សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Saturday, November 24, 2012

ពលរដ្ឋ​ខេត្ត​មណ្ឌលគិរី​មិន​ហ៊ាន​បញ្ចេញ​មតិ​ពី​បញ្ហា​វៀតណាម​រំកិល​ព្រំដែន​ចូល​កម្ពុជា


ប្រជាពលរដ្ឋ​រស់នៅ​តាម​បន្ទាត់​ព្រំដែន​ខេត្ត​មណ្ឌលគិរី កំពុង​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ក្នុង​ការ​រស់នៅ បន្ទាប់​ពី​ពួក​គេ​បាន​ផ្តល់​ព័ត៌មាន​លើ​ករណី​ប្រទេស​វៀតណាម លួច​រំកិល​តម្រុយ​បង្គោល​កំណត់​ខ្សែ​បន្ទាត់​ព្រំដែន​គោក រំលោភ​ចូល​ក្នុង​ទឹកដី​កម្ពុជា រាប់​គីឡូម៉ែត្រ​ចាប់​តាំង​ពី​ក្រោយ​ឆ្នាំ​១៩៧៩។
យុវជន ចន្ទ វណ្ណា ជា​ឈ្មោះ​ហៅ​ក្រៅ​របស់​ជន​ជាតិ​ដើម​ភាគ​តិច​ព្នង រស់នៅ​ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី។ លោក​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី២៣ ខែ​វិច្ឆិកា ថា ពួក​គេ​មិន​ហ៊ាន​និយាយ​ចេញ​មុខ​លើ​បញ្ហា​ជន​ជាតិ​វៀតណាម រំកិល​បន្ទាត់​ព្រំដែន​ក្នុង​មូលដ្ឋាន​ខ្លួន​ទេ។ លោក​បន្ត​ថា សព្វថ្ងៃ​នេះ​មាន​ពលរដ្ឋ​ខ្មែរ និង​អាជ្ញាធរ​មូលដ្ឋាន​ខ្លះ បាន​លក់​ឧត្តមគតិ​ស៊ី​ឈ្នួល​ស៊ើបការណ៍ ឬ​ផ្តល់​ព័ត៌មាន​ជុំវិញ​បញ្ហា​ព្រំដែន និង​បញ្ហា​ផ្សេងៗ​ទៀត ទៅ​ឲ្យ​អាជ្ញាធរ​វៀតណាម ជា​ថ្នូរ​ទទួល​បាន​ថវិកា​ប្រចាំ​ខែ។ លោក​ឲ្យ​ដឹង​ទៀត​ថា អាជ្ញាធរ​មូលដ្ឋាន​បាន​រឹត​បន្តឹង​សេរីភាព​បញ្ចេញ​មតិ​លើ​បញ្ហា​ព្រំដែន ហើយ​ជានិច្ចកាល ពលរដ្ឋ​ត្រូវ​បាន​អាជ្ញាធរ​គំរាម​កំហែង និង​ព្រមាន​ចាប់​ដាក់​គុក​ច្រវាក់​ថែម​ទៀត។
ពលរដ្ឋ​ស្រុក​អូរាំង បាន​អះអាង​ដូចៗ​គ្នា​ថា ប្រទេស​វៀតណាម ពិត​ជា​បាន​រំកិល​តម្រុយ​បង្គោល​ព្រំដែន​រំលោភ​ចូល​ក្នុង​ទឹក​ដី​កម្ពុជា ក្នុង​ខេត្ត​មណ្ឌលគិរី ក្រោយ​ឆ្នាំ​១៩៧៩ នៅ​គ្រា​ប្រទេស​ទាំង​ពីរ​មិន​ទាន់​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​រួម​គ្នា​នៅ​ឡើយ​នោះ។

មនុស្ស​វ័យ​ជាង ៧០​ឆ្នាំ ជន​ជាតិ​ព្នង រស់នៅ​ខេត្ត​មណ្ឌលគិរី បាន​ឲ្យ​ដឹង​ដែរ​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​នេះ​ត្រូវ​បាន​អាជ្ញាធរ​ដើរ​ស្រង់​ឈ្មោះ បន្ទាប់​ពី​ពួក​គេ​ស៊ើប​ដឹង​ថា បាន​ផ្តល់​ព័ត៌មាន​លើ​បញ្ហា​វៀតណាម រំកិល​ព្រំដែន​ចូល​ទឹក​ដី​ប្រទេស​កម្ពុជា ឲ្យ​អ្នក​យក​ព័ត៌មាន​ដឹង និង​ផ្សព្វផ្សាយ​ប៉ុន្មាន​ថ្ងៃ​មក​នេះ។
ទោះ​យ៉ាង​ណា មន្ត្រី​សាលា​ខេត្ត​មណ្ឌលគិរី បាន​បដិសេធន៍​មិន​ផ្តល់​អត្ថាធិប្បាយ​ចំពោះ​សំណួរ​ជុំវិញ​ប្រទេស​វៀតណាម បង្ខិត​ព្រំដែន​ដែល​ពលរដ្ឋ​អះអាង​ថា បាន​រំលោភ​ចូល​ទឹក​ដី​កម្ពុជា ទេ នៅ​ថ្ងៃ​សុក្រ ទី២៣ ខែ​វិច្ឆិកា។
ប៉ុន្តែ លោក ក្រួច ឆេង នាយ​ប៉ុស្តិ៍​ព្រំដែន​ពូជូ ស្រុក​អូរាំង ខេត្ត​មណ្ឌលគិរី ត្រូវ​បាន​ពលរដ្ឋ​ជន​ជាតិ​ព្នង ដក​ស្រង់​សម្ដី​មក​បញ្ជាក់​ថា លោក​ដឹង​ឮ​លើ​ករណី​នេះ​ដែរ ប៉ុន្តែ​មន្ត្រី​រូប​នេះ​គ្មាន​ការ​ភ្ញាក់​ផ្អើល​នោះ​ទេ។
រដ្ឋាភិបាល​កម្ពុជា គ្រោង​បោះ​កំណត់​បង្គោល​ព្រំដែន​គោក​ជាមួយ​វៀតណាម ឲ្យ​ចប់​ជា​ស្ថាពរ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ មន្ត្រី​ព្រំដែន​បញ្ជាក់​ថា​អាច​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣។
ទាក់​ទិន​បញ្ហា​នេះ លោក រ៉ុង ឈុន តំណាង​ក្រុម​ប្រឹក្សា​ឃ្លាំ​មើល​ព្រំដែន​កម្ពុជា បាន​ថ្កោលទោស​ទង្វើ​របស់​សមត្ថកិច្ច​ខេត្ត​មណ្ឌលគិរី ដែល​គំរាម​ប្រជាពលរដ្ឋ​ដែល​ហ៊ាន​សម្ដែង​មតិ​លើ​បញ្ហា​ប្រទេស​ជិត​ខាង​រំលោភ​ឈ្លាន​ពាន​ទឹកដី​កម្ពុជា។ ផ្ទុយ​ទៅ​វិញ លោក​ថា​អាជ្ញាធរ​គួរ​លើក​ទឹក​ចិត្ត​ពលរដ្ឋ​ដែល​ហ៊ាន​លើក​យក​បញ្ហា​មក​ពិភាក្សា និង​រួម​គ្នា​ការពារ។
បង្គោល​ព្រំដែន​គោក​ខេត្ត​មណ្ឌលគិរី រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម មិន​ទាន់​បាន​ឯកភាព​បោះ​ឲ្យ​បាន​រួច​រាល់​នៅ​ឡើយ​ទេ។
បញ្ហា​នេះ លោក វ៉ា គឹមហុង ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា ធ្លាប់​បញ្ជាក់​ថា បង្គោល​ដែន ឬ​តម្រុយ​ព្រំដែន​គោក​កម្ពុជា-វៀតណាម រដ្ឋាភិបាល​មិន​មែន​ចេះ​តែ​បោះ​ទៅ​តាម​ការ​ចង្អុល​បង្ហាញ​របស់​ភាគី​វៀតណាម ដូច​មន្ត្រី​គណបក្ស​ប្រឆាំង ឬ​សង្គម​ស៊ីវិល​ខ្លះ​ចោទ​ទេ។ លោក​ថា ការងារ​នេះ​រដ្ឋាភិបាល​មាន​ការ​ថ្លឹងថ្លែង និង​ពិនិត្យ​ដល់​ទី​បំផុត​មុន​នឹង​ចាប់​អនុវត្ត​ការងារ​នេះ។
បង្គោល​កំណត់​ព្រំដែន​គោក​កម្ពុជា-វៀតណាម សរុប​មាន​ចំនួន ៣៧៥​បង្គោល។ ដើម​ឡើយ លោក​ទេស​រដ្ឋមន្ត្រី វ៉ា គឹមហុង បាន​បញ្ជាក់​ថា រដ្ឋាភិបាល​គ្រោង​នឹង​បោះ​ឲ្យ​រួច​ជា​ស្ថាពរ​នៅ​ត្រឹម​ឆ្នាំ​២០១២ ប៉ុន្តែ​ពេល​នេះ លោក​ថា​ទំនង​ជា​ត្រូវ​ពន្យារ​ដល់​ឆ្នាំ​២០១៣ ដោយ​សារ​មន្ត្រី​ជំនាញ​ត្រូវ​ការ​ពេលវេលា​ពិនិត្យ​បញ្ហា​នេះ​ឲ្យ​បាន​ល្អិតល្អន់៕

No comments:

Post a Comment

yes