សមត្ថកិច្ចប៉ូលិសកំពុងតែពិនិត្យចោរប្លន់ម្នាក់ ដែលត្រូវពលរដ្ឋចាប់បាននិងព្រួតគ្នាវាយ
ភ្នំពេញៈ ចោរប្លន់២នាក់ ត្រូវបានស្លាប់ កាលពីព្រលប់ថ្ងៃចន្ទ បន្ទាប់ពីធ្វើសកម្មភាពបាញ់ប្លន់អាជីវករលក់មាសដូរលុយពីរនាក់ប្តីប្រពន្ធដល់ក្នុងផ្ទះ នៅក្នុងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ដែលបណ្តាលឲ្យរងរបួសអ្នកផ្ទះ២នាក់ ឯក្រុមចោរត្រូវម្ចាស់ផ្ទះបាញ់ត្រូវភ្លៅម្នាក់រត់មិនរួចហើយត្រូវពលរដ្ឋព័ទ្ធចាប់បាននិងវាយដំ ហើយបានស្លាប់ទាំងពីរនាក់។
ហេតុការណ៍ប្លន់ប្រដាប់អាវុធដែលបានកើតឡើងពីព្រលប់ថ្ងៃទី១០ ខែកញ្ញា នៅភូមិជម្ពូវ័ន សង្កាត់ចោមចៅនេះ លោក ប៊ន សំអាត អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ និងលោក ម៉ម ហោ មេប៉ុស្តិ៍នគរបាលសង្កាត់ចោមចៅ មិនអាចសុំសេចក្តីបំភ្លឺបានទេពីម្សិលមិញ ដោយលោក ប្រាប់ថា «កំពុងជាប់ប្រជុំ»។
ប៉ុន្តែ មន្ត្រីប៉ូលិសប៉ុស្តិ៍ចោមចៅម្នាក់សុំមិនបញ្ចេញឈ្មោះប្រាប់ឲ្យដឹងថា ជនរងគ្រោះជាប្តី ឈ្មោះ ហូ គឹមហ៊ុន អាយុ៣៣ឆ្នាំ រីឯប្រពន្ធឈ្មោះ ហែម ស្រីស្រស់ អាយុ២៨ឆ្នាំ អ្នកទាំងពីរលក់មាស និងដូរលុយនៅផ្សារត្រពាំងពោធិ៍ នៅជម្ពូវ័ន ជិតផ្ទះជនរងគ្រោះ។
ប៉ូលិសរូបនេះបន្តថា មុនកើតហេតុជនរងគ្រោះទាំង២នាក់ប្តីប្រពន្ធជិះម៉ូតូស្កូពីពណ៌លឿងឌុបគ្នាមកដល់មុខផ្ទះ ដោយមានក្មួយនិងប្អូនប្រុសជាអ្នកបើកទ្វារឲ្យស្រាប់តែភ្លាមនោះ ក្រុមចោរទាង២នាក់ បានចូលមកតាម លុះអ្នកទាំងពីរសួរនាំ ក្រុមចោរក៏ដកកាំភ្លើងបាញ់សំដៅអ្នកនៅជុំវិញតែម្តង។ តាមប៉ូលិសម្នាក់នេះថា៖«ក្រុមចោរបានបាញ់ត្រូវក្មួយប្រុសម្ចាស់ផ្ទះបាក់ភ្លៅ រីឯប្អូនប្រុសត្រូវគ្រាប់ចំស្មា។ រីឯចោរម្នាក់ប្លន់ម្នាក់ ដែលយកគ្រឿងអលង្ការពីស្ត្រីម្ចាស់ផ្ទះ ត្រូវបានម្ចាស់ផ្ទះប្រុសបាញ់ត្រូវបាក់ភ្លៅ រីឯចោរម្នាក់ទៀតត្រូវពលរដ្ឋចាប់បានព្រួតវាយ ដល់ស្លាប់ទាំងពីរនាក់ មុនពេលសមត្ថកិច្ចចុះទៅដល់។
ប៉ូលិសប៉ុស្តិ៍រូបនេះ ដែលចុះអង្កេតដល់កន្លែងកើតហេតុថា សមត្ថកិច្ចបានឆែកឃើញចោរមានអាវុធខ្លីកា៥៤ ចំនួន១ដើម គ្រាប់បែកដៃ៤គ្រាប់ និងស្លាកលេខម៉ូតូមួយទុកនៅក្នុងកែបម៉ូតូហុងដា ១២៥សេរី ឆ្នាំ២០០៥ រីឯសពចោរទាំង២ នាក់ ត្រូវនាំយកទៅដាក់នៅវត្តឫស្សីសាញ់ សង្កាត់ព្រៃស។
ខ្មោចចោរប្លន់ពីរនាក់នេះគ្មានអ្នកណាស្គាល់ទេ សមត្ថកិច្ចក៏មិនបញ្ជាក់ឲ្យដឹងដែរ៕
No comments:
Post a Comment
yes