ប្រជាពលរដ្ឋទៅចូលរួមទស្សនា សវនាការ សាលាក្តីខ្មែរក្រហម កាលពីពេលកន្លងមក
ភ្នំពេញៈពួកគេត្រូវបានគេពណ៌នាថា មាន« ក្បាលយួន ខ្លួនខ្មែរ» ហើយត្រូវបានបំបែកពីភូមិមួយទៅភូមិមួយ បំបែកភរិយាពីប្តីកូនពីឪពុកម្តាយ ហើយត្រូវបានគេចុចឈ្មោះ ដើម្បីយកទៅប្រហារជីវិតដោយខ្មែរក្រហម។ នៅថ្ងៃនេះ គឺជាលើកដំបូងហើយ ដែលខ្មែរកម្ពុជាក្រោម មានឱកាសឡើងផ្តល់កសិណនៅសាលាក្តីខ្មែរក្រហម។
ជោគជ័យតូចនេះ គឺជាលទ្ធផលល្វីងផ្អែមនៃការតស៊ូដ៏លំបាក ដែលគេនឹងនាំយកឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តប្រឆាំងនឹង«ខ្មែរ ក្រោម»ឡើងតុលាការខ្មែរក្រហម ដែលគាំទ្រដោយអង្គការសហប្រជាជាតិ។
លោក Vinita Ramani សហស្ថាបនិក អង្គការលទ្ធភាពឆ្ពោះទៅរកយុត្តិធម៌ បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ថា៖«ការចោទប្រកាន់លើកដំបូង(ក្នុងសំណុំរឿង០០២) បានចោទលើអតីតក្រុមមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់ ពីបទប្រល័យពូជសាសន៍ប្រឆាំងចាមមូស្លីមនៅកម្ពុជា និងជនជាតិ វៀតណាម ប៉ុន្តែមិនបានរាប់បញ្ចូលខ្មែរក្រោមទេ»។
ទោះបីអ្វីដែលក្រុមមេធាវីខាងរដ្ឋប្បវេណី ហៅថា ភស្តុតាងរឹងមាំ ទាំងមហាកាប់សម្លាប់ និងការខ្ចាត់ព្រាត់ដោយបង្ខំ ដោយសារតែបច្ចេកទេស នៃការដាក់បណ្តឹងតាមផ្លូវច្បាប់ ខ្មែរក្រោមមិនត្រូវបានគេទទួលស្គាល់ថា ជាជនរងគ្រោះ នៃអំពើប្រល័យពូជសាសន៍ នៅក្នុងការចោទប្រកាន់រឿងព្រហ្មទណ្ឌ នៃរឿងក្តីប្រវត្តិសាស្ត្រ របស់តុលាការ ប្រឆាំងនឹងមេដឹកនាំ ដែលនៅមានជីវិតបីរូបរបស់របបនេះ ដែលបានសម្លាប់មនុស្សជាង ១,៧លាននាក់នោះទេ។
ខ្មែរកម្ពុជាក្រោម ដែលស្ថិតនៅតំបន់ដីសណ្តទន្លេមេគង្គ ត្រូវបានបារាំង កាត់ប្រគល់ទៅឲ្យវៀតណាមត្រួតត្រា កាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ១៩៤។ ដោយសារតែការពាក់ព័ន្ធនឹងវៀតណាម ពួកគេត្រូវបានគេកំណត់ជាគោលដៅថា ជាគេញ ឬភ្នាក់ងារស៊ើបអង្កេតចារកម្មអាមេរិក (CIA) ក្នុងសម័យប៉ុលពត ក្នុងទសវត្សរ៍ឆ្នាំ ១៩៧០។
ស ២១ ជាមន្ទីរឃុំឃាំងអសោច និងជាកន្លែងសួរចម្លើយ របស់របបម៉ៅជ្រុលនិយម បានជ្រើសរើសខ្មែរក្រោមក្នុង«ការបង្គាប់បញ្ជា» ចំនួន ១០ របស់ខ្លួន។ ខ្មែរក្រោម ត្រូវគេប្រហារជីវិត នៅពេលចូលមកដល់ពន្ធនាគារនេះ។
លោក Ramani បានថ្លែងថា ក្នុងចំណោមគូស្វាមី ដែលបានរៀបការនឹងគ្នា គូស្វាមីខ្មែរក្រោម ត្រូវបានគេយកទៅប្រហារជីវិត ក៏ដូចកូនដែលនៅជាមួយឪពុកម្តាយរបស់ពួកគេផងដែរ។ នេះបើតាមភស្តុតាង ដែលក្រុមអ្នកច្បាប់ ប្រមូលបាន។
ខណៈដែលមានភាគីរដ្ឋប្បវេណីខ្មែរក្រោមលើកដំបូង ផ្តល់កសិណសាក្សី នៅមុខតុលាការ ជាសមិទ្ធផលសំខាន់មួយ នៃការចូលរួមរបស់ក្រុមភាគតិចក្នុងសំណុំរឿង០០២។ ជាងនេះទៅទៀតត្រូវបានរឹតបន្តឹង ដោយសេចក្តីសម្រេចរបស់សហចៅក្រមដើម្បីកាត់ផ្តាច់ការជំនុំជម្រះនេះទៅជាសំណុំរឿងតូច។
មេធាវីភាគីរដ្ឋប្បវេណីលោក Mahdev Mohan ជាមួយនឹងលោកសាស្ត្រាចារ្យ គង់ ផលលក្ខណ៍ តំណាងឲ្យភាគីដើមបណ្តឹងរដ្ឋប្បវេណី នឹងឡើងតុលាការនៅថ្ងៃនេះ បានមានប្រសាសន៍ថា៖«ដោយសារតែការជំនុំជម្រះខ្នាតតូចនេះ មានកម្រិត វានឹងមានការលំបាកបន្តិច(ដើម្បីស្តាប់ទំហំនៃភាពឃោរឃៅ»។
បន្ទាប់ពីធ្វើការជាមួយខ្មែរក្រោម តាមរយៈអង្គការក្រៅរដ្ឋាភិបាល ៤ ឆ្នាំចុងក្រោយ លោក Mohan បានបញ្ជាក់ថា សហគមន៍ខ្មែរកម្ពុជាក្រោម បានតាំងចិត្តធ្វើឲ្យគេដឹងឮរឿងរបស់ពួកគេ។ លោក បានអះអាងបន្ថែមថា៖«ពួកគេ ត្រូវបានគេលើកទឹកចិត្តជាខ្លាំង។ ពួកគេ ក៏បានកសាងវត្តរបស់ពួកគេផងដែរ ហើយកំពុងតែស្វែងរកមធ្យោបាយលើការសងជំងឺចិត្តជាមូលធនអាណត្តិព្យាបាល និងអាហារូបករណ៍ សម្រាប់កូនៗរបស់ពួកគេ»។
កាលពី៨ឆ្នាំមុន សហគមន៍ខ្មែរកម្ពុជាក្រោម បានរួបរួមគ្នា កសាងវត្តមួយ និងបូជនីយដ្ឋាន ដើម្បីរំឭកដល់ជនរងគ្រោះខ្មែរកម្ពុជាក្រោមនៅខេត្តតាកែវ។ សាលាបឋមសិក្សាមួយ ក៏បានជាមូលហេតុ នៅពីក្រោយប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតនេះផងដែរ ពោលគឺនៅផ្នែកខាងក្រោយនៃសាលានេះ គឺជាអតីតបន្ទប់ឃុំឃាំងរបស់ខ្មែរក្រហម ដែលបានឃុំខ្លួនពួកខ្មែរក្រោម។
លោក Mohan បានថ្លែងថា៖«មានអ្នកជាតិនិយមជាច្រើន ដែលស្រឡាញ់ខ្មែរក្រោម។ មានប្រជាពលរដ្ឋកម្ពុជាជាច្រើន ដែលជឿថា ទឹកដីកម្ពុជាក្រោម(នៅប៉ែកខាងត្បូងប្រទេសវៀតណាមបច្ចុប្បន្ន) គឺជាទឹកដីមួយចំណែករបស់កម្ពុជា មិនមែនជារបស់វៀតណាមទេ។ តែក៏មានការមាក់ងាយខ្មែរក្រោមផងដែរ»។
ដូចដែលបានរាយការណ៍នៅក្នុងកាសែតភ្នំពេញ ប៉ុស្តិ៍ របាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សនាពេលថ្មីៗនេះ ដែលមានចំណងជើងថា «ប្រាប់ពួកគេ ថាខ្ញុំចង់សម្លាប់ពួកគេ»ឆ្លុះបញ្ចាំងពីការសម្លាប់នៅក្រៅប្រព័ន្ធតុលាការទៅលើព្រះសង្ឃខ្មែរក្រោម ដែលតវ៉ាចំពោះការកាត់ក្តីមិនយុត្តិធម៌ ចំពោះប្រជាពលរដ្ឋខ្មែរក្រោមនៅវៀតណាម។
សហព្រះរាជអាជ្ញាអន្តរជាតិ លោក Andrew Cayley ក៏បានបញ្ជូនភស្តុតាងនៃអំពើប្រល័យពូជសាសន៍ជាច្រើន ដែលពួកខ្មែរក្រហមបានធ្វើមកលើពលរដ្ឋខ្មែរក្រោមផងដែរ ដែលទង្វើទាំងនោះជាផ្នែកនៃរបាយការណ៍សង្ខេបសម្រាប់សំណុំរឿង០០៣ និង សំនុំរឿង០០៤ ដែលប្រឆាំងដោយរដ្ឋាភិបាល។
លោក Cayley បានប្រាប់កាសែតភ្នំពេញ ប៉ុស្តិ៍ថា៖«ខ្ញុំចំណាយពេលវេលាជាមួយពួកខ្មែរក្រោម។ ខ្ញុំស្តាប់រឿងរ៉ាវ ដែលបានកើតឡើងចំពោះពួកគេ ហើយពួកគេគឺជាមនុស្សដែលគេមិនរាប់បញ្ចូលក្នុងសង្គមជាពិសេស បានរងនូវការធ្វើបាបយ៉ាងព្រៃផ្សៃ ដោយសារកេរដំណែលតែមួយគត់របស់ពួកគេ»។
លោកបានបន្តឲ្យដឹងទៀតថា៖«ខ្ញុំបានសន្យានៅចំពោះពួកខ្មែរកម្ពុជាក្រោមថា ខ្ញុំនឹងមិនភ្លេចពួកគេទេ ហើយពួកគេនឹងក្លាយជាផ្នែកមួយនៅក្នុងដំណើរការផ្លូវច្បាប់របស់តុលាការនេះ។ ការផ្តល់ចម្លើយរបស់សាក្សី នៅថ្ងៃនេះគឺជាការអនុវត្តតាមការសន្យាមួយផ្នែកដែលខ្ញុំបានសន្យាជាមួយពួកខ្មែរក្រោម»៕
No comments:
Post a Comment
yes