សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, September 17, 2012

ប្រជាពលរដ្ឋ​ក្នុង​សង្កាត់​សៀមរាប​ដែល​រស់នៅ​សងខាង​ស្ទឹង​រង​ការ​លិចលង់​បន្ទាប់​ពី​ភ្លៀង​ធ្លាក់​ផ្ទួនៗ​


​ខេត្ត​សៀម​រាម​ ៖​ ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​ចំនួន​៤​ នៃ​ទីក្រុង​ទេសចរណ៍​សៀមរាប​–​អង្គរ​ បាន​សម្តែង​ការ​ព្រួយបារម្ភ​ជា​ខ្លាំង​អំពី​ទឹកជំនន់​ដែល​អាច​កើត​ឡើងជា​ថ្មី​ បន្ទាប់​ពី​មាន​ភ្លៀង​ធ្លាក់​មក​ ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​ បណ្តាល​ឲ្យ​កំពស់​ទឹកស្ទឹង​ដែល​ហូរ​កាត់​ទីក្រុង​នេះ​កើន​ឡើងជា​លំដាប់​។​
​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​សង្កាត់​សាលា​កំរើក​ សង្កាត់​ស្ល​ក្រាម​ សង្កាត់​ជ្រាវ​ និង​សង្កាត់​សៀមរាប​ ដែល​សង្កាត់​ទាំង​៤​នេះ​ តែងតែ​ទទួល​នូវ​ការ​លិចលង់​ពី​ទឹកជំនន់​នៃ​ស្ទឹង​សៀមរាប​នោះ​ បាន​ថ្លែង​ប្រហាក់ប្រហែល​គ្នា​ថា​ ឆ្នាំ​នេះ​ប្រហែលជា​មិន​ខុស​ពី​ឆ្នាំ​២០១១​កន្លង​ទៅ​នោះ​ទេ​ ព្រោះ​ទឹកស្ទឹង​សៀមរាប​ បាន​កើន​ឡើងជា​បន្តបន្ទាប់​ ក្រោយ​ពី​មាន​ភ្លៀង​ធ្លាក់​មក​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​។​ ពួក​គាត់​និយាយ​ថា​ កាលពី​ឆ្នាំ​២០១១​ ជំនន់​ទឹកស្ទឹង​សៀមរាប​ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ជីវភាព​របស់​ពួក​គាត់​ ហើយ​ឥលូវ​ទឹកស្ទឹង​ចេះ​តែ​កើន​ទៀត​ ខណៈ​ដែល​ភ្លៀង​ក៏​បន្ត​ធ្លាក់​មិន​ឈប់​សោះ​។​
​ពាក់ព័ន្ធ​នឹង​ការ​ព្រួយបារម្ភ​របស់​ប្រជាពលរដ្ឋ​នេះ​ ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧត្តុនិយម​ខេត្តសៀមរាប​លោក​នួន​ គ្រិះ​ស្នា​ បាន​ថ្លែងប្រាប់​អ្នកកាសែត​តាម​ទូរស័ព្ទ​ថា​ ការ​ធ្លាក់​ភ្លៀង​ប៉ុន្មាន​ថ្ងៃនេះ​ ដោយសារ​តែ​កម្ពុជា​ទទួល​ឥទ្ធិពល​ប្រ​ព​ន្ធ័​សម្ពាធ​ទាប​ ហើយ​ឥទ្ធិពល​នេះ​ទំនងជា​អាច​អូស​បន្លាយ​ដល់​ទៅ​មួ​យស​ប្តា​ហ៍​ទៀត​។​ លោក​បន្ត​ថា​ ប៉ុន្តែ​បើ​ទោះជា​យ៉ាងនេះ​ក្តី​បើ​តាម​ការ​ព្យាករណ៍​ កំពស់​ទឹកភ្លៀង​នៅ​សៀមរាប​មិន​ទាន់​ ដល់​កម្រិត​ប្រកាស​អាសន្ន​អំពី​ទឹកជំនន់​នៅឡើយ​ទេ​។​ លោក​បន្ត​ថា​ កំពស់​ទឹកស្ទឹង​សៀមរាប​នៅ​សល់​កន្លះ​ម៉ែត្រ​ទៀត​ទើប​ដល់​កំរិត​ប្រកាស​អាសន្ន​។​

​បើ​ទោះជា​យ៉ាងនេះ​ក្តី​ លោក​នួន​ គ្រិះ​ស្នា​ បាន​ឲ្យ​ដឹង​ថា​ ទឹកស្ទឹង​សៀមរាប​ ក៏​អាច​ជន់​លិច​ទីក្រុង​ នេះ​បាន​ដែរ​ប្រសិនបើ​ ភ្លៀង​បន្ត​ធ្លាក់​ខ្លាំង​ទាំង​នៅ​ក្នុង​ខេត្តសៀមរាប​ និង​ប៉ែក​ខាងលើ​នៃ​ខេត្ត​នេះ​។​ ប៉ុន្តែ​បើប្រសិន​បើ​មានការ​លិចលង់​ក៏​មិន​ខ្លាំង​ដូច​ឆ្នាំ​២០១១​ដែរ​ ព្រោះ​ឆ្នាំ​នេះ​អាច​បញ្ជៀ​ស​ទឹកបាន​ខ្លះ​ដោយសារ​តែ​ អាជ្ញាធរ​បាន​ស្តារ​ប្រលាយ​ជា​ច្រើន​ខ្សែរ​នៅ​ផ្នែក​ខាងលើ​ដោយ​ភាគ​ខាងកើត​ទម្លាក់​ទឹក​ទៅ​ស្ទឹង​រលួស​  ក្នុងស្រុក​ប្រាសាទបាគង​ និង​ខាងលិច​ទម្លាក់​ទៅ​ស្ទឹង​ក្នុងស្រុក​ពួក​ ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​បុក​គំហក់​មក​តែ​ស្ទឹង​សៀមរាប​មួយ​។​
​គួរ​បញ្ជាក់​ថា​ កាលពី​ចុងឆ្នាំ​២០១១​កន្លង​ទៅ​ ទីក្រុង​ទេសចរណ៍​សៀមរាប​–​អង្គរ​ ត្រូវ​បាន​ជំនន់​នៃ​ទឹកស្ទឹង​សៀមរាប​ វាយ​លក់​ផ្ទួនៗ​ បណ្តាល​ឲ្យ​ខូចខាត​ហេដ្ឋារចនាសម្ព័ន្ធ​នានា​ក្នុង​ខេត្ត​អស់​ជា​ច្រើន​ ជា​ពិសេស​ ផ្លូវ​គម​នា​គម​ និង​កសិផល​របស់​ប្រជាពលរដ្ឋ​៕

No comments:

Post a Comment

yes