សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, October 20, 2012

កម្ពុជា​ចាញ់​ឆ្នោត​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ

កម្ពុជា បាន​ចាញ់​ឆ្នោត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សម្ងាត់​មួយ នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ នៅ​ថ្ងៃ​ទី១៨ ខែ​តុលា ក្នុង​ប្រទេស​គូប្រជែង​កូរ៉េ​ខាង​ត្បូង នៅ​តំបន់​អាស៊ី។
RFA/Sok Serey
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​ជា​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល មាន​ប្រសាសន៍​ប្រាប់​អ្នក​កាសែត កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ​២០១២។
ជាមួយ​គ្នា​នេះ​ដែរ មន្ត្រី​រដ្ឋាភិបាល និង​មន្ត្រី​គណបក្ស​ប្រឆាំង បាន​ទទួល​ស្គាល់​ថា កម្ពុជា នៅ​មាន​បញ្ហា​ខ្វះ​ចន្លោះ​មួយ​ចំនួន ដែល​ត្រូវ​បំពេញ​បន្ថែម ឬ​កែលំអ​នៅ​ថ្ងៃ​អនាគត មុន​នឹង​ស្នើសុំ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ជា​ថ្មី​ទៀត​នោះ។
មន្ត្រី​ជាន់​ខ្ពស់​រដ្ឋាភិបាល​កម្ពុជា នៅ​ថ្ងៃ​ទី១៩ ខែ​តុលា បាន​ចាត់​ទុក​ថា ការ​ចាញ់​ឆ្នោត​នៅ​ឯ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ គឺ​ជា​មេរៀន​សំខាន់​មួយ ដើម្បី​ឲ្យ​កម្ពុជា​កែ​លំអ និង​បង្កើន​សមត្ថភាព​នៅ​ថ្ងៃ​អនាគត ហើយ​រដ្ឋាភិបាល​ថ្មី​នឹង​ព្យាយាម​សម្រាប់​អាណត្តិ​ក្រោយៗ​ទៀត ដើម្បី​ឲ្យ​កម្ពុជា ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ។

សេចក្តី​រាយការណ៍​នានា បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា ប៊ូតង់ (Bhutan) និង​ប្រទេស​ហ្វាំងឡង់ (Finland) បាន​បរាជ័យ​ក្នុង​ការ​បោះ​ឆ្នោត​សម្ងាត់​នោះ ប៉ុន្តែ​ប្រទេស​អូស្ត្រាលី (Australia) លុចហ្សំបួរ (Luxembourg) កូរ៉េខាងត្បូង (South Korea) រវ៉ាន់ដា (Rwanda) និង​ប្រទេស​អាហ្សង់ទីន (Argentina) បាន​ឈ្នះ​ឆ្នោត​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ សម្រាប់​អាណត្តិ​ឆ្នាំ​២០១៣ ដល់​ឆ្នាំ​២០១៤។
ការ​បោះ​ឆ្នោត​នោះ គឺ​ធ្វើ​ឡើង​ចំនួន ២ជុំ កាល​ពី​ថ្ងៃ​ទី១៨ ខែ​តុលា ឆ្នាំ​២០១២ កន្លង​ទៅ​នេះ។ ប្រទេស​ដែល​បាន​ឈ្នះ​ឆ្នោត​នោះ គឺ​ទទួល​បាន​សំឡេង​គាំទ្រ​ចំនួន ២ភាគ៣ ពី​សមាជិក​អង្គការ​សហប្រជាជាតិ ចំនួន ១៩៣​ប្រទេស។
រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ និង​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល បាន​មាន​ប្រសាសន៍​ប្រាប់​វិទ្យុ​អាស៊ីសេរី តាម​ទូរស័ព្ទ​ថា កម្ពុជា សូម​អរគុណ​ប្រទេស​មួយ​ចំនួន​ដែល​បាន​បោះ​ឆ្នោត​គាំទ្រ​កន្លង​មក​នេះ។ លោក​បន្ត​ថា កម្ពុជា បាន​ឈ្នះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​នៅ​ជុំ​ទី១ ប៉ុន្តែ​បាន​ចាញ់​នៅ​ជុំ​ទី២ ដូច្នេះ​កម្ពុជា មិន​បោះ​បង់​ចោល​ការ​ព្យាយាម ឬ​អស់​សង្ឃឹម​ទេ៖ «យើង​ក៏​ដឹង​ដែរ​ថា ប្រកួត​ជាមួយ​កូរ៉េខាងត្បូង គឺ​ជា​ប្រទេស​យក្ស​សាច់​ដុំ​ធំ ប្រទេស​គេ​សម្បូរណ៍​លុយ​កាក់ ហើយ​ក៏​គេ​មាន​មិត្តភ័ក្ដិ​ច្រើន​នៅ​ក្នុង​ពិភពលោក។ យើង​ដឹង​ហើយ​ថា ការ​បោះ​ឆ្នោត​នីមួយៗ​ហ្នឹង មិន​សំខាន់​តែ​លើ​តួនាទី​សកម្ម​របស់​យើង ឬ​អត់​សកម្ម​ទេ ពីព្រោះ​កម្ពុជា សកម្ម​នៅ​ក្នុង​ការងារ​របស់​អង្គការ​សហប្រជាជាតិ​យ៉ាង​ច្រើន ប៉ុន្តែ​នៅ​ក្នុង​ការ​បោះ​ឆ្នោត គឺ​មិន​ត្រឹម​តែ​សកម្ម​តែ​ប៉ុណ្ណឹង​ទេ សំខាន់​គឺ​កម្លាំង​សេដ្ឋកិច្ច​មួយ​ទៀត។ កម្ពុជា មិន​មែន​ជា​ប្រទេស​កូន​នាគ​ក្តី ប៉ុន្តែ​យើង​ឃើញ​ហើយ​ថា ទាល់​តែ​បោះ​ឆ្នោត​ពីរ​ដង ទើប​កូរ៉េខាងត្បូង គាត់​អាច​យក​ឈ្នះ​លើ​កម្ពុជា​បាន។ ទន្ទឹម​នេះ​ដែរ ក៏​សូម​ថ្លែង​អបអរសាទរ​ដល់​កូរ៉េខាងត្បូង។ ពិត​មែន​យើង​មិន​បាន​ឈ្នះ​ក្តី ប៉ុន្តែ​កូរ៉េខាងត្បូង គឺ​ជា​និមិត្ត​រូប​មួយ​នៃ​ការ​រីក​ឡើង​នៅ​ទ្វីប​អាស៊ី​របស់​យើង​ដែរ»
ទាក់​ទង​នឹង​ការ​បរាជ័យ​នេះ​ដែរ អ្នក​នាំ​ពាក្យ​គណបក្ស សម រង្ស៊ី លោក យឹម សុវណ្ណ និង​ជា​តំណាង​រាស្ត្រ បាន​មាន​ប្រសាសន៍​អត្ថាធិប្បាយ​ថា នេះ​ជា​មេរៀន​សំខាន់​មួយ​ឲ្យ​កម្ពុជា កែ​សម្រួល​បញ្ហា​ដែល​នៅ​ខ្វះ​ខាត៖ «នេះ​បង្ហាញ​ឲ្យ​ឃើញ​ថា យើង​នៅ​មាន​ចំណុច​ខ្វះ​ខាត​ជាច្រើន ជា​ពិសេស គឺ​ការ​គោរព​សិទ្ធិ​មនុស្ស ការ​គោរព​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ ការ​បោះ​ឆ្នោត​ឲ្យ​បាន​ត្រឹមត្រូវ សេរី និង​យុត្តិធម៌ ការ​លុប​បំបាត់​នូវ​អំពើ​អយុត្តិធម៌ ការ​កែ​ទម្រង់​ប្រព័ន្ធ​តុលាការ។ ចំណុច​ខ្វះ​ខាត​ទាំង​អស់​នេះ​ហើយ ដែល​ធ្វើ​ឲ្យ​កម្ពុជា មិន​ទទួល​បាន​ការ​គាំទ្រ​គ្រប់គ្រាន់ ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នេះ។ យើង​ត្រូវ​តែ​មាន​ការ​កែ​ទម្រង់ ដើម្បី​ឲ្យ​មាន​ការ​ទទួល​ស្គាល់​ពេញ​ទំហឹង​ពី​អង្គការ​សហប្រជាជាតិ ក៏​ដូច​ជា សហគមន៍​អន្តរជាតិ​ដែរ»
ចំណែក​ឯ​អ្នក​វិភាគ​ឯករាជ្យ លោក​បណ្ឌិត សុខ ទូច បាន​មាន​ប្រសាសន៍​ថា លោក​សោកស្ដាយ​ដោយ​សារ​មាន​បញ្ហា​ខ្វះ​ខាត​កន្លង​មក៖ «កម្ពុជា ត្រូវ​តែ​ព្យាយាម ពីព្រោះ​កម្ពុជា ចំណុច​ល្អៗ​ច្រើន​ណាស់ ដូច​ជា​បញ្ហា​បេសកកម្ម​អន្តរជាតិ​ដើម្បី​ដោះ​មីន​នៅ​បណ្ដា​ប្រទេស​អាហ្វ្រិក និង​នៅ​មជ្ឈិមបូព៌ា ហើយ​ទី២ កម្ពុជា បាន​បញ្ចប់​សង្គ្រាម​ដោយ​ខ្មែរ​ខ្លួន​ឯង»
នៅ​មុន​ការ​បោះ​ឆ្នោត​នោះ​មួយ​ថ្ងៃ អង្គការ​ឃ្លាំ​មើល​បរិស្ថាន​ពិភពលោក (Global Witness) បាន​ចេញ​សេចក្តី​ថ្លែងការណ៍ កាល​ពី​ថ្ងៃ​ទី១៦ ខែ​តុលា ថា កម្ពុជា មិន​គប្បី​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​របស់​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​នោះ​ទេ នៅ​គ្រា​ដែល​មាន​ការ​រីក​រាលដាល​នៃ​ការ​រំលោភ​សិទ្ធិ​មនុស្ស ការ​រឹបអូស​យក​ដីធ្លី និង​ការ​កាប់​បំផ្លាញ​ព្រៃឈើ​ខុស​ច្បាប់​ជាដើម។
ប្រទេស​កម្ពុជា គឺ​ជា​សមាជិក​របស់​អង្គការ​សហប្រជាជាតិ តាំង​ពី​ឆ្នាំ​១៩៥៥ ប៉ុន្តែ​កម្ពុជា មិន​ទាន់​បាន​ក្លាយ​ជា​សមាជិក​មិន​អចិន្ត្រៃយ៍​នៃ​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ ដោយ​សារ​កម្ពុជា បាន​ជួប​ប្រទះ​សង្គ្រាម​ស៊ីវិល​ជាង​បី​ទសវត្ស​កន្លង​មក៕

No comments:

Post a Comment

yes