សម្តេចសង្ឃរាជ បួរ គ្រី
ភ្នំពេញៈ កំពូលមន្ត្រីសង្ឃជាន់ខ្ពស់ចំនួន ៣ ព្រះអង្គ ដែលមានព្រះជន្មចាស់ជរា ត្រូវបានព្រះមហាក្សត្រ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ចេញព្រះរាជក្រឹត្យតែងតាំងងារជា «កិត្តិឧទ្ទេសបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា កាលពីថ្ងៃទី ១៧ ខែ កញ្ញា ឆ្នាំ ២០១២ កន្លងទៅនេះ បន្ថែមលើមុខងារជាន់ខ្ពស់បច្ចុប្បន្នរបស់មន្ត្រីសង្ឃខ្ពស់ទាំងបីអង្គ។
តាមព្រះរាជក្រឹត្យដែលភ្នំពេញប៉ុស្តិ៍ទទួលបាន កាលពីចុងសប្តាហ៍ បានឲ្យដឹងថា មន្ត្រីសង្ឃជាន់ខ្ពស់ទាំង ៣ ព្រះអង្គ រួមមានទីមួយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃគណៈមហានិយកាយ។ ទីពីរ សម្តេចព្រះអភិសេរីសុន្ធា មហាសង្ឃរាជាធិបតី បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ និងទី៣ គឺសម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយក។ សម្តេចសង្ឃទាំង ៣ ព្រះអង្គត្រូវបានតែងតាំងងារជា«កិត្តិឧទ្ទេសបណ្ឌិត» នៃរាជបណ្ឌិត្យសភាកម្ពុជា។
សម្តេចព្រះមហាសង្ឃរាជ ទេព វង្ស ដែលបច្ចុប្បន្នមានព្រះជន្ម ៨០ ព្រះវស្សា ត្រូវបានតែងតាំងជា សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី សម្ដេចមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដោយព្រះករុណាព្រះបាទ សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី កាលពីថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០០៦។ សម្តេចព្រះអភិសេរីសុន្ធាមហាសង្ឃរាជាធិបតី បួរ គ្រីបច្ចុប្បន្នមានព្រះជន្ម ៦៨ ព្រះវស្សា។ ចំណែក សម្តេចព្រះមហាសុមេធាធិបតី នន្ទ ង៉ែត បច្ចុប្បន្នមានព្រះជន្ម ៩០ ព្រះវស្សា។
លោក កែម ឡី អ្នកស្រាវជ្រាវឯករាជ្យបានថ្លែងថា លោកមិនដឹងច្បាស់ថាតើនៅក្នុងប្រទេសកម្ពុជា ការតែងតាំងគោរម្យងារណាមួយ ធ្វើឡើងដោយច្បាប់ ឬក៏មានគណៈកម្មាវាយតម្លៃ ដែលមានលក្ខណៈជាស្តង់ដារក្នុងការទទួលស្គាល់ ឬយ៉ាងណានោះទេ។ ប៉ុន្តែលោកបញ្ជាក់ថា៖«ពិតណាស់ការតែងតាំងគោរម្យងារណាមួយ ដោយគ្មានការទទួលស្គាល់ជាលក្ខណៈស្តង់ដារទូទៅមួយ វាហាក់ដូចជាគ្មានតម្លៃនោះទេ និងធ្វើឲ្យមានអសមត្ថភាព នៅក្នុងសង្គមមនុស្ស»៕
No comments:
Post a Comment
yes