គំនរឈើទើបអារថ្មីៗ ដែលក្រុមសហគមន៍រុករកឃើញ នៅក្នុងតំបន់ព្រៃឡង់
កាលពីខែមុន
កំពង់ធំៈ បណ្តាញសហគមន៍ការពារព្រៃឡង់ទាំងបួនខេត្ត ដែលរស់នៅជុំវិញព្រៃឡង់ បានស្នើដល់រដ្ឋាភិបាល បង្ហាញឈ្មោះក្រុមហ៊ុនពិតប្រាកដ ដែលរដ្ឋាភិបាល បានសម្រេចលុបចោលអាជ្ញាប័ណ្ណវិនិយោគ លើដីសម្បទានសេដ្ឋកិច្ច នៅក្នុងតំបន់ព្រៃឡង់ ដើម្បីបង្កភាពងាយស្រួល ដល់ប្រជាសហគមន៍ តាមដានបទល្មើសបំផ្លាញព្រៃកើតឡើង។
យោងទៅតាមសេចក្តីប្រកាស ព័ត៌មានរួមគ្នាមួយ របស់បណ្តាញសហគមន៍ព្រៃឡង់ទាំង៤ខេត្ត ចេញកាលពីថ្ងៃសុក្រ បានឲ្យដឹងថា បណ្តាញសហគមន៍ព្រៃឡង់ សូមស្វាគមន៍ដល់រដ្ឋាភិបាលកម្ពុជា ដែលបានលុបចោល ក្រុមហ៊ុនសម្បទានដីសេដ្ឋកិច្ចប្រមាណជាង ២០ ក្រុមហ៊ុន ក្នុងតំបន់ព្រៃឡង់ ក្នុងរយៈពេលថ្មីៗកន្លងមកនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍បានបន្តថា៖ «កាលពីថ្ងៃទី ២៨ ខែកញ្ញា ទីស្តីការគណៈរដ្ឋមន្ត្រី បានប្រជុំសម្រេច ស្តីពីការលុបចោលដីសម្បទាននេះ ប៉ុន្តែក្រុមហ៊ុន ទទួលបានដីសម្បទានសេដ្ឋកិច្ច ក្នុងតំបន់ព្រៃឡង់ មិនទាន់ឃើញក្រុមហ៊ុនណាមួយ បានដកចេញ និងបញ្ឈប់សកម្មភាពរបស់ខ្លួននៅឡើយទេ»។
នៅក្នុងសេចក្តី ប្រកាសព័ត៌មាននោះ បានឲ្យដឹងទៀតថា ទោះជាយ៉ាងណាក្តី ក្រុមសហគមន៍នៅតែមានការព្រួយបារម្ភចំពោះការកាប់បំផ្លាញព្រៃឈើខុសច្បាប់ ដែលកំពុងរីករាលដាល និងការបន្តផ្តល់ដីសម្បទានផ្សេងទៀត ដែលកំពុងបំផ្លិចបំផ្លាញនៅក្នុងព្រៃស្រោង។
អ្នកស្រីភោគ ហុង តំណាងសហគមន៍ព្រៃឡង់ខេត្តព្រះវិហារ បានឲ្យដឹងថា មូលហេតុដែលអ្នកស្រី ស្នើឲ្យរដ្ឋាភិបាល បង្ហាញឈ្មោះក្រុមហ៊ុននោះ គឺគ្រាន់តែចង់ដឹងថា តើក្រុមហ៊ុនមានឈ្មោះអ្វីខ្លះ ដែលរដ្ឋាភិបាល បានលុបចោល ហើយមានក្រុមហ៊ុនចំនួនប៉ុន្មាននៅបន្តដំណើរការ។ អ្នកស្រីបានឲ្យដឹងទៀតថា៖ «បើរដ្ឋាភិបាលប្រកាសឲ្យពួកយើង ដឹងឈ្មោះក្រុមហ៊ុនទាំងនោះ គឺពួកយើងនឹងមានការងាយស្រួល ប្រឆាំងទៅបទល្មើសដែលកំពុងកើតឡើង។ អ្វីដែលយើងបារម្ភនោះគឺថា ខ្លាចរដ្ឋាភិបាលលុបអាជ្ញាប័ណ្ណក្រុមហ៊ុនមួយចោលហើយស្រាប់តែ ក្រោយមក បន្តផ្តល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនផ្សេងទៀត នោះវាគឺជាគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ជាងពេលមុនៗទៅទៀត»។
លោកម៉ិញ នី តំណាងសហគមន៍ព្រៃ ឡង់ខេត្តកំពង់ធំ បានថ្លែងថា លោកពិតជាមានការត្រេកអរ នឹងដឹងគុណដល់រដ្ឋាភិបាលដែលបានសម្រេចលុបចោលក្រុមហ៊ុនដែលទទួល បានដីសម្បទានសេដ្ឋកិច្ច ពីព្រោះអាចថែរក្សាបាននូវធនធានធម្មជាតិ ហើយក្មេងៗជំនាន់ក្រោយ នឹងបានស្គាល់ប្រភេទនៃដើមឈើមួយចំនួន។ លោកបាននិយាយថា៖«ចាប់តាំងពីរដ្ឋាភិបាល បានប្រកាសមក គឺសកម្មភាពកាប់បំផ្លាញព្រៃឈើ នៅតែបន្តកើតមានដដែល។ ដូច្នេះ ខ្ញុំសូមស្នើឲ្យរដ្ឋាភិបាលបង្ហាញនូវឈ្មោះក្រុមហ៊ុន ដែលបានលុបចោលទាំងអស់នោះ ដើម្បីឲ្យមានភាពងាយស្រួល ដល់ពួកយើងចូលរួមប្រឆាំងបទល្មើសព្រៃឈើ»។
លោកផៃ ស៊ីផាន អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្ត្រី បានថ្លែងថា លោកពុំបានដឹងថា នឹងមានក្រុមហ៊ុនចំនួនប៉ុន្មាន ដែលរដ្ឋាភិបាល សម្រេចលុបចោលអាជ្ញាប័ណ្ណ ដីសម្បទានក្នុងតំបន់ព្រៃឡង់នោះទេ គឺមានតែក្រសួងកសិកម្ម និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាទេទើបដឹង។ លោកបានថ្លែងថា៖«ខ្ញុំមិនអាចឆ្លើយបានទេទាក់ទិនទៅនឹងការ ស្នើសុំបង្ហាញឈ្មោះរបស់ក្រុមហ៊ុនដែលត្រូវលុបអាជ្ញាប័ណ្ណ គឺមានតែក្រសួងដែលពាក់ព័ន្ធទេទើបដឹង។ មូលហេតុដែលសម្តេចលោកលុបចោលក្រុមហ៊ុនដីសម្បទានទាំងនោះ គឺសម្តេចមិនចង់ឃើញការអភិវឌ្ឍបែបនេះ គឺវាមិនឆ្លើយតបទៅនឹងអ្វីដែលសម្តេចចង់បាន»។
លោក ច័ន្ទ សារុន រដ្ឋមន្ត្រីក្រសួងកសិកម្ម ពុំអាចទាក់ទង ដើម្បីធ្វើការអត្ថាធិប្បាយបានទេ កាលពីម្សិលមិញ ដោយទូរស័ព្ទរបស់លោកពុំមានអ្នកទទួល។
កាលពីថ្ងៃទី ២៨ ខែកញ្ញា ឆ្នាំ ២០១២ នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី លោកនាយករដ្ឋមន្រ្តីហ៊ុន សែន បានសម្រេចថា លោកនឹងដកយកមកវិញ នូវអាជ្ញាប័ណ្ណកម្មសិទ្ធិដីសម្បទាន ក្នុងតំបន់ព្រៃឡង់ ដែលបានផ្តល់ឲ្យក្រុមហ៊ុនឯកជនទាំងនោះ។ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ក៏បានផ្សព្វផ្សាយតាមប្រព័ន្ធបណ្តាញសង្គមហ្វេសប៊ុក ឲ្យដឹងផងដែរថា លោកនាយករដ្ឋមន្រ្តីបានសម្រេចដកហូតអាជ្ញាប័ណ្ណកម្មសិទ្ធិដី សម្បទាន ក្នុងតំបន់ព្រៃឡង់ពីក្រុមហ៊ុនមកវិញហើយ។
យោងតាម របាយការណ៍របស់សមាគមអាដហុកបានឲ្យដឹងថា យ៉ាងហោចណាស់ ក៏មានក្រុមហ៊ុនចំនួន ៣៣ ដែលបានទទួលដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល ដើម្បីធ្វើការវិនិយោគ នៅក្នុងតំបន់ព្រៃឡង់ ដែលមានផ្ទៃដីសរុបចំនួន ១០៤៥៨៥៧ ហិកតា ក្នុងនោះ ដីសម្បទានព្រៃចំនួន ៧៤៤-៧២០ ហិកតាដែលមានក្រុមហ៊ុនចំនួន ៥ ដីសម្បទានសេដ្ឋកិច្ចចំនួន ១២០៦៩៥ ហិកតា ដែលមានក្រុមហ៊ុន១៤និងដីសម្បទានរ៉ែចំនួន១៨០៤៤២ ហិកតាដែលមានក្រុមហ៊ុនចំនួន១៤។
ព្រៃ ឡង់លាតសន្ធឹងលើខេត្តចំនួនបួន ដូចជា ខេត្តព្រះវិហារ ក្រចេះ ស្ទឹងត្រែង និងកំពង់ធំ ដែលគ្របដណ្តប់លើផ្ទៃដី ៣៦០០ គីឡូម៉ែត្រក្រឡា ហើយព្រៃឡង់ គឺជាប្រភពនៃអនុផលព្រៃឈើយ៉ាងសំខាន់ សម្រាប់ប្រជាពលរដ្ឋភាគច្រើន ជាជនជាតិភាគតិច ប្រមាណជាង ៦០០០០ គ្រួសារ ក្នុងភូមិជិត ៤០០ ភូមិ ដែលស្ថិតនៅក្នុងខេត្តទាំងបួន ប្រកបរបរបោចវល្លិ រកជ័រ និងបេះផ្លែឈើលក់ចិញ្ចឹមជីវិត៕
No comments:
Post a Comment
yes