សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Sunday, October 21, 2012

គ្រូ​បង្រៀន​ត្រូវ​ការ​សិទ្ធិ​បង្កើត​សហជីព


ការ​បង្កើត​សហជីព​សម្រាប់​គ្រូបង្រៀន​នៅ​កម្ពុជា ជា​កត្តា​សំខាន់​នៅ​ក្នុង​សង្គម​កម្ពុជា​បច្ចុប្បន្ន ប៉ុន្តែ​បញ្ហា​នេះ​នៅ​តែ​ជា​បញ្ហា​ចោទ​នៅ​ឡើយ​ចំពោះ​គ្រូបង្រៀន។
RFA/Tin Zakariya
៨-មេសា-២០១២៖ លោក រ៉ុង ឈុន ប្រធាន​សហភាព​សហជីព​កម្ពុជា និង​ជា​ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ ផ្ដល់​បទ​សម្ភាសន៍ នៅ​ការិយាល័យ​របស់​លោក។
ក្រុម​អ្នក​ធ្វើការ​លើក​ស្ទួយ​វិស័យ​អប់រំ បាន​លើក​ឡើង​ថា គ្រូបង្រៀន​នៅ​មាន​បញ្ហា​ជា​ច្រើន​ដែល​ពួកគេ​ពុំ​មាន​សិទ្ធិ​បង្កើត​ជា​សហជីព។ ឯកសារ​ចែក​ផ្សាយ​ដោយ​សមាគម​គ្រូ​បង្រៀន បាន​សរសេរ​ថា គ្រូបង្រៀន​ម្នាក់ៗ ឬ​សហជីព​គ្រូ​បង្រៀន ពុំ​មាន​សិទ្ធិ​អំណាច​ក្នុង​ការ​ពិភាក្សា​ជា​លក្ខណៈ​ស្ថាបនា​ជាមួយ​ក្រសួង​អប់រំ​យុវជន និង​កីឡា លើ​ការ​កែទម្រង់​គោលនយោបាយ និង​ធានា​ថា វិធានការ​ចាំបាច់​ត្រូវ​បាន​អនុវត្ត​ដើម្បី​លើក​កម្ពស់​គុណភាព​នៃ​ប្រព័ន្ធ​អប់រំ​កម្ពុជា​ឡើយ។
ទាក់ទង​បញ្ហា​នេះ ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ ហៅ​កាត់​ថា ស៊ីតា (CITA) លោក រ៉ុង ឈុន មាន​ប្រសាសន៍​ថា គ្រូបង្រៀន​ត្រូវ​ការ​សិទ្ធិ​បង្កើត​សហជីព៖ «គេ​កត់​សម្គាល់​ថា ប្រទេស​មួយ​ដែល​អាច​រីក​ចម្រើន​ទៅ​បាន​វា​អាស្រ័យ​ទៅ​លើ​គុណភាព​នៃ​ការ​អប់រំ ហើយ​គុណភាព​នៃ​ការ​អប់រំ​គឺ​អាស្រ័យ​ទៅ​លើ​គ្រូបង្រៀន​ហ្នឹង​ហើយ។ គ្រូបង្រៀន​គេ​ចាត់​ទុក​ដូច​ជា សហគ្រាស​អ្នក​ផលិត​ធនធាន​មនុស្ស។ ចង់​ឲ្យ​ក្រសួង​អប់រំ ក៏​ដូច​ជា​រដ្ឋាភិបាល​ត្រូវ​ធ្វើ​យ៉ាង​ណា​ដើម្បី​ដំឡើង​ប្រាក់​ខែ​ទាប​បំផុត ១​លាន​រៀល ហើយ​ផ្ដល់​សិទ្ធិ​ជូន​គ្រូបង្រៀន​លក្ខខណ្ឌ​ការងារ​ត្រូវ​ប្រសើរ ជា​ពិសេស​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព និង​ការ​ចរចា​ជា​សមូហភាព»

មន្ត្រី​រាជការ​ក៏​មាន​ច្បាប់​១​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល ឆ្នាំ​១៩៩៤ ដែល​ក្នុង​ច្បាប់​នោះ​អាច​ឲ្យ​ក្រសួង​មន្ទីរ​នានា អាច​បង្កើត​សមាគម​បាន​ដែរ។ ប៉ុន្តែ​លោក រ៉ុង ឈុន នៅ​តែ​អះអាង​ថា ថ្វី​បើ​មាន​ច្បាប់​ស្ដីពី​សហ​លក្ខន្តិកៈ​មន្ត្រី​រាជការ​ស៊ីវិល​ក្ដី ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​​លក្ខន្តិកៈ​មន្ត្រី​រាជការ​នោះ ក៏​មាន​មាត្រា​មួយ បាន​ចង្អុល​បង្ហាញ​យ៉ាង​ច្បាស់​ថា មន្ត្រី​រាជការ គ្រូបង្រៀន​ក៏​នៅ​តែ​មាន​សិទ្ធិ​បង្កើត​សមាគម ប៉ុន្តែ​នៅ​ក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ និង​អនុសញ្ញា​អាយ​អ៊ិល​អូ (ILO) ក៏​បាន​ផ្ដល់​សិទ្ធិ​ដល់​មន្ត្រី​រាជការ​គ្រូ​បង្រៀន អាច​បង្កើត​សហជីព​បាន។
លោក រ៉ុង ឈុន បាន​បញ្ជាក់​បន្ថែម​ថា សហជីព​មាន​ឥទ្ធិពល​ដល់​គ្រូ​បង្រៀន និង​មន្ត្រី​រាជការ៖ «សហជីព​យើង​ឃើញ​ទូលំទូលាយ​ជាង​សមាគម បាន​ផ្ដល់​សិទ្ធិ សហជីព​មាន​សិទ្ធិ​ចរចា​ជា​សមូហភាព និង​សរសេរ​អនុសញ្ញា​រួម ឬ​កិច្ច​ព្រមព្រៀង​ផ្សេងៗ។ រដ្ឋាភិបាល​ត្រូវ​តែ​គោរព​អ្វី​ដែល​មាន​ចែង​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ ក៏​ដូច​ជា​អ្វី​ដែល​បាន​កំណត់​នៅ​ក្នុង​អនុសញ្ញា​អាយ​អ៊ិល​អូ ពីព្រោះ​កម្ពុជា ​ក៏​បាន​ផ្ដល់​សច្ចាប័ន​ទៅ​ដល់​អនុសញ្ញា​អាយ​អ៊ិល​អូ ស្ដីពី​សេរីភាព​សមាគម​សហជីព​ដល់​គ្រូបង្រៀន​មន្ត្រី​រាជការ ហើយ​បើ​យើង​បាន​តាក់តែង​ច្បាប់​ស្ដីពី​សហជីព​ហើយ រឿង​អី​ដែល​យើង​មិន​ឲ្យ​គ្រប​ដណ្ដប់​ទៅ​លើ​មន្ត្រី​រាជការ​ស៊ីវិល​ឲ្យ​គាត់​មាន​សិទ្ធិ​បង្កើត​សហជីព​ផង​នោះ»
នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​ច្បាប់​ស្ដីពី​សហជីព​របស់​រដ្ឋាភិបាល​នោះ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហជីព ក៏​បាន​ស្នើ​ទៅ​រដ្ឋាភិបាល​ឲ្យ​ធ្វើការ​កែ​លម្អ​នូវ​ចំណុច​មួយ​ចំនួន​នៅ​ក្នុង​សេចក្ដី​ព្រាង​ច្បាប់​សហជីព​នោះ​ដែរ។ ការ​ទាមទារ​ឲ្យ​កែលំអ​នោះ​ដោយសារ​ពួកគេ​យល់​ឃើញ​ថា វិសាលភាព​នៃ​ច្បាប់​ស្ដីពី​សហជីព​នេះ​មិន​បាន​គ្រប​ដណ្ដប់​ទៅ​លើ​មន្ត្រី​រាជការ​គ្រូបង្រៀន ឲ្យ​ស្រប​ទៅ​នឹង​រដ្ឋធម្មនុញ្ញ និង​ស្រប​ទៅ​នឹង​អនុសញ្ញា ILO ដែល​បាន​ធានា​ដល់​សិទ្ធិ​គ្រូ​បង្រៀន និង​មន្ត្រី​រាជការ ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ក្នុង​ការ​បង្កើត​សហជីព​នោះ​ឡើយ។
នៅ​ក្នុង​ទិវា​គ្រូបង្រៀន​ពិភពលោក​កាល​ពី​ថ្ងៃ​ទី​៥ តុលា នៅ​ឯ​ទីលាន​សេរីភាព​បញ្ចេញ​មតិ នាយក​មជ្ឈមណ្ឌល​អាម៉េរិកាំង​សម្រាប់​សាមគ្គីភាព​ការងារ​អន្តរជាតិ ហៅ​កាត់​ថា អេស៊ីល (ACILS) លោក ដេវីត វែល ថ្លែង​ទៅ​កាន់​គ្រូ​បង្រៀន​ថា គ្រូបង្រៀន​ត្រូវ​តែ​ទទួល​បាន​នូវ​សិទ្ធិ​ក្នុង​ការ​ចងក្រង​បង្កើត​សហជីព​ក្នុង​ការ​ការពារ​សិទ្ធិ​ផល​ប្រយោជន៍​គ្រូបង្រៀន។
លោក ដេវីត វែល៖ «សារសំខាន់​ណាស់​ដែល​គ្រូ​បង្រៀន​គាត់​អាច​ប្រើ​សិទ្ធិ​របស់​គាត់​នៅ​ក្នុង​ការ​ចរចា​ជា​សមូហភាព​ជា​កិច្ចព្រមព្រៀង រួម​មាន​ដូច​ជា​កិច្ចសន្យា​ផ្សេងៗ មាន​ដូច​ជា ប្រាក់​ឈ្នួល និង​លក្ខខណ្ឌ​ការងារ​ផ្សេងៗ។ អ៊ីចឹង​វា​មិន​មាន​ជា​សារសំខាន់​ទេ​នៅ​ពេល​ដែល​យើង​អនុម័ត​យក​អនុសញ្ញា​ស្នូល​នោះ​ហើយ ប៉ុន្តែ​មិន​បាន​យក​មក​អនុវត្ត។ ខ្ញុំ​សូម​យក​ឱកាស​នេះ​ដើម្បី​អំពាវនាវ​ទៅ​រដ្ឋាភិបាល​ប្រទេស​កម្ពុជា​ថា ច្បាប់​សហជីព​នេះ​នឹង​គួរ​តែ​គ្រប​ដណ្ដប់​ក្នុង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ទេ ប៉ុន្តែ​គ្រប​ដណ្ដប់​ទៅ​លើ​គ្រូបង្រៀន​ផង​ដែរ»
កាល​ពី​ថ្ងៃ​ទី​៥ ខែ​តុលា សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ និង​មន្ត្រី​គណបក្ស​ប្រឆាំង បាន​ដឹក​នាំ​គ្រូបង្រៀន​មក​ពី ១៦ រាជធានី ខេត្ត ដាក់​ញត្តិ​ទៅ​រដ្ឋាភិបាល និង​ក្រសួង​អប់រំ យុវជន និង​កីឡា សុំ​ឲ្យ​ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​ពួកគាត់​ឲ្យ​បាន ១លាន​រៀល​ចាប់​ពី​ឆ្នាំ​២០១៣ និង​សុំ​ពង្រីក​សិទ្ធិ​សហជីព​ឲ្យ​គ្រប​ដណ្ដប់​លើ​គ្រូ​បង្រៀន និង​បញ្ហា​ផ្សេងៗ​មួយ​ចំនួន​ទៀត។ ការ​ស្នើ​សុំ​នេះ គឺ​មាន​គោល​បំណង​ចង់​ឲ្យ​គ្រូ​បង្រៀន​ទទួល​បាន​ការ​គោរព និង​មាន​សំឡេង​នៅ​ក្នុង​ការ​ធ្វើ​សេចក្ដី​សម្រេច​ចិត្ត​ពាក់ព័ន្ធ​នឹង​ការងារ​អប់រំ។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ ពុំ​ទាន់​មាន​ការ​ឆ្លើយតប​ពី​រដ្ឋាភិបាល និង​ក្រសួង​អប់រំ​នៅ​ឡើយ​ទេ៕

No comments:

Post a Comment

yes