សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, September 26, 2012

តើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស មាន​តម្លៃ​យ៉ាង​ដូចម្ដេច​សម្រាប់​កម្ពុជា?


អ្នក​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល ចាត់​ទុក​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ថា​ជា​មូលដ្ឋាន​គតិយុត្តិ ឬ​ជា​ប្រព័ន្ធ​ច្បាប់ ដែល​ធានា​ភាព​សុខ​សាន្ត ស្ថិរភាព​នយោបាយ​ផ្ទៃ​ក្នុង​ប្រទេស​កម្ពុជា និង​អាច​គ្រប​ដណ្ដប់​រាល់​កិច្ច​ព្រមព្រៀង​ទាំង​អស់​ដែល​កម្ពុជា​មាន​ជាមួយ​បរទេស ហើយ​បើ​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា​ដែល​ផ្ទុយ​ពី​ស្មារតី នៃ​ច្បាប់​នេះ ត្រូវ​ទុក​ជា​មោឃៈ។
នៅ​ក្នុង​ឧបសម្ពន្ធ​ទី៥ នៃ​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ស្ដីពី​កិច្ច​ព្រមព្រៀង​ទាក់​ទង​ទៅ​នឹង​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ភាព​មិន​អាច​រំលោភ​បាន នៃ​ដែន​ដី​អព្យាក្រឹត​ភាព និង​ឯកភាព​ជាតិ​កម្ពុជា មាត្រា​៥ ចែង​ថា ក្នុង​ករណី​មាន​ការ​រំលោភ ឬ​ការ​គំរាម​កំហែង​រំលោភ​លើ​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព និង​ការ​មិន​អាច​រំលោភ​បាន នៃ​ដែន​ដី អព្យាក្រឹត​ភាព ឬ​ឯកភាព​ជាតិ​នៃ​កម្ពុជា ឬ​ការ​ប្ដេជ្ញា​អនុវត្តន៍​ដទៃ​ទៀត​ណា​មួយ ក្នុង​កិច្ច​ព្រមព្រៀង​នេះ បណ្ដា​ភាគី​ក្នុង​កិច្ច​ព្រមព្រៀង​ទាំង​នេះ ពិគ្រោះ​ជា​បន្ទាន់ ដើម្បី​អនុម័ត​រាល់​វិធានការ​សមស្រប ដើម្បី​ធានា​ការ​គោរព​ដល់​ការ​ប្ដេជ្ញា​ចិត្ត​ទាំង​នេះ និង​ដោះស្រាយ​រាល់​ការ​រំលោភ​ទាំង​នោះ​តាម​មធ្យោបាយ​សន្តិវិធី។

លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នក​វិភាគ​ឯករាជ្យ លោក​មាន​ប្រសាសន៍​ថា កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ពុំ​មែន​មាន​ន័យ​ត្រឹម​តែ​ក្របខណ្ឌ​ច្បាប់​ដែល​ធានា​នូវ​ស្ថិរភាព​នយោបាយ​របស់​កម្ពុជា ប៉ុណ្ណោះ​ទេ។ លោក​បន្ត​ថា តែ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នេះ ក៏​ជា​ផ្នែក​មួយ​នៃ​ច្បាប់​អន្តរជាតិ​ផង​ដែរ ដែល​ធានា និង​ការពារ​អធិបតេយ្យ​ភាព​របស់​កម្ពុជា ចំពោះ​ការ​រំលោភ​បំពាន​ណា​មួយ​ពី​បរទេស។
លោក​បណ្ឌិត ឡៅ ម៉ុងហៃ៖ «សន្ធិសញ្ញា​ហ្នឹង គឺ​ដូច​ជា​មាត្រា១ ហើយ​ចំណុច១ ក្នុង​មាត្រា​ហ្នឹង គេ​និយាយ​អំពី​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហ្នឹង ដែល​ប៉ះពាល់​ទៅ​ដល់​អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​ហូរហែ​របស់​ប្រទេស​កម្ពុជា ហ្នឹង គឺ​ត្រូវ​ទុក​ជា​មោឃៈ លុប​ចោល​បាទ។ អីចេះ​ហើយ រដ្ឋធម្មនុញ្ញ​យើង​ក៏​បាន​ដក​ស្រង់​ចំណុច​ហ្នឹង​ដាក់​ក្នុង​មាត្រា១ នៅ​ក្នុង​រដ្ឋធម្មនុញ្ញ​យើង​ហ្នឹង»
លោក ជាម យៀប អ្នក​តំណាង​រាស្ត្រ​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា លោក​ហៅ​ការ​រិះគន់​របស់​បក្ស​ប្រឆាំង និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​នេះ​ថា គឺ​ជា​ស្នូល​នៃ​សង្គម​ប្រជាធិបតេយ្យ​ដ៏​ពិត​ប្រាកដ។ លោក​បន្ត​ថា កម្ពុជា​ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​គណបក្ស​ប្រជាជន ពុំ​ដែល​អនុវត្ត​ផ្ទុយ​ពី​ស្មារតី​សន្ធិសញ្ញា​ទីក្រុង​ប៉ារីស ម្ដង​ណា​នោះ​ទេ។
លោក ជាម យៀប៖ «អ្វី​ក៏ដោយ គឺ​ស្រប​ទៅ​តាម​រដ្ឋធម្មនុញ្ញ​ទាំង​អស់។ ហើយ​នឹង​គោរព​ទៅ​តាម​ខ្លឹមសារ នៃ​រដ្ឋធម្មនុញ្ញ​នេះ​ទាំង​ស្រុង។ យើង​ខ្ញុំ​គ្រាន់​តែ​សូម​ជម្រាប​ដល់​សាធារណជន ឲ្យ​បាន​ជ្រាប​ផង​ដែរ​ថា អា​រឿង​បញ្ហា​ព្រំដែន​នេះ គឺ​ជា​បញ្ហា​មួយ​ដ៏​ក្ដៅ​គគុក ហើយ​គណបក្ស​ប្រឆាំង​យក​ធ្វើ​ជា​មូលដ្ឋាន​សម្រាប់​ធ្វើ​ប្រជាភិថុតិ ដើម្បី​តែ​គណបក្ស​ខ្លួន​ជា​រៀង​រាល់​ពេល។ អីចឹង​ទេ ខ្ញុំ​គ្រាន់​តែ​យល់​ឃើញ​ថា រឿង​គណបក្ស​ដែល​កាន់​អំណាច​គ្មាន​អ្នក​ណា​មួយ​គេ​ចង់​ឲ្យ​ខុស​ឆ្គង​ទៅ​ឲ្យ​ប្រវត្តិសាស្ត្រ​ជេរ ឬ​ឲ្យ​អ្នក​ណា​ម្នាក់​ជាន់​ក្រោយ ពិសេស​គឺ​យុវជន​ជាន់​ក្រោយ​ហ្នឹង​ជេរ ឬ​ក៏​ត្មះ​តិះ​ដៀល​អំពី​ការ​ចាញ់​ល្បិច​យ៉ាង​ណាៗ​នោះ​ទេ»
ក៏ប៉ុន្តែ លោក កែម ឡី អ្នក​វិភាគ​សង្គម និង​ជា​អ្នក​ស្រាវជ្រាវ​ឯករាជ្យ​ជាន់​ខ្ពស់ នៃ​ក្រុម​អ្នក​ស្រាវជ្រាវ អេ.អរ.ធី (ART = Advanced Research Independent Team) លោក​យល់​ថា ការ​ទាម​ទារ ឬ​ការ​លប់​ចោល​សន្ធិសញ្ញា​ទាំង​ឡាយ​ណា ដែល​មិន​ស្រប​ទៅ​នឹង​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ទុក​ជា​និរាករណ៍​នោះ ទំនង​ជា​នឹង​មិន​អាច​ទៅ​រួច​នោះ​ឡើយ។ ក្នុង​ន័យ​នេះ លោក​អះអាង​ថា រាល់​សន្ធិសញ្ញា​ដែល​ផ្ដួច​ផ្ដើម​ឡើង រវាង​រដ្ឋាភិបាល​កម្ពុជា និង​សាធារណរដ្ឋ​សង្គម​និយម​វៀតណាម ឆ្នាំ​១៩៨២ និង​ឆ្នាំ​២០០៥ ស្ដីពី​តំបន់​កោះ គឺ​ធ្វើ​ឡើង​ក្រោម​សច្ចាប័ន​នៃ​រដ្ឋសភា​របស់​កម្ពុជា។ ហេតុ​នេះ អាច​រាប់​ថា​ជា​ផ្នែក​មួយ​នៃ​ដំណើរ​ស្រប​ច្បាប់ នៃ​សន្ធិសញ្ញា​ទាំង​នោះ ដែល​ជា​ឧបសគ្គ​ក្នុង​ការ​សើរើ ឬ​ទាម​ទារ​ឡើង​វិញ។
លោក កែម ឡី៖ «សិទ្ធិ​នៅ​ក្នុង​ការ​ទាម​ទារ​ផ្អែក​លើ​ប្រវត្តិសាស្ត្រ ផ្អែក​លើ​ការ​សិក្សា​ស្រាវជ្រាវ ផ្អែក​លើ​កិច្ច​ព្រមព្រៀង នៅ​តែ​មាន​អីចឹង។ ក៏ប៉ុន្តែ កិច្ច​ព្រមព្រៀង​របស់​យើង បើ​សិន​ជា​កិច្ច​ព្រមព្រៀង​ជា​ឯកតោ​ភាគី ឬ​មួយ​កិច្ច​ព្រមព្រៀង​នៅ​ក្នុង​អាណានិគម អា​ហ្នឹង យើង​នៅ​តែ​មាន​សិទ្ធិ​អីចឹង។ ប៉ុន្តែ កិច្ច​ព្រមព្រៀង ឬ​សន្ធិសញ្ញា​របស់​យើង មិន​មែន​ជា​ឯកតោ​ភាគី​ទេ គឺ​ទ្វេ​ភាគី​ទៅ​ហើយ។ ទ្វេ​ភាគី​ហ្នឹង បាន​ន័យ​ថា សភា​យើង និង​អង្គការ​នីតិប្រតិបត្តិ​ហ្នឹង បាន​អនុម័ត​ទៅ​ហើយ បាន​ផ្ដល់​សច្ចាប័ន​ទៅ​ហើយ។ អីចឹង ខ្ញុំ​គិត​ថា សិទ្ធិ​តវ៉ា​បាន​ន័យ​ថា​ចង្អៀត​ណាស់ បាន​ន័យ​ថា ដូច​ជា​បិទ​គម្លាត​ពេក​សិទ្ធិ​តវ៉ា អីចឹង​ព្រោះ​អី​វា​មិន​មែន​ព្រមព្រៀង​តែ​វៀតណាម មួយ​ណា»
ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​របស់​អ្នក​តំណាង​រាស្ត្រ​គណបក្ស​ប្រជាជន​កម្ពុជា លោក កឹម សុខា ប្រធាន​គណបក្ស សិទ្ធិ​មនុស្ស និង​ជា​អនុប្រធាន​នៃ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ហៅ​ការ​ថ្លែង​របស់​លោក ជាម យៀប នេះ​ថា គ្រាន់​តែ​ជា​ការ​ដោះ​សារ​តែ​ប៉ុណ្ណោះ។ លោក កឹម សុខា បន្ត​ថា អ្វី​ដែល​ជា​ការ​សោកស្ដាយ​នោះ គឺ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា តែង​សម្ងំ​ស្ងៀម​ចំពោះ​ការ​ហូរ​ចូល​នៃ​ពលរដ្ឋ​វៀតណាម លើ​ទឹក​ដី​កម្ពុជា ដោយ​ខុស​ច្បាប់ និង​ពុំ​ដែល​អនុវត្ត​ម្តង​ណា​សោះ​ចំពោះ​សន្ធិសញ្ញា​សន្តិភាព​ទីក្រុង​ប៉ារីស ថ្ងៃ​ទី២៣ ខែ​តុលា ឆ្នាំ​១៩៩១ ស្ដីពី​ឯកភាព​ជាតិ និង​អធិបតេយ្យ​ភាព​ដែន​ដី​របស់​កម្ពុជា នោះ។
លោក កឹម សុខា៖ «ជន​អន្តោប្រវេសន៍​ខុស​ច្បាប់ ជាពិសេស យួន​ដែល​មក​ស្រុក​ខ្មែរ​រាប់​ពាន់​រាប់​ម៉ឺន​រាប់​សែន​រាប់​លាន​នាក់ ដែល​គេ​ដឹង​គ្រប់​គ្នា ដែល​ឃើញ​គណបក្ស​ប្រជាជន​ចាប់​យួន​ណា​ម្នាក់​បញ្ជូន​ទៅ​ស្រុក​វិញ ឬ​អនុវត្ត​ច្បាប់​អន្តោប្រវេសន៍​ហ្នឹង​ដែរ​អត់ គឺ​គេ​អត់​ដែល​ឃើញ​សោះ។ សៀម​មក ៧នាក់ យើង​ឃើញ​គាត់​អនុវត្ត​ច្បាប់​ហ្នឹង​មែន យើង​អបអរ​សាទរ។ ប៉ុន្តែ យួន​មក​គាត់​អត់​ដែល​មាន​បញ្ជូន​ទៅ​វិញ​ទេ។ អា​នេះ ជា​ចំណុច​ខ្សោយ​របស់​គណបក្ស​ប្រជាជន​ធំ​ជាង​គេ​បំផុត ដែល​ធ្វើ​ឲ្យ​ប្រជារាស្ត្រ​អត់​មាន​ជំនឿ​លើ​គណបក្ស​ប្រជាជន ថា​អាច​ធានា​នូវ​អធិបតេយ្យ​ភាព បូរណភាព​ទឹកដី​បាន»
ក្រុម​អង្គការ​សង្គម​ស៊ីវិល​ដែល​ឃ្លាំ​មើល​ការ​វិវត្ត​ស្ថានការណ៍​សង្គម គិត​ថា ប្រសិន​បើ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នៅ​តែ​ខក​ខាន​អនុវត្ត​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គេ​គិត​ថា ការ​បាត់​បង់​ទឹក​ដី​ទៅ​ប្រទេស​ជិត​ខាង និង​ជន​អន្តោប្រវេសន៍​វៀតណាម កាន់​តែ​មាន​កំណើន​កើន​ឡើង​ដោយ​ខុស​ច្បាប់ គឺ​ជា​ផ្នែក​មួយ​ដែល​អាច​ជា​ការ​ប្រឈម​សម្រាប់​កម្ពុជា នៅ​ថ្ងៃ​ខាង​មុខ។
ចំណែក​ទស្សនាវដ្ដី​ឈ្មោះ អេទុត កាំប៊ូហ្សែន (Etude Cambodgiene) របស់​លោក ស្ហាល ម៉េយយ៉េ (Charles Meyer) ដែល​ត្រូវ​បាន​ក្រសួង​ឃោសនាការ​ជាតិ​បោះ​ពុម្ព ស្ដីពី​ការ​ទំនាក់​ទំនង​ខ្មែរ-វៀតណាម ហើយ​ត្រូវ​បាន​អ្នក​និពន្ធ​សៀវភៅ​ឈ្មោះ​ថា​ដំណើរ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច និង​ឥណ្ឌូចិន ក្នុង​ឆ្នាំ​២០០០ របស់​លោក នួន ឃឿន យក​មក​ចុះ​ផ្សាយ​បន្ត និយាយ​ថា វត្តមាន​ជន​ជាតិ​វៀតណាម នៅ​លើ​ទឹក​ដី​ខ្មែរ គឺ​ជា​គ្រោះថ្នាក់​ខាង​ផ្លូវ​នយោបាយ ហើយ​ផល​វិបាក​នៃ​ហេតុការណ៍​នេះ បាន​លេច​ធ្លោ​រួច​មក​ហើយ​នៅ​តំបន់​មួយ​ចំនួន។
ឯកសារ​បន្ត​ថា ជន​ជាតិ​វៀតណាម ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទិស​ខាង​លិច​នេះ​ជា​ហូរហែ តាម​ជួរ​ភ្នំ​អណ្ណាម ហើយ​ក្នុង​ដំណើរ​នេះ ដែល​មាន​អាយុ​ច្រើន​ទសវត្ស បាន​លេប​បាត់​ទៅ​ហើយ​នូវ​នគរ​ចម្ប៉ា ព្រម​ទាំង​ដែន​ដី​កម្ពុជា​ក្រោម នៅ​ដើម​ទសវត្សរ៍​ទី១៩ ក្នុង​ឆ្នាំ​១៨៤០។ ឯកសារ​បន្ត​ទៀត​ថា ជន​ជាតិ​វៀតណាម គឺ​ជាតិ​សាសន៍​មួយ​ដែល​ចូល​ចិត្ត​រស់​នៅ​លើ​វាល​ទំនាប ដូច​ជា​ប្រទេស​កម្ពុជា ដែល​មាន​ដែន​ដី​សណ្ដ នៃ​ទន្លេ​មេគង្គ។ ចំណែក​ប្រទេស​ឡាវ ជា​ដី​ភ្នំ​ពុំ​មែន​ជា​ជម្រើស​សម្រាប់​ជន​ជាតិ​វៀតណាម នោះ​ទេ។
ក៏​ប៉ុន្តែ លោក ជាម យៀប សមាជិក​អចិន្ត្រៃយ៍​នៃ​រដ្ឋសភា អះអាង​ថា រដ្ឋាភិបាល​ក្រោម​ការ​ដឹកនាំ​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន តែង​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា និង​ច្បាប់​អន្តោប្រវេសន៍។
ចំណែក​លោក រ៉ុង ឈុន សមាជិក​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​កម្ពុជា លោក​គិត​ថា រដ្ឋាភិបាល​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន ពិត​ជា​មិន​ទាន់​ឆ្លើយ​តប​ទៅ​តាម​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស នៅ​ឡើយ​ទេ ដូច​ជា​ការ​បន្ត​កើន​ឡើង​នៃ​ជន​ជាតិ​វៀតណាម ខុស​ច្បាប់​មក​កម្ពុជា និង​ការ​បាត់​បង់​ទៅ​នៃ​អធិបតេយ្យ​ភាព​របស់​កម្ពុជា ទាំង​ដី​គោក និង​ដែន​សមុទ្រ។
លោក រ៉ុង ឈុន៖ «ខ្លឹមសារ​នៃ​កិច្ច​ព្រមព្រៀង​ហ្នឹង វា​មាន​តម្លៃ​សម្រាប់​កម្ពុជា​យើង ដែល​យើង​មិន​អាច​ដាក់​តម្លៃ​បាន។ កម្ពុជា​យើង​មាន​ការ​រៀបចំ​ការ​បោះ​ឆ្នោត​នៅ​ឆ្នាំ​៩៣ ហ្នឹង ក៏​ដោយ​សារ​កិច្ច​ព្រមព្រៀង ការ​ពាំនាំ​ពន្លក​លទ្ធិប្រជាធិបតេយ្យ​មក​កម្ពុជា​យើង ក៏​ដោយ​សារ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ថ្ងៃ​២៣ តុលា ៩១ ហ្នឹង​ផង​ដែរ។ ហើយ​ជា​ពិសេស កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ហ្នឹង បាន​ចង្អុល​បង្ហាញ​ឲ្យ​និរាករណ៍​ចោល​រាល់​សន្ធិសញ្ញា​ទាំង​ឡាយ ដែល​ផ្ទុយ​ទៅ​នឹង​ស្មារតី​នៃ​កិច្ច​ព្រមព្រៀង​ថ្ងៃ​២៣ តុលា ហ្នឹង»
លោក រ៉ុង ឈុន គិត​ថា ដី​គោក ឬ​ដែន​សមុទ្រ​ដែល​បាត់​បង់​ទៅ​មុន​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ឆ្នាំ​១៩៩១ នោះ គេ​នៅ​តែ​អាច​ទាម​ទារ​បាន​ឡើង​វិញ ប្រសិន​បើ​គេ​ប្រើប្រាស់​ឧបករណ៍​ច្បាប់ ឬ​យន្តការ​ស្ដីពី​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស ធ្វើ​ជា​មូលដ្ឋាន​នោះ។
ទោះ​ជា​បែប​ណា​សម្រាប់​កិច្ច​ព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស ស្ដីពី​កម្ពុជា នៅ​ក្នុង​ឧបសម្ពន្ធ​ទី៥ ចែង​ថា សន្ធិសញ្ញា​ទីក្រុង​ប៉ារីស អាច​បញ្ចប់​សន្ធិសញ្ញា និង​កិច្ច​ព្រមព្រៀង​ទាំង​ឡាយ​ណា​ដែល​មិន​ស្រប​ទៅ​នឹង​អធិបតេយ្យ​ភាព ឯករាជ្យ បូរណភាព ភាព​មិន​អាច​រំលោភ​បាន​នៃ​ដែនដី អព្យាក្រិត​ភាព និង​ឯកភាព​ជាតិ​របស់​កម្ពុជា៕

No comments:

Post a Comment

yes