មន្ត្រីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ខុមហ្វ្រែល (Comfrel) លោក គល់ បញ្ញា ថ្លែងថា មិនមានបទបញ្ញត្តិណាមួយដែលអនុញ្ញាតឱ្យក្រុមប្រឹក្សាឃុំ-សង្កាត់ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រុមប្រឹក្សាធម្មនុញ្ញ មានសិទ្ធិលុបឈ្មោះលោក សម រង្ស៊ី និងទណ្ឌិតណាមួយចេញពីបញ្ជីឈ្មោះអ្នកបោះឆ្នោតទេ។
ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនៅកម្ពុជា ខុមហ្រ្វែល បានហៅការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការលុបឈ្មោះលោក សម រង្ស៊ី ពីបញ្ជីបោះឆ្នោតថា ជាការផ្ទុយនឹងច្បាប់ ពីព្រោះតែមិនមាននីតិវិធីចែងអំពីរបៀបដែលត្រូវការលុបឈ្មោះទណ្ឌិត។
លោក សម រង្សី ត្រូវបានក្រុមប្រឹក្សាសង្កាត់បឹងរាំង រាជធានីភ្នំពេញ សម្រេចលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោត កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១២ ដោយសម្អាងថា តុលាការកំពូលបានចេញសាលដីកាផ្ដន្ទាទោសលោកឱ្យជាប់ពន្ធនាគារហើយកាលពីខែមីនា ឆ្នាំ២០១១។ បន្ទាប់មក គ.ជ.ប គាំទ្រការលុបឈ្មោះនោះ ដោយយោងតាមមាត្រា៥០ និង ៥៣ នៃច្បាប់បោះឆ្នោត ដែលជាហេតុធ្វើឱ្យមេធាវីតំណាងលោក សម រង្ស៊ី មិនសុខចិត្ត និងប្ដឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ។
នៅថ្ងៃចន្ទ ទី១៩ ខែវិច្ឆិកា ដើមសប្ដាហ៍នេះ ក្រុមប្រឹក្សាធម្មនុញ្ញបានបើកសវនាការសាធារណៈមួយ ហើយចេញសេចក្ដីសម្រេចតម្កល់ទុកសេចក្ដីសម្រេចរបស់ គ.ជ.ប ទុកជាបានការ។
មេធាវីរបស់លោក សម រង្ស៊ី គឺលោក ជូង ជូងី ថ្លែងជំទាស់ដោយផ្ដល់ហេតុផលថា ទី១ នៅក្នុងសាលដីការបស់តុលាការកំពូលនោះ មានប្រកាសតែអំពីការប្រកាសទោសដាក់ពន្ធនាគារ និងទីពីរ ប្រកាសពិន័យ។ ក៏ប៉ុន្តែ មិនមានសេចក្ដីណាមួយចែងឱ្យ គ.ជ.ប ដកសិទ្ធិបោះឆ្នោតរបស់លោក សម រង្ស៊ី ទេ។
ទាក់ទងនឹងសិទ្ធិបោះឆ្នោត ទាំងលោកមេធាវី ជូង ជូងី និងនាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានមតិស្របគ្នាថា ការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យកមាត្រា៥០ មកសម្អាងនោះ ជាការមិនត្រឹមត្រូវទេ ពីព្រោះមាត្រានោះចែងសម្រាប់តែអ្នកដែលមិនទាន់មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតប៉ុណ្ណោះ។ ចំណែកឯលោក សម រង្ស៊ី គឺជាអ្នកមានឈ្មោះរួចហើយ។
ទាក់ទងនឹងសិទ្ធិបោះឆ្នោត ទាំងលោកមេធាវី ជូង ជូងី និងនាយកប្រតិបត្តិនៃអង្គការខុមហ្វ្រែល លោក គល់ បញ្ញា មានមតិស្របគ្នាថា ការដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត យកមាត្រា៥០ មកសម្អាងនោះ ជាការមិនត្រឹមត្រូវទេ ពីព្រោះមាត្រានោះចែងសម្រាប់តែអ្នកដែលមិនទាន់មានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតប៉ុណ្ណោះ។ ចំណែកឯលោក សម រង្ស៊ី គឺជាអ្នកមានឈ្មោះរួចហើយ។
លោក គល់ បញ្ញា ថ្លែងថា ការអនុវត្តបែបនេះ គឺផ្ទុយពីគតិយុត្តិ ដោយមិនមានច្បាប់សម្អាងអំពីនីតិវិធីលុបឈ្មោះ។
ទាក់ទងនឹងបញ្ហានេះ អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា មានប្រសាសន៍ថា បញ្ហាច្បាប់ក្នុងករណីនេះ ត្រូវបានដោះស្រាយដោយក្រុមប្រឹក្សាធម្មនុញ្ញរួចហើយ។ លោកគ្រាន់តែបញ្ជាក់ថា គ.ជ.ប បានអនុវត្តការលុបឈ្មោះនេះជាច្រើនលើកមកហើយ ក៏ប៉ុន្តែ អង្គការខុមហ្វ្រែល មិនដែលតវ៉ាទេ។
ប្រតិកម្មទៅនឹងប្រសាសន៍របស់លោក ទេព នីថា ប្រធានអង្គការខុមហ្វ្រែល លោក គល់ បញ្ញា បានលើកជាសំណួរទៅលោក ទេព នីថា វិញថា ចាប់តាំងពី គ.ជ.ប ត្រូវបានបង្កើត តើ គ.ជ.ប បានលុបឈ្មោះទណ្ឌិតប៉ុន្មាននាក់ហើយ? ហើយនីតិវិធីបែបណាដែល គ.ជ.ប បានប្រើប្រាស់នោះ? លោក គល់ បញ្ញា បានអះអាងថា លោកមិនដែលឃើញមានរបាយការណ៍ណាមួយរបស់ គ.ជ.ប ស្ដីពីការលុបឈ្មោះទណ្ឌិតឡើយ។ លោកបន្តថា បើទោះជាច្បាប់បោះឆ្នោត មិនអនុញ្ញាតឱ្យទណ្ឌិត ឬអ្នកដែលតុលាការសម្រេចថាមានទោសបោះឆ្នោតក៏ដោយ ក៏មិនមានច្បាប់ណាមួយចែងអំពីនីតិវិធីរបៀបម៉េច ដែលត្រូវយកមកអនុវត្ត ដើម្បីលុបឈ្មោះទណ្ឌិតនោះឡើយ។
ទោះខុស ឬត្រូវច្បាប់ក្តី ការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺជាសេចក្ដីសម្រេចចុងក្រោយដែលលោក សម រង្ស៊ី មិនអាចតវ៉ាទៅស្ថាប័នណាទៀតបានទេ ពីព្រោះក្រុមប្រឹក្សាធម្មនុញ្ញជាស្ថាប័នបកស្រាយច្បាប់កំពូលសម្រាប់ដោះស្រាយវិវាទផ្លូវច្បាប់៕
No comments:
Post a Comment
yes