ទណ្ឌិតចារកម្មថៃទាំងពីរនាក់ នៅពេលសម្រាកនៅខាងក្រៅសាលាឧទ្ធរណ៍កម្ពុជា
កាលពីឆ្នាំមុន
ភ្នំពេញៈ សមាជិកគ្រួសាររបស់ចារកម្មថៃ ២ នាក់ ដែលត្រូវបានដាក់ពន្ធនាគារ ក្នុងប្រទេសកម្ពុជា កំពុងស្វែងរកជំនួយហិរញ្ញវត្ថុពីរដ្ឋាភិបាលថៃសម្រាប់ថ្លៃ ចំណាយធ្វើដំណើរ មកសួរសុខទុក្ខពួកគេ នៅពន្ធនាគារព្រៃសក្នុងរាជធានីភ្នំពេញ។
កាសែតបាងកក ប៉ុស្តិ៍ បានរាយការណ៍កាលពីម្សិលមិញថា អ្នកស្រី ពីសំផៃ ស៊ុមខ្វាមឃីត ប្រពន្ធរបស់ លោក វីរៈ ស៊ុមខ្វាមឃីត អ្នកសម្របសម្រួលបណ្តាញអ្នកស្នេហាជាតិថៃ និងលោក វីចៃ ភិប៉ាតាណាប៉ៃប៊ូន បងប្អូនប្រុសរបស់អ្នកនាង រ៉ាទ្រី ភិប៉ាតាណាប៉ៃប៊ូន លេខារបស់លោក វីរៈ ស៊ុមខ្វាមឃីត បានដាក់សំណើរបស់ពួកគេដើម្បីស្នើសុំជំនួយហិរញ្ញវត្ថុកាលពី ថ្ងៃអង្គារ។
លោក វីរៈ និងអ្នកនាង រ៉ាទ្រី ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ២០១០ ជាមួយនឹងជនជាតិថៃប្រាំនាក់ទៀត រួមទាំងសមាជិកសភាគណបក្សប្រជាធិបតេយ្យលោក ប៉ានិច វីគិតស្រេត។ អ្នកទាំងពីរត្រូវបានកាត់ទោសពីបទចូលឆ្លងដែនដោយខុស ច្បាប់ និងចារកម្ម ហើយត្រូវបានផ្តន្ទាទោសម្នាក់ ៨ ឆ្នាំ និងម្នាក់ទៀត ៦ ឆ្នាំ។ រហូតមកដល់ពេលនេះពួកគេបានជាប់ពន្ធនាគារ អស់រយៈពេលជិត២ឆ្នាំហើយក្នុងប្រទេសកម្ពុជា។
លោក ណារាច សាវេតាណាន់ អគ្គនាយកនៃនាយកដ្ឋានសិទ្ធិនិងសេរីភាពរបស់ក្រសួងយុត្តិធម៌ថៃ បានថ្លែងថា សំណើនោះនឹងត្រូវបានពិចារណាដោយគណៈកម្មាធិការគ្រប់គ្រង មូលនិធិ នៅថ្ងៃសុក្រ។ ទោះបីយ៉ាងណាក្តី លោក ណារាច បានឲ្យដឹងថា ក្រុមប្រឹក្សានៃមូលនិធិនេះនឹងទំនងជាមិនអនុម័តសំណើនោះទេ ពីព្រោះវាពាក់ព័ន្ធនឹងបរទេស។
លោកស៊ុន លានប្រធានមណ្ឌលកែប្រែ១នៅពន្ធនាគារព្រៃស បានថ្លែងថា គ្រួសាររបស់លោក វីរៈ បានសួរសុខទុក្ខគាត់ជារៀងរាល់ថ្ងៃសុក្រ ហើយពេលខ្លះអមដំណើរមកដោយមន្រ្តីស្ថានទូតថៃ។
លោក លាន បានថ្លែងបន្តថា៖ «គាត់នៅក្នុងពន្ធនាគារដូចអ្នកទោសធម្មតាទៀតដែរ»។ «យើងឲ្យគាត់ពិនិត្យសុខភាព និងហាត់កីឡាជាទៀងទាត់នៅក្នុងពន្ធនាគារ។ សុខភាពរបស់គាត់មិនមានបញ្ហាអ្វីនោះទេ»។ លោក ណារាច បានថ្លែងថា នាយកដ្ឋានរបស់លោក រួមជាមួយនឹងនាយកដ្ឋានកែប្រែថៃ កំពុងស្ថិតនៅក្នុងដំណើរការនៃការងារស្នើសុំផ្ទេរលោក វីរៈ និងអ្នកនាង រ៉ាទ្រី ត្រឡប់មកប្រទេសថៃវិញ។
ទោះបីយ៉ាងណាក្តី លោក រស់ អូន មេធាវីជនជាតិកម្ពុជាការពារក្តីលោក វីរៈ បានថ្លែងថា លោកមិនទទួលបានការទាក់ទងពីគ្រួសារអតីតកូនក្តីរបស់លោកទេ ឬការទាក់ទងពីមន្រ្តីថៃដើម្បីសុំជំនួយផ្លូវច្បាប់ក្នុង ការស្នើសុំផ្ទេរឬដោះដូរអ្នកទោសទេ។ លោកបន្តថា៖«ខ្ញុំគិតថាប្រសិនបើពួកគេចង់ធ្វើអ្វីមួយ ពួកគេគួរតែមករកខ្ញុំ»។ ករណីរបស់លោក វីរៈ មានភាពស្ងៀមស្ងាត់ចាប់តាំងពីគាត់បានសម្រេចចិត្តដក បណ្តឹងឧទ្ធរណ៍របស់គាត់កាលពីដើមឆ្នាំនេះ។
ប្រទេសថៃ បានខិតខំស្វែងរកការលើកលែងទោសពីព្រះមហាក្សត្រ ប៉ុន្តែមិនទទួលបានជោគជ័យទេ ហើយកម្ពុជា មិនយល់ព្រមតាមសំណើសុំដោះដូរអ្នកទោសឡើយ ដោយកម្ពុជានិយាយថា ការដោះដូរអ្នកទោសគឺត្រូវតែធ្វើឡើងជាក្រុម មិនមែនគ្រាន់តែបុគ្គលនោះទេ៕
No comments:
Post a Comment
yes