ខេត្តស្វាយរៀង៖ តាមអ្នកឆ្លើយឆ្លងព័ត៌មានដំណឹងយប់មិញ នៅខេត្តស្វាយរៀងបានឲ្យដឹងថា មានជនប្រដាប់អាវុធមួយក្រុមបានធ្វើសកម្មភាពប្លន់អ្នកលក់ដូរ នៅផ្សារក្រមួន ថ្នល់កែង ស្ថិតក្នុងភូមិឈូកស ឃុំឈើទាល ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង កាលពីវេលាម៉ោង ១៨និង ៤៥ នាទីព្រលប់ថ្ងៃទី ០៦ ខែតុលាឆ្នាំ ២០១២ ។
មិនទាន់មានព័ត៌មានលម្អិតថា អំពើប្លន់ប្រដាប់អាវុធខាងលើនេះថា មានប្រជាពលរដ្ឋប៉ុន្មាននាក់ បានរងគ្រោះថ្នាក់ដល់រាងកាយ ឬ ក៏បាត់បង់ទ្រព្យសម្បត្តិអស់ប៉ុន្មានឡើយ ។ ប្រភពព័ត៌មានមិនទាន់ ផ្លូវការនៅឡើយបានបង្ហើបថា អាជីវករលក់ដូរនៅផ្សារក្រមួនថ្នល់កែង ជាច្រើនផ្ទះត្រូវក្រុមជនប្រដាប់ អាវុធមួយក្រុមធំ សម្រុកចូលធ្វើសកម្មភាពប្លន់តាមផ្ទះនីមួយៗយកអស់ទ្រព្យសម្បត្តិនិងសម្ភារមួយចំនួន ក្នុងពេលតែមួយ។
លោក ឡឹក ធឿន អធិការនគរបាលស្រុកស្វាយជ្រុំបានប្រាប់តាមទូរស័ព្ទថា ពិតជាមានហេតុការណ៍ប្លន់ខាងលើនេះប្រាកដមែន ។ សន្ទនាគ្នាបានពីរបីមាត់បែបនេះហើយ លោកអធិការក៏បិទទូរស័ព្ទដោយលោកបញ្ជាក់ថាលោកជាប់បញ្ជាកម្លាំងអន្តរាគមន៍សិន៕
No comments:
Post a Comment
yes