធ្វើលើការងារលើគម្រោង ដែលទើបនឹងចាប់ផ្តើមនេះ ដោយសង្ឃឹមថា វាអាចទៅរួច។ ធនាគារចិន បានបើកសាខាដំបូងនៅភ្នំពេញកាលពីខែឧសភា ឆ្នាំមុន។
លោកស្រី ងួន សុខា អគ្គនាយក NBC មិនអាចទាក់ទងបានទេកាលពីថ្ងៃសុក្រ។
លោក វ៉ាន់ ស៊ូអៀង ប្រធានសមាគមរោងចក្រកាន់ដេរនៅកម្ពុជា (GMAC)បានឲ្យដឹងថា បច្ចុប្បន្នម្ចាស់រោងចក្រកាន់តែច្រើន ធ្វើឲ្យអាជីវកម្មដោយប្រើប្រាក់អឺរ៉ូ និងដុល្លារអាមេរិក ដោយសារតែទីផ្សារសំខាន់របស់ពួកគេ គឺនៅអឺរ៉ុបនិងអាមេរិក។ យន់ជារូបិយវត្ថុមួយក្នុងចំណោមរូបិយវត្ថុសំខាន់ៗសម្រាប់ធ្វើ ពាណិជ្ជកម្ម។ លោក បានបន្តទៀតថា៖ «វាជាឱកាសដ៏ល្អដោយសារវាជួយយើងជាច្រើន នៅពេលយើងកំពុងនាំចេញវត្ថុធាតុដើមពីចិន»។
លោក Li-Gang Liu ប្រធានក្រុមហ៊ុនស្រាវជ្រាវសេដ្ឋកិច្ចចិនរបស់ ANZ បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីពេលថ្មីៗនេះថា ប្រាក់យន់មានចំនួន៤ភាគរយនៃតម្លៃប្រតិបត្តិការក្នុងការធ្វើ ពាណិជ្ជកម្មអន្តរជាតិគិតត្រឹមខែមេសា។
រូបិយវត្ថុនេះនៅតែ ស្ថិតនៅពីក្រោយដុល្លារអាមេរិក និងអឺរ៉ូ ដែលមានដុល្លារអាមេរិកមាន ៨៤ភាគរយ និងអឺរ៉ូ មាន៧ភាគរយ នៅក្នុងប្រតិបត្តិការអន្តរជាតិ។
គិត ត្រឹមខែមិថុនា ឆ្នាំ២០១២ អាជីវកម្មគិតជាប្រាក់យន់ របស់ធនាគារចិនប្រចាំសាខាភ្នំពេញ បានសម្រេចជោគជ័យគួរឲ្យកត់សម្គាល់។ ប្រាក់បញ្ញើបានកើនឡើងដល់៦០លានយន់ ដោយមានគណនីជាប្រាក់យន់ជិត៨០០ សមតុល្យហិរញ្ញវត្ថុពាណិជ្ជកម្មជាយន់ជាង ១០០លានយន់ ប្រាក់បញ្ញើពីក្រៅប្រទេសជាយន់មានជាង៣០០លានយន់ អត្រាប្តូរប្រាក់យន់មាន ១៤០លានយន់ និងកម្ចីអន្តរជាតិធនាគារកើនឡើងដល់៦០០លានយន់។
លោកស្រី Han Weida បានឲ្យដឹងថា ធនាគារនេះ នឹងផ្តល់ការគាំទ្រដល់ប្រព័ន្ធធនាគាររបស់ NBC នៅពេលពួកគេទទួលបានការអនុម័ត។ លោកស្រីបានលើកឡើងថា៖ «យើងមិនទាន់កំណត់អគារទូរទាត់ដោយខ្លួនឯងទេ វាស្ថិតក្រោមការគ្រប់គ្រងរបស់ NBC។ ប្រសិនបើពួកគេត្រូវការយើងគាំទ្រជាឧបករណ៍ និងបច្ចេកវិទ្យា យើងពិតជាអាចធ្វើទៅបាន។ ប្រសិនបើពួកគេត្រូវការកែលម្អកម្មវិធី ឬមុខងារ វាក៏អាចសម្រេចទៅបានដែរ»។ លោកស្រីបន្ថែមថា៖ «ជាដំបូង យើងចង់ស្វែងរកការអនុម័តពី NBC ក្រោមច្បាប់កម្ពុជាសិន។ យើងចង់ចរចាជាមួយNBC។ នេះជាគម្រោងរបស់យើង»៕
No comments:
Post a Comment
yes