លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យនឹងទៅកាន់សហរដ្ឋអាមេរិករយៈពេល១ខែ ដោយគិតចាប់ពីថ្ងៃទី០៩ តុលា ឆ្នាំ២០១២តទៅ ដើម្បីចូលរួមសន្និសីទស្តីពីខួប២១ឆ្នាំ នៃកិច្ចព្រមព្រៀងនៅទីក្រុងប៉ារីសអំពីបញ្ហាកម្ពុជា តាមការអញ្ជើញរបស់អង្គការខ្មែរ-អាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ។
តាមសេចក្តីប្រកាសព័ត៌មានរបស់សហភាពសហជីពកម្ពុជា នាឱកាសចូលរួមសន្និសីទនោះ លោក រ៉ុង ឈុន នឹងធ្វើការកំណត់បង្ហាញអំពីដំណើរការអភិវឌ្ឍ ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅប្រទេសកម្ពុជារយៈពេល២១ឆ្នាំកន្លងមកនេះ។ ហើយជាមួយគ្នាលោក រ៉ុង ឈុន ក៏លើកយកបញ្ហាផ្តោតលើគ្រូបង្រៀន កម្មករ និងសិទ្ធិសហជីព ជាពិសេសគុណភាពអប់រំនៅកម្ពុជាមកនិយាយផងដែរ។
បើតាមសេចក្តីប្រកាសព័ត៌មានដដែល ក្នុងដំណើរបេសកកម្មនៅសហរដ្ឋអាមេរិកនោះ លោក រ៉ុង ឈុន ក៏នឹងទៅកាន់រដ្ឋមួយចំនួននៅសហរដ្ឋអាមេរិក និងកាណាដាផងដែរ ដើម្បីជួបជាមួយអង្គការ សហជីព និងបងប្អូនខ្មែរដែលរស់នៅទីនោះ ប្រយោជន៍ដើម្បីឲ្យពួកគេជួយក្រើនរំលឹកដល់រដ្ឋាភិបាលកម្ពុជា គោរពសិទ្ធិមនុស្សឲ្យបានពេញលេញ និងលើកកម្ពស់លក្ខខណ្ឌការងារល្អប្រសើរជូនគ្រូបង្រៀន និងកម្មករ៕
No comments:
Post a Comment
yes