សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, January 7, 2013

បុគ្គលិក​កាស៊ីណូ​ជាង​៣០០​នាក់​លាលែង​ពី​ការងារ

130107_09
កូ​ដកម្ម​បុគ្គលិក​កាស៊ីណូត្រូ​ពីកាណា​​ នៅ​ប៉ាយ​ប៉ែត កាល​ពី​ខែ​មុន​​

បន្ទាយមានជ័យៈ មន្ត្រី​សហជីព បាន​និយាយ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ថា បុគ្គលិក​ក្រុម​ហ៊ុន​កាស៊ីណូ និង​រមណីយដ្ឋាន​ត្រូពី​កាណា​ជាង​៣០០​នាក់ នៅ​ក្រុង​ប៉ោយ​ប៉ែត​ខេត្ត​បន្ទាយ​មាន​ជ័យ បាន​សម្រេច​ចិត្ត​លាលែង​ពី​ការងារ​របស់​ពួកគេ ដោយ​យល់​ព្រម​ទទួល​យក​ប្រាក់​អតីត​ភាព​ការងារ បន្ទាប់​ពី​ថៅកែ​របស់​ពួកគេ បាន​បង្ខំ​ឲ្យ​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​ការងារ​រយៈ​ពេលខ្លី​៦ខែ។
លោក សាត សែប ប្រធាន​សហជីព​សេរីកម្មករ​និយោជិក​ក្រុមហ៊ុន​កាស៊ីណូ​ត្រូពី​កាណា ដែល​ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​ការងារ​កាល​ពី​ដើម​ឆ្នាំ​មុន បាន​ថ្លែង​ថា កាល​ពី​ថ្ងៃ​សុក្រ ថៅកែ​កាស៊ីណូ​ត្រូពី​កាណា បាន​បង្ខំ​ឲ្យ​កម្មករ​ចុះ​ហត្ថលេខា​លើ​កុង​ត្រា​រយៈពេល​ខ្លី ព្រោះ​ក្រុម​ហ៊ុន មិន​ចង់​ឲ្យ​មាន​សហជីព​នៅ​ក្នុង​ក្រុមហ៊ុន​ទៀត​ទេ។ លោក​បាន​បញ្ជាក់​ថា៖​«ថៅកែ បាន​គំរាម​កំហែង​ឲ្យ​កម្មករ​ចុះ​ហត្ថលេខា​លើ​កុងត្រា​រយៈ​ពេល​ខ្លី ហើយ​សមាជិក​សហជីព​ស្ទើរ​តែ​ទាំង​អស់ បាន​សម្រេច​ចិត្ត​លាលែង ហើយ​ទទួល​យក​ប្រាក់​អតីត​ភាព​ការងារ​របស់​ពួកគេ​ប្រសើរ​ជាង​ចុះ ហត្ថលេខា​លើ​កុងត្រា​ការងារ​ថ្មី»។

លោក បាន​ថ្លែង​បន្ត​ថា៖ «កម្មករ មិន​បាន​ឯកភាព​ទេ​ព្រោះ​ប្រសិន​បើ​ពួកគេ ចុះ​ហត្ថលេខា ពួកគេ​នឹង​បាត់​បង់​ប្រយោជន៍​ទាំង​អស់​ដែល​ពួកគេ​មាន​ជា​ច្រើន​ឆ្នាំ​មក ហើយ ហើយ​កម្មករ​ខ្លះ ធ្វើ​ការ​ជាង​១០ឆ្នាំ​ទៅ​ហើយ»។
លោក បាន​មាន​ប្រសាសន៍​បន្ត​ថា ពួក​គេនឹង​ត្រូវ​គេ​បណ្តេញ​ចេញ នៅ​ពេល​ណា​ដែល​កុង​ត្រា​រយៈពេល​ខ្លី​របស់​ពួកគេ​ផុត ទង្វើ​ដែល​ក្រុម​ហ៊ុន បាន​ធ្វើ​ជាមួយ​កម្មករ ដែល​វា​បង្ហាញ​ពី​ភាព​មិន​បាន​គោរព​ច្បាប់​ការងារ។ លោក សាត សែប បាន​បញ្ជាក់​ថា៖​«យើង មិន​តវ៉ា ឬ​ធ្វើ​កូដកម្ម​ទេ ព្រោះ​កម្មករ​បាន​ទទួល​យក​អតីត​ភាព​របស់​ពួកគេ ហើយ​ដើរ​ចេញ​ពី​កន្លែង​ការ​ងារ​របស់​ពួកគេ​រួច​ហើយ។ ខ្ញុំ​មាន​ការ​សោក​ស្តាយ ហើយ​អាណិត​បុគ្គលិក​ដែល​បាន​បាត់​បង់​ការងារ​របស់​ពួកគេ»។
លោក អេង កុសល ​ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ​ត្រូពី​កាណា​ចំនួន​១២​ឆ្នាំហើយ​បាន​សម្រេច​ចិត្ត ​ឈប់​ធ្វើការ ​ឲ្យដឹង​ថា​ លោក​ បាន​លា​លែង​ព្រោះ​លោក នឹង​ត្រូវ​គេ​បណ្តេញ​ចេញ នៅ​ពេល​ដែល​កុងត្រា​រយៈពេល​ខ្លី​របស់ លោក​ត្រូវ​បាន​បញ្ចប់។ លោក​បាន​ថ្លែង​ថា​៖«​ក្រុម​ហ៊ុន មិន​ចង់​ឲ្យ​មាន​សហជីព​ធ្វើ​ការ​ក្នុង​កាស៊ីណូ​នេះ​ទៀត​ទេ​ ខ្ញុំជា​សមាជិក FTWUT ដែល​ដឹក​នាំ​ដោយ​លោក សាត សែប»។
លោក អេង កុសល បាន​មាន​ប្រសាសន៍​បន្ត​ថា បុគ្គលិក​ដែល​មិន​មែន​ជា​សមាជិក​សហជីព​នឹង​បន្ត​កុងត្រា​របស់​ពួកគេ បន្ទាប់​ពី៦​ខែ ប៉ុន្តែ​សមាជិក​របស់​សហជីព នឹង​ត្រូវ​គេ​បញ្ឈប់។ លោក​បាន​បញ្ជាក់​ថា​៖«​ខ្ញុំកំពុង​តែ​រក​ការងារ​ថ្មី ប៉ុន្តែ​វា ពិបាក​ណាស់​ក្នុង​ការ​រក​ការងារ ព្រោះ​ឈ្មោះ​របស់​ខ្ញុំ ត្រូវ​បាន​គេ​បញ្ជូន​ទៅ​ក្រុមហ៊ុន​ផ្សេងៗ​ទៀត ហើយ​ក្រុមហ៊ុន​ទាំង​នោះ នឹង​មិន​ទទួល​ខ្ញុំ​ឲ្យ​ធ្វើ​ការ​ជាមួយ​ពួកគេ​ទេ»។
តំណាង​កាស៊ីណូ និង​រមណីយដ្ឋាន​ត្រូ​ពីកាណា ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​ទេ​កាល​ពី​ថ្ងៃ​ម្សិល​មិញ​៕ 

No comments:

Post a Comment

yes