តាកែវៈ ក្មេងប្រុសអាយុ១៣ឆ្នាំម្នាក់ ត្រូវរថភ្លើងមួយខ្សែបុកអូសចម្ងាយជាង៦រយម៉ែត្របណ្តាលឲ្យរងរបួស ធ្ងន់ បាក់ជើង និងរយះពោះ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យក្នុងរាជធានីភំ្នពេញ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្លូវរថភ្លើងព្រហូត សង្កាត់រកាក្រៅក្រុងដូនកែវ។
លោក កប សុខុម អធិការរងនគរបាលក្រុងដូនកែវ បានបញ្ជាក់ឲ្យដឹងថា៖ «ក្មេងរងគ្រោះត្រូវរថភ្លើងបុកអូសជាង៦រយម៉ែត្រ ដោយសារតែរងរបួសធ្ងន់ពេក ពេលនេះបានបញ្ជូនទៅសង្គ្រោះនៅភំ្នពេញហើយ»។
លោក កប សុខុម បានប្រាប់ឱ្យដឹងថា ក្មេងប្រុសរងគ្រោះក្នុងហេតុការណ៍ដ៏កម្រខាងលើនេះ មានឈ្មោះ យង់ ក្រឹម អាយុ១៣ ឆ្នាំ រស់នៅភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ហើយត្រូវបានរថភ្លើងមួយខ្សែដែលឆ្លងកាត់ភូមិនោះ បើកបុកអូសទៅចម្ងាយ ៦៦៥ ម៉ែត្រ កាលពីម៉ោង៥និង៣០នាទីល្ងាច ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្លូវរថភ្លើងព្រហូត សង្កាត់រកាក្រៅ ក្រុងដូនកែវ។ យង់ ក្រឹម បានរងគ្រោះបាក់ជើងនិងរយះពោះ ខណៈដែលក្មេងរងគ្រោះរូបនេះទៅឃ្វាលគោ ហើយបានដេកលក់នៅលើផ្លូវរថភ្លើង ហើយនៅពេលរថភ្លើងបើកមកដល់ ក៏បុកអូសនាំទៅជាមួយ បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរបែបនេះ។
លោកអធិការរងបានបន្តថា រថភ្លើងបើកបរមកពីខាងជើងឆ្ពោះទៅត្បូង លុះមកដល់កន្លែងកើតហេតុ ក៏បានបុកក្មេងរងគ្រោះដែលកំពុងតែដេកលក់នៅលើផ្លូវ អូសកៀរទៅជាមួយ រហូតជាង៦០០ ម៉ែត្រទើបចាប់ហ្វ្រាំងឈប់បាន ហើយភ្លាមៗនោះ គេក៏បានបញ្ជូនជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក ខេត្ដតាកែវ ប៉ុន្ដែ ដោយសារតែស្ថានភាពរបួសរបស់ក្មេងរងគ្រោះធ្ងន់ធ្ងរពេក គ្រូពេទ្យក៏បានសម្រេចបញ្ជូនបន្តទៅរកការសង្គ្រោះនៅមន្ទីរពេទ្យ នៅឯរាជធានីភំ្នពេញវិញ ដែលមកដល់ពេលនេះនៅមិនទាន់ដឹងពីស្ថានភាពរបស់គេនៅឡើយ។
ខាងក្រុមហ៊ុនរថភ្លើង និងក្រុមគ្រួសារក្មេងរងគ្រោះ មិនអាចទាក់ទងសុំការបំភ្លឺបានទេ កាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment
yes