សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 12, 2012

កម្មករ​ក្រុមហ៊ុន​ភាពីម៉ិច​ចោទ​មេការ​ចិន​ថា​កេងប្រវ័ញ្ច​ប្រាក់​ឈ្នួល


កម្មករ​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ការដ្ឋាន​២២.២ ត្រង់​ចំណុច​បាណក ស្ថិត​ក្នុង​ឃុំ​ឈើតុំ ជាច្រើន​នាក់​បាន​ប្រតិកម្ម​តវ៉ា​ចំពោះ​មេការ​ចិន ដែល​បាន​បង្ខំ​ឲ្យ​ពួក​គាត់​ធ្វើ​ការ​ហួស​ពី​កម្លាំង​ដែល​ពួក​គាត់​មាន ហើយ​មិន​ព្រម​បើក​លុយ​ឲ្យ​ពួក​គាត់ នៅ​ពេល​ដែល​ពួក​គាត់​សុំ​ឈប់។
អ្នកស្រី ឃ្លោក ម៉ៅ ជា​កម្មករ​ជម្រះ​ស្មៅ​តាម​រង​ដំឡូង​របស់​ក្រុមហ៊ុន​ភាពីម៉ិច នៅ​ការដ្ឋាន​២២.២ ត្រង់​ចំណុច​បាណក ក្រោយ​រោងចក្រ​ទី១០ របស់​ក្រុមហ៊ុន ស្ថិត​ក្នុង​ឃុំ​ឈើតុំ ស្រុក​ក្រគរ ខេត្ត​ពោធិ៍សាត់ បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​១១ កញ្ញា ថា ក្រុម​កម្មករ​ជាង​១០០​នាក់ ដែល​កំពុង​ធ្វើ​ការងារ​ជម្រះ​ស្មៅ​តាម​រង​ដំឡូង​កំពុង​រង​ការ​គាប​សង្កត់​យ៉ាង​ខ្លាំង ពី​មេការ​ចិន និង​មេការ​ខ្មែរ​ឈ្មោះ​សម្បត្តិ។
គាត់​បន្ត​ថា ក្នុង​១ថ្ងៃ គេ​ឲ្យ​ជម្រះ​ស្មៅ​រង​ដំឡូង​ប្រវែង​៣០០​ម៉ែត្រ បើ​ទទួល​បោច​វល្លិ​តោង​ដើម​ដំឡូង​ផង នោះ​គេ​បញ្ចុះ​ឲ្យ​៥០ម៉ែត្រ តែ​បើ​ធ្វើ​មិន​បាន​គ្រប់​ម៉ែត្រ​ទេ គឺ​ត្រូវ​កាត់​លុយ​ពាក់​កណ្ដាល៖ «ធ្វើ​បាប​កម្មករ​ម្ល៉េះ! បើ​ធ្វើ​១ថ្ងៃ​មិន​បាន​២៥០ម៉ែត្រ​ទេ គេ​ឲ្យ​តែ​កន្លះ​ថ្ងៃ​ទេ។ ហើយ​បើ​ធ្វើ​មិន​ស្អាត​ទេ កាត់​ថ្ងៃ​ទៀត។ អី​ក៏​វេទនា​ម្ល៉េះ​កម្មករ រក​លុយ​ទៅ​ផ្ទះ​ក៏​គ្មាន រក​លុយ​ទិញ​ម្ហូប​ក៏​គ្មាន គេ​អត់​ព្រម​បើក​លុយ​ឲ្យ​ទេ ខ្ញុំ​ធ្វើ​ការ​ប្រាំ​មួយ​ប្រាំ​ពីរ​ថ្ងៃ​នោះ»

ស្ត្រី​ឈ្មោះ ទឹម សុផល បញ្ជាក់​បន្ថែម​ថា មេការ​ការដ្ឋាន​នេះ​បាន​បោក​បញ្ឆោត​កម្មករ​ថា ក្នុង​មួយ​ថ្ងៃ​គេ​ជួល​២ម៉ឺន​រៀល លុះ​ពេល​កម្មករ​ធ្វើ​បាន​មួយ​អាទិត្យ គេ​ប្រាប់​ថា គេ​ឲ្យ​តែ​១ម៉ឺន​៥ពាន់​រៀល​វិញ។ លុះ​កម្មករ​មិន​ព្រម​ធ្វើ គេ​មិន​ព្រម​បើក​លុយ​ដែល​ធ្វើ​បាន​១អាទិត្យ​នោះ​ឲ្យ​ទេ៖ «កម្មករ​ពី​មុន​ជាង​២០០​នាក់ តែ​ឥឡូវ​គេ​ចេញ​ទៅ​អស់​ហើយ។ គេ​ហត់​នឿយ​ណាស់​ទ្រាំ​មិន​បាន​ទេ។ ដូច​ពួក​ខ្ញុំ ក៏​ចង់​ចេញ​ទៅ​ដែរ តែ​គេ​អត់​បើក​លុយ​ឲ្យ គេ​ថា​ធ្វើ​ការ​តែ​៧ ឬ​៨​ថ្ងៃ​នេះ គេ​អត់​បើក​ឲ្យ​ទេ ទាល់​តែ​គ្រប់​កន្លះ​ខែ ទើប​គេ​បើក​ឲ្យ។ ពី​ដំបូង គេ​សន្យា​ថា មួយ​ថ្ងៃ​២ម៉ឺន ដល់​ពេល​ធ្វើ​បាន​ជិត​មួយ​អាទិត្យ ស្រាប់​តែ​គេ​ត្រឡប់​ជា​ឲ្យ​តែ​១ម៉ឺន​៥ពាន់​វិញ ទើប​ពួក​ខ្ញុំ​មិន​ព្រម។ គេ​ថា បើ​មិន​ព្រម គេ​ក៏​មិន​បើក​លុយ​ដែល​យើង​ធ្វើ​បាន​កន្លង​មក​នោះ​ឲ្យ​ដែរ»
វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់​ទង​សុំ​ការ​បំភ្លឺ​ពី​មេការ​ចិន និង​មេការ​ខ្មែរ​ឈ្មោះ​សម្បត្តិ បាន​ទេ នៅ​ល្ងាច​ថ្ងៃ​ទី​១១ កញ្ញា។
យ៉ាង​នេះ​ក្ដី ប្រធាន​ក្រុម​កម្មករ​ឈ្មោះ តុង បាន​ពន្យល់​ចំពោះ​បញ្ហា​នេះ​ថា ជា​គោលការណ៍​របស់​ក្រុមហ៊ុន ទាល់​តែ​ធ្វើ​ការ​ចាប់​ពី​កន្លះ​ខែ (១៥ថ្ងៃ) ទើប​ក្រុមហ៊ុន​បើក​លុយ​ឲ្យ៖ «បើ​យើង​មិន​ជំរុញ គេ​ខាង​លើ​ក៏​រក​រឿង​យើង​ដែរ​បង! តែ​ខ្ញុំ​ធ្វើ​អី​ខ្ញុំ​មាន​ហេតុផល​របស់​ខ្ញុំ។ គាត់​ធ្វើ​អត់​គ្រប់​ថ្ងៃ​កំណត់ ក្រុមហ៊ុន​គេ​អត់​បើក​លុយ​ឲ្យ​ទេ»
ទាក់​ទិន​ចំពោះ​បញ្ហា​ការ​គាប​សង្កត់​កម្មករ​ពី​សំណាក់​មេការ​ក្រុមហ៊ុន​ភាពីម៉ិច នេះ អនុប្រធាន​មន្ទីរ​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ខេត្ត​ពោធិ៍សាត់ គឺ​លោក កុល ប៊ុនធឿន មាន​ប្រសាសន៍​ថា លោក​នឹង​លើក​យក​បញ្ហា​នេះ​ទៅ​ជម្រាប​ជូន​ក្រុម​ប្រឹក្សា​ខេត្ត ដែល​ទទួល​បន្ទុក​ការងារ​នេះ ដើម្បី​រក​ដំណោះ​ស្រាយ​ជូន​កម្មករ៖ «នេះ​យើង​មាន​តែ​អន្តរាគមន៍​ទៅ​ខាង​ខេត្ត​ទេ ព្រោះ​នៅ​ពោធិ៍សាត់ នេះ យើង​មាន​ក្រុម​ប្រឹក្សា​ខេត្ត​ម្នាក់​ទទួល​ខុស​ត្រូវ​រឿង​ក្រុមហ៊ុន​ភាពីម៉ិច នេះ។ អ៊ីចឹង មាន​តែ​រាយការណ៍​ទៅ​ឲ្យ​គាត់​ជួយ​អន្តរាគមន៍​ទេ។ កន្លង​មក បញ្ហា​ដូច​គ្នា​នេះ​បាន​កើត​ឡើង​ជាច្រើន​កន្លែង​នៅ​ក្នុង​ក្រុមហ៊ុន​ភាពីម៉ិច នេះ»
ប្រភព​ពី​កម្មករ បាន​ឲ្យ​ដឹង​ថា ក្នុង​ការដ្ឋាន​២២.២ ត្រង់​ចំណុច​បាណក ក្រុមហ៊ុន​ជួល​កម្មករ​ម៉ៅការ​ក្នុង​តម្លៃ​២ម៉ឺន​រៀល និង​អង្ករ​មួយ​គីឡូក្រាម​ក្នុង​មួយ​ថ្ងៃ តែ​មេការ​តែង​គាប​សង្កត់ និង​កេងប្រវ័ញ្ច​លើ​កម្មករ ដោយ​បើក​ប្រាក់ និង​អង្ករ​មិន​គ្រប់​ចំនួន​ឲ្យ​កម្មករ​ជាដើម។ ប្រភព​បាន​ឲ្យ​ដឹង​ទៀត​ថា នៅ​ការដ្ឋាន​ផ្សេង​ទៀត ក៏​មាន​បញ្ហា​ដូច​ការដ្ឋាន​២២.២ ត្រង់​ចំណុច​បាណក នេះ​ដែរ តែ​គេ​មិន​ដឹង​ប្រាប់​នរណា​ឲ្យ​ជួយ ទើប​ចេះ​តែ​នាំ​គ្នា​ទ្រាំៗ​ទៅ ព្រោះ​អាជ្ញាធរ​ដែនដី ភូមិ ឃុំ និង​ស្រុក មិន​អាច​ចូល​ក្នុង​ការដ្ឋាន​ក្រុមហ៊ុន​បាន​ទេ៕

No comments:

Post a Comment

yes