កម្មករកម្មការិនីរោងចក្រអ៊ឹមវ៉េ (M&V) នៅខេត្តកំពង់ឆ្នាំង ជាច្រើននាក់ប្រតិកម្មតវ៉ា និងចោទថា ថៅកែរោងចក្រនេះមិនឲ្យពួកគេទៅចុះឈ្មោះបោះឆ្នោតតាមកាលកំណត់ប្រតិទិន គ.ជ.ប នោះឡើយ។
កម្មការិនីផ្នែកកាត់ព្រុយខោអាវនៃរោងចក្រអ៊ឹមវ៉េ ឈ្មោះ ស្រីមុំ បានឲ្យដឹងនៅព្រឹកថ្ងៃទី៥ តុលា ថា ថ្មីៗនេះផ្នែករដ្ឋបាលរោងចក្របានកោះប្រជុំកម្មករទាំងអស់មកប្រាប់ថា ដោយរោងចក្រត្រូវបញ្ចេញទំនិញឲ្យទាន់តាមការបញ្ជាទិញរបស់ក្រុមហ៊ុន ដូច្នេះកម្មការិនីទាំងអស់ត្រូវនៅធ្វើការរហូតដល់ថ្ងៃទី១៣ តុលា ទើបអនុញ្ញាតឲ្យទៅចុះឈ្មោះ។
ស្រីមុំ បន្តថា តាមប្រតិទិនរបស់ គ.ជ.ប ការចុះឈ្មោះត្រូវបញ្ចប់នៅថ្ងៃទី១២ តុលា ដូច្នេះ កម្មករកម្មការិនីរោងចក្រអ៊ឹមវ៉េ ទាំងអស់នឹងមិនបានបោះឆ្នោតទេ សម្រាប់ការបោះឆ្នោតឆ្នាំ២០១៣ ខាងមុខនេះ៖ «កម្មករគាត់សួរថា ចុះក្រែងថ្ងៃទី១២ គេបិទការចុះឈ្មោះ ហើយគាត់ឆ្លើយថា ថ្ងៃណាទៅមើលក៏បានដែរ ថ្ងៃ១៣ ឬ ១៤ ក៏បានដែរ មិនទាស់ខុសអីទេ។ អ៊ីចឹង ថ្ងៃទី១២ កម្មករទាំងអស់ត្រូវនៅធ្វើការទាំងអស់គ្នា ព្រោះអីផលិតផលគាត់ប្រញាប់ខ្លាំងណាស់»។
កម្មការិនីម្នាក់ទៀតឈ្មោះ សុជាតិ បានឲ្យដឹងបន្ថែមថា កម្មការិនីរោងចក្រអ៊ឹមវ៉េ សរុបប្រមាណ ៤ពាន់នាក់ សុទ្ធតែចង់ទៅបោះឆ្នោតជ្រើសរើសអ្នកតំណាងរាស្ត្ររបស់ខ្លួន តែថៅកែរោងចក្រនេះគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន និងរំលោភសិទ្ធិកម្មករ ដោយមិនអនុញ្ញាតឲ្យកម្មករទៅចុះឈ្មោះបោះឆ្នោតឡើយ៖ «ជាប្រជាពលរដ្ឋម្នាក់ ខ្ញុំចង់ជ្រើសរើសតំណាងរាស្ត្ររបស់ខ្ញុំ ដោយខ្លួនឯង។ តែរោងចក្រអ៊ឹមវ៉េ បានបំបិទសិទ្ធិពួកខ្ញុំជាកម្មករជាងបួនពាន់នាក់នេះ»។
យ៉ាងនេះក្ដី ប្រធានផ្នែករដ្ឋបាលរោងចក្រអ៊ឹមវ៉េ គឺលោក យិន ណាក់ បានពន្យល់ចំពោះបញ្ហានេះថា ភាគីរោងចក្របានអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈទាំងស្រុង ដោយពុំឲ្យមានការខុសឆ្គងនោះទេ៖«តាមដែលខ្ញុំបានប្រាប់ពីនេះទៅនោះ គឺសម្រាប់អ្នកនៅក្រៅក្រុង គឺឲ្យឈប់ពីថ្ងៃទី១១ តុលា ទៅ។ ឯអ្នកនៅក្នុងក្រុង គឺឈប់ពីថ្ងៃទី១២ តុលាទៅ។ ចំពោះថ្ងៃទី១៣ គឺខ្ញុំឲ្យពិភាក្សាជាមួយកម្មករ»។
ប្រតិទិនរបស់ គ.ជ.ប សម្រាប់ការចុះឈ្មោះបោះឆ្នោតឆ្នាំ២០១២ ចាប់ផ្ដើមពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១២។ អ្នកដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតនេះ ទើបអាចមានសិទ្ធិបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនាខែកក្កដា ឆ្នាំ២០១៣ ខាងមុខនេះ។
ទាក់ទិនចំពោះបញ្ហាប្រតិកម្មរបស់កម្មករកម្មការិនីរោងចក្រអ៊ឹមវ៉េ នេះ ប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ខេត្តកំពង់ឆ្នាំង គឺលោក ពៅ ស៊ីថា ប្រាប់អ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី នៅល្ងាចថ្ងៃទី៥ ខែតុលា ថា ប្រតិកម្មតវ៉ានេះកើតឡើងដោយសារកម្មករកម្មការិនីទាំងនោះស្ដាប់ច្រឡំ។ លោកថា បន្ទាប់ពីទទួលបានព័ត៌មាននេះ មន្ទីរការងារបានចាត់តាំងឲ្យប្រធានការិយាល័យការងារខេត្ត ចុះទៅពន្យល់កម្មករកម្មការិនីទាំងនោះ ហើយឥឡូវ ពួកគេយល់ព្រមចូលធ្វើការជាធម្មតាវិញហើយ៕
No comments:
Post a Comment
yes