ទាក់ទងរឿងដំណើរការបើកសវនាការកាត់ទោសលោក ម៉ម សូណង់ដូ នេះដែរ មន្ត្រីរដ្ឋាភិបាលបានប្រតិកម្មទៅនឹងការអធិប្បាយរបស់មន្ត្រីបក្សប្រឆាំង ដែលបានអះអាងថា សវនាការនេះធ្វើឡើងបិទទ្វារ ហើយតុលាការបានហាមសាធារណជន និងអ្នកសង្កេតការណ៍ចូលស្ដាប់សវនាការនោះ។
ប្រធានអ្នកនាំពាក្យអង្គភាពប្រតិកម្មរហ័សនៃទីស្ដីការគណៈរដ្ឋមន្ត្រី លោក កែវ រ៉េមី បានឆ្លើយតបទៅនឹងការអះអាងរបស់លោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី នៅថ្ងៃទី១២ កញ្ញា ថា ពាក្យដែលលោក សុន ឆ័យ ថា សាលាដំបូងរាជធានីភ្នំពេញ ហាមសាធារណជនចូលស្ដាប់សវនាការនោះថា ជារឿងមិនពិត។
លោក កែវ រ៉េមី បានថ្លែងការពារថា សាលាដំបូងរាជធានីភ្នំពេញ បានបើកឲ្យមន្ត្រី និងអ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ រួមទាំងមន្ត្រីអង្គការសហប្រជាជាតិ រួមទាំងមន្ត្រីបក្ស សម រង្ស៊ី ចូលរួមស្ដាប់ និងសង្កេតការណ៍ដូចធម្មតា។ ក៏ប៉ុន្តែ លោកបានទទួលស្គាល់ថា តុលាការហាមអ្នកគាំទ្រលោក ម៉ម សូណង់ដូ ចូលក្នុងតុលាការមែន ព្រោះដោយសារហេតុផលខ្លាចអ្នកគាំទ្រដែលមានចំនួនប្រហែលមួយពាន់នាក់នោះ ឆាឆៅដំណើរការកាត់ក្ដីនោះ។
លោក កែវ រ៉េមី៖ «អ៊ីចឹង គាត់ចេញមកក្រៅ គាត់ថា តុលាការហាមគាត់មិនឲ្យចូលនេះជារឿងបំភ្លៃ ហើយកុហកសុទ្ធសាធ។ ខ្ញុំមិនដឹងថា តើគាត់កុហកមានបំណងអីទេ។ ហើយទី២ទៀត យើងធ្វើការស្រាវជ្រាវថាសាល (បន្ទប់) សវនាការហ្នឹងអាចដាក់បានតែ៤០នាក់ទេ។ ហើយអ៊ីចឹង គាត់ចង់ឲ្យប្រជាជនចូលរួមពី៤០០ទៅ៥០០នាក់ ហើយចូលទៅអង្គុយនៅឯណា។ ចំណុចទី៣ ឃើញថា ប្រជាជនដែលចង់ចូលទៅហ្នឹង មិនមែនចូលទៅស្ដាប់ទេ គឺគាត់យកមីក្រូ យកបដានឹងទៅស្រែកនៅខាងក្នុងហ្នឹង។ អ៊ីចឹង យើងដឹងហើយថា បើសិនគាត់ចូលដាក់មីក្រូស្រែកអ៊ីចឹង តើចៅក្រមអាចធ្វើការកាត់ក្ដីយ៉ាងម៉េច»។
ប្រតិកម្មនេះធ្វើឡើងមួយថ្ងៃក្រោយពេលលោក សុន ឆ័យ អ្នកតំណាងរាស្ត្រគណបក្ស សម រង្ស៊ី បានថ្លែងប្រាប់អ្នកកាសែតនៅក្រោយសវនាការកាត់ក្ដីលោក ម៉ម សូណង់ដូ នៅសាលាដំបូងរាជធានីភ្នំពេញថ្ងៃទី១១ កញ្ញា ថា តុលាការបានរឹតត្បិតមិនឲ្យប្រជាពលរដ្ឋ និងអ្នកសង្កេតការណ៍ រួមទាំងមន្ត្រីបក្សប្រឆាំង ចូលរួមសវនាការនោះ។
លោក ម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចាប់ផ្ដើមជំនុំជម្រះក្ដី ពីបទចូលរួមចលនាបះបោរ ញុះញង់ប្រជាពលរដ្ឋឲ្យកាន់អាវុធប្រឆាំងអាជ្ញាធរខុសច្បាប់ ប្រឆាំងរាជការសាធារណៈ និងបទជ្រៀតជ្រែកខុសច្បាប់ ក្នុងការបំពេញមុខងារសាធារណៈ។ ក៏ប៉ុន្តែ លោក ម៉ម សូណង់ដូ ដែលជាប្រធានសមាគមអ្នកប្រជាធិបតេយ្យដែរនោះ បានបដិសេធការចោទប្រកាន់នេះ៕
No comments:
Post a Comment
yes