សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 6, 2012

ក្រសួង​ការ​បរទេស​ច្រាន​ចោល​ការ​រិះគន់​សាលក្រម​លោក ម៉ម សូណង់ដូ


ក្រសួង​ការ​បរទេស កាល​ពី​ថ្ងៃ​សុក្រ បាន​បដិសេធ​ការ​រិះគន់​របស់​មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ ចំពោះ​ការ​កាត់​ទោស​លោក ម៉ម សូណង់ដូ នាយក​វិទ្យុ​សំបុក​ឃ្មុំ និង​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ។
សេចក្តី​ថ្លែងការណ៍​ក្រសួង​ការ​បរទេស អះអាង​ថា សាលក្រម​កាត់​ទោស​លោក ម៉ម សូណង់ដូ ឲ្យ​ជាប់​ពន្ធនាគារ ២០ឆ្នាំ​នោះ មិន​ពាក់ព័ន្ធ​នឹង​សិទ្ធិ​បញ្ចេញ​មតិ ឬ​ក៏​បញ្ហា​ឯករាជ្យ​ភាព និង​អព្យាក្រឹត​ភាព​របស់​តុលាការ​ទេ។
ក្រសួង​បន្ត​ថា តុលាការ​មាន​ភស្តុតាង​គ្រប់គ្រាន់​បង្ហាញ​ថា លោក ម៉ម សូណង់ដូ ជា​មេខ្លោង​នៃ​ការ​បង្កើត​តំបន់​អបគមន៍។
សេចក្តី​ថ្លែងការណ៍​ធ្វើ​ឡើង​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពេល​សហរដ្ឋ​អាមេរិក និង​អង្គការ​សិទ្ធិ​មនុស្ស​ជាតិ និង​អន្តរជាតិ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ ជា​បន្ទាន់។
ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក កាល​ពី​ថ្ងៃ​ចន្ទ បាន​ទទូច​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដោះ​លែង​លោក ម៉ម សូណង់ដូ ដើម្បី​ធានា​ថា​ប្រព័ន្ធ​យុត្តិធម៌ មិន​ស្ថិត​នៅ​ក្រោម​សម្ពាធ​នយោបាយ និង​បញ្ជាក់​ពី​ការ​គោរព​សិទ្ធិ​មនុស្ស។

សេចក្តី​ថ្លែងការណ៍​ក្រសួង​ការ​បរទេស បាន​កត់​សម្គាល់​ថា អ្នក​សង្កេតការណ៍​ចាត់​ទុក​ថា ការ​កាត់​ទោស លោក ម៉ម សូណង់ដូ ជា​រឿង​នយោបាយ ដោយ​សារ​តែ​លោក ម៉ម សូណង់ដូ ធ្លាប់​តែ​រិះគន់​រដ្ឋាភិបាល។
អគ្គរដ្ឋទូត​គោចរ​សន្តិភាព​ស្នើ​ឲ្យ​លោក ហ៊ុន សែន ដោះ​លែង​លោក ម៉ម សូណង់ដូ
អគ្គរដ្ឋទូត​គោចរ​សន្តិភាព នៃ​អង្គការ​សង្កេតការណ៍​សារព័ត៌មាន និង​សេរីភាព លោក វ៉ីល្លែម នីចឡូស ហ្គូម (William Nichloas Gomes) បាន​ស្នើសុំ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដោះ​លែង​លោក ម៉ម សូណង់ដូ ប្រធាន​វិទ្យុ​សំបុក​ឃ្មុំ និង​ជា​ប្រធាន​សមាគម​អ្នក​ប្រជាធិបតេយ្យ​ជា​បន្ទាន់។
ការ​ទាម​ទារ​នេះ ធ្វើ​ឡើង​ក្នុង​លិខិត​របស់​លោក ផ្ញើ​ជូន​លោក ហ៊ុន សែន កាល​ពី​ថ្ងៃ​ទី៥ តុលា។ លោក វ៉ីល្លែម នីចឡូស ហ្គូម ដែល​ជា​ប្រធាន​នៃ​ទីភ្នាក់ងារ​ព័ត៌មាន Salem-News.com នៅ​សហរដ្ឋ​អាមេរិក ដែរ​នោះ បាន​ថ្កោលទោស​ប្រព័ន្ធ​តុលាការ​កម្ពុជា ថា ធ្វើ​ឡើង​តាម​ការ​បញ្ជា​របស់​លោក ហ៊ុន សែន។ លោក ហ្គូម ក៏​បាន​អះអាង​ថា ទង្វើ​របស់​លោក ហ៊ុន សែន កំពុង​ដឹកនាំ​ប្រទេស​កម្ពុជា ឆ្ពោះ​ទៅ​រក​អំពើ​ហិង្សា និង​បំផ្លាញ​ខ្លឹមសារ​នៃ​លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ និង​ប្រព័ន្ធ​យុត្តិធម៌។
ក្នុង​លិខិត​ដដែល​នោះ លោក វ៉ីល្លែម នីចឡូស ហ្គូម អំពាវនាវ​សហគមន៍​អន្តរជាតិ រួម​មាន​សហរដ្ឋ​អាមេរិក សហភាព​អឺរ៉ុប ជប៉ុន និង​អង្គការ​សហប្រជាជាតិ ពិចារណា​ឡើង​វិញ​នូវ​ទំនាក់​ទំនង​ការទូត​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។
នៅ​ទន្ទឹម​នេះ លោក ហ្គូម ក៏​បាន​ទទូច​សុំ​ឲ្យ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក បារ៉ាក់ អូបាម៉ា (Barack Obama) និង​មេ​ដឹកនាំ​ពិភពលោក​ដទៃ​ទៀត ថ្កោលទោស​នូវ​ការ​ចោទ​ប្រកាន់​លើ​លោក ម៉ម សូណង់ដូ សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​ដែល​ហ៊ាន​តវ៉ា​ប្រឆាំង​នូវ​ការ​រំលោភ​សិទ្ធិ​មនុស្ស រំលោភ​សិទ្ធិ​ដីធ្លី និង​ផ្ទះ​សម្បែង៕

No comments:

Post a Comment

yes