សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 12, 2012

ពលរដ្ឋ​ព្រួយ​បារម្ភ​ពី​ការ​បាត់​បង់​ព្រៃ​ឈើ​កាន់​តែ​ច្រើន​នៅ​រតនគិរី


ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​សាយ៉ោះលើ ឃុំ​កាឡែង ស្រុក​លំផាត់ ខេត្ត​រតនគិរី លោក សឿង យ៉ារ៉ាត់ នៅ​ថ្ងៃ​ពុធ ទី​១២ ខែ​កញ្ញា ឆ្នាំ​២០១២ ឲ្យ​ដឹង​ថា ព្រៃ​ឈើ​នៅ​តាម​បណ្តោយ​មាត់​អូរ​កាន ប្រមាណ​៤​ទៅ​១០​ហិកតារ​ថ្មី​ទៀត ត្រូវ​បាន​គេ​កាប់​រាន​ចាប់​ពី​ដើម​ខែ​សីហា ឆ្នាំ​២០១២ រហូត​មក។
លោក សឿង យ៉ារ៉ាត់ មាន​ប្រសាសន៍​បញ្ជាក់​ថា ម្ចាស់​កសិដ្ឋាន​ចម្ការ​កៅស៊ូ​មួយ​រូប គឺ​លោក ឡាយ សេង មាន​ជាប់​ពាក់ព័ន្ធ​សកម្មភាព​កាប់​រាន​ព្រៃ​នោះ ដើម្បី​ពង្រីក​យក​ដី៖ «គេ​កាប់​ឈើ​ណា​ត្រូវ​ប៉ាន់​គេ​អារ ឈើ​ណា​មិន​ត្រូវ​ប៉ាន់ គេ​កាប់​ចោល​បំផ្លាញ​តែ​ម្តង ខែ​ប្រាំបី រហូត​ខែ​ប្រាំបួន គេ​កាប់​រហូត​បន្ត​បន្ទាប់​ហ្នឹង»
ទាក់​ទិន​សេចក្តី​ចោទ​ប្រកាន់​នេះ លោក ឡាយ សេង បាន​បដិសេធ​ថា លោក​មិន​មាន​ជាប់​ពាក់ព័ន្ធ​ការ​កាប់​រាន​ព្រៃ​ថ្មី ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។ លោក​បញ្ជាក់​ថា ដី​ព្រៃ​នៅ​តំបន់​នោះ ត្រូវ​ក្រុម​សហគមន៍​ជន​ជាតិ​ដើម​ក្នុង​ភូមិ និង​មន្ត្រី​មូលដ្ឋាន​លក់​រាប់​រយ​ហិកតារ​ទៅ​ឲ្យ​ប្រជាពលរដ្ឋ​ពី​ម្នាក់​ទៅ​ម្នាក់ ទើប​ព្រៃ​ឈើ​នៅ​តំបន់​នោះ​ត្រូវ​អ្នក​ទិញ​ដី​កាប់​រាន​ជា​បន្ត​បន្ទាប់៖ «បើ​និយាយ​ខ្លី មិន​ដឹង​ជន​ជាតិ មិន​ដឹង​ពី​ណា​ពី​ណី ពេញ​ទឹក​ពេញ​ដី គគោក​ទៅ​ធ្វើ​លើ​ដី​រ៉ែ​ត្បូង រ៉ែ​មាស​ហ្នឹង។ ឡាវ មាន​ខ្មែរ កាប់​ចម្ការ​ពេញ​វាល​ហ្នឹង»

ព្រៃ​តាម​បណ្តោយ​អូរ​កាន ស្ថិត​ក្នុង​ភូមិ​សាយ៉ោះលើ រាប់​រយ​ហិកតារ​ត្រូវ​បាន​គេ​កាប់​រាន ដើម្បី​យក​ដី​តាំង​ពី​ឆ្នាំ​២០០៥ រហូត​មក ហើយ​ករណី​នេះ មន្ត្រី​ជំនាញ​ព្រៃ​ឈើ​បាន​ចុះ​បង្ក្រាប និង​ដក​ហូត​បាន​ដី​ប្រមាណ​៧០​ហិកតារ​ទុក​ជា​សម្បត្តិ​រដ្ឋ។
អភិបាល​ស្រុក​លំផាត់ លោក គង់ ស្រ៊ុន មាន​ប្រសាសន៍​ទទួល​ស្គាល់​ថា ពិត​ជា​មាន​ការ​កាប់​រាន​ព្រៃ​នោះ​មែន ក៏ប៉ុន្តែ​បញ្ហា​នេះ​មាន​ជាប់​ពាក់ព័ន្ធ​ទៅ​នឹង​ម្ចាស់​កសិដ្ឋាន និង​អ្នក​ទិញ​ដី​ពីរ​នាក់​ផ្សេង​ទៀត ដែល​បាន​ប្ដឹង​ផ្តល់​គ្នា​តាម​ផ្លូវ​តុលាការ ក្នុង​រឿង​នេះ​ហើយ។ លោក​បន្ត​ថា អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​អំណាច​សម្រេច​លើ​រឿង​ក្តី​នេះ​បាន​ទេ៖ «ទី​កន្លែង​ហ្នឹង ថត​រូប​ហើយ កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​តុលាការ។ កាល​ទៅ​ហ្នឹង ប្រហែល​ជា​បី​បួន​ហិកតារ ប៉ុន្តែ​ក្រោយ​មក​ទៀត ខ្ញុំ​អត់​ដឹង​ដែរ»
នាយ​រង​ខណ្ឌ​រដ្ឋបាល​ព្រៃ​ឈើ​ខេត្ត​រតនគិរី លោក ផាន់ ភីន មាន​ប្រសាសន៍​បញ្ជាក់​ថា សំណុំ​រឿង​ក្តី​កាប់​បំផ្លាញ​ព្រៃ​ឈើ​នៅ​តំបន់​អូរ​កាន នោះ មន្ត្រី​ជំនាញ​ព្រៃ​ឈើ​បាន​កសាង​សំណុំ​រឿង​ជូន​តុលាការ​មួយ​ចំនួន​ហើយ ក៏ប៉ុន្តែ សេចក្តី​រាយការណ៍​របស់​ប្រជាពលរដ្ឋ​ស្ដីពី​សកម្មភាព​កាប់​រាន​ព្រៃ​ឈើ​ថ្មី​នោះ លោក​នឹង​ចាត់​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​មើល​ថា តើ​សេចក្តី​រាយការណ៍​នេះ​មាន​មូលដ្ឋាន​ពិត ឬ​យ៉ាង​ណា?៖ «កំពុង​ទៅ​មើល ព្រោះ​រឿង​កាប់​ថ្មី​នេះ ទោះ​បី​គាត់​រត់​ចេញ​ក៏​ដោយ ក៏​អត់​រួច​ដែរ ព្រោះ​គេ​នៅ​កសាង​សំណុំ​រឿង​ទៅ​តុលាការ។ បើ​សិន​ណា​មាន​កាប់​មែន អាហ្នឹង​គេ​ដាក់​ទៅ​តុលាការ​ហើយ»
អ្នក​ឃ្លាំ​មើល​បញ្ហា​ព្រៃ​ឈើ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) លោក ប៉ែន ប៊ុណ្ណារ៍ មាន​ប្រសាសន៍​បញ្ជាក់​ការ​កាប់​រាន​ព្រៃ​ឈើ​នៅ​តំបន់​អូរ​កាន កើត​មាន​ច្រើន​ឆ្នាំ​រហូត​មក ក៏ប៉ុន្តែ មិន​ឃើញ​មាន​នរណា​ម្នាក់​ត្រូវ​បាន​ផ្ដន្ទាទោស​នោះ​ឡើយ។ លោក​បន្ត​ថា អ្នក​កាប់​រាន​ព្រៃឈើ​ភាគ​ច្រើន គឺ​ជា​អ្នក​មាន​អំណាច និង​អ្នក​មាន​ប្រាក់ ហើយ​សំណុំ​រឿង​កាប់​បំផ្លាញ​ព្រៃ​ឈើ​មួយ​ចំនួន តុលាការ​យឺត​យ៉ាវ​មិន​បាន​ចាត់​ការ៖ «យើង​ឃើញ​ថា មាន​បណ្ដឹង​ដល់​តុលាការ​ហើយ ប៉ុន្តែ​មក​ដល់​ពេល​នេះ មិន​ទាន់​ឃើញ​បណ្ដឹង​ណា​មួយ​ដែល​ត្រូវ​ស្ថាប័ន​យុត្តិធម៌​ចាត់​ការ​តាម​ផ្លូវ​ច្បាប់ ព្រោះ​វា​ជា​បទឧក្រិដ្ឋ។ ហើយ​ប្រសិន​គ្មាន​ការ​ផ្ដន្ទាទោស​ទេ ព្រៃ​ឈើ​នៅ​ខេត្ត​រតនគិរី នឹង​ត្រូវ​បាត់​បង់»
របាយការណ៍​អង្កេត​របស់​សមាគម​អាដហុក ខេត្ត​រតនគិរី ឲ្យ​ដឹង​ថា ចាប់​ពី​ឆ្នាំ​២០០៥ រហូត​បច្ចុប្បន្ន ព្រៃ​ឈើ​នៅ​តំបន់​អូរ​កាន ប្រមាណ​៣០០​ហិកតារ ត្រូវ​គេ​កាប់​រាន​ដើម្បី​យក​ដី៕

No comments:

Post a Comment

yes