
ជនជាតិចិនទាំងនេះ ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសៅរ៍ ពាក់ព័ន្ធនឹងការប្រើប្រព័ន្ធ
VOIP ពីកម្ពុជា ដើម្បីគំរាម និងជំរិតទារប្រាក់ពីពលរដ្ឋនៅចិន និងចិនតៃវ៉ាន់
ភ្នំពេញៈ ជនបរទេស៧៨នាក់រួមមានជនជាតិចិន៧៧នាក់(ភាគច្រើនតៃវ៉ាន់) និងស្ត្រីវៀតណាមម្នាក់ ត្រូវមន្ត្រីជាន់ខ្ពស់នៃអគ្គស្នងការនគរបាលជាតិអះអាងថា ត្រូវកម្លាំងនគរបាលសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃធ្វើការចាប់ខ្លួនពាក់ព័ន្ធនឹងការប្រើប្រព័ន្ធ VOIP (សំឡេងលើអ៊ីនធឺណិត)ពីកម្ពុជាទៅគំរាមនិងជំរិតទារប្រាក់ពីពលរដ្ឋនៅចិននិងចិនតៃវ៉ាន់។
លោកឧត្ដមសេនីយ៍ឯក សុខ ផល អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា ពួកគេត្រូវបានចាប់ខ្លួន ខណៈកម្លាំងនគរបាលធ្វើការឆ្មក់ចូលផ្ទះជួលពួកគេ ស្ថិតនៅក្នុងខណ្ឌបួន គឺខណ្ឌមានជ័យ ខណ្ឌ៧មករា ទួលគោក និងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី៥មករា។ ក្នុងការបង្ក្រាបនោះនគរបាលរឹបអូសបានទូរស័ព្ទ និងខ្សែកាប ព្រមទាំងសម្ភារពាក់ព័ន្ធមួយចំនួន។
លោកអគ្គស្នងការរងបាន ប្រាប់ភ្នំពេញប៉ុស្តិ៍ ពីម្សិលមិញថា៖ «ជនជាតិចិនទាំងនេះ គឺជាសមាជិកក្រុមម៉ាហ្វីយ៉ាចិន ដែលបានសម្ងំលាក់ខ្លួននៅកម្ពុជា។ ពួកគេត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនក្នុងការឆ្មក់ចូលឆែកឆេរ ទៅក្នុងផ្ទះជួលពួកគេ នៅក្នុងខណ្ឌបួន ក្នុងរាជធានីភ្នំពេញ»។
លោកអគ្គស្នងការរងថ្លែងថា ៖ «នេះជាការបង្ក្រាបដ៏ធំមួយលើក្រុមម៉ាហ្វីយ៉ាចិនដែលយើងបានធ្វើ នៅដើមឆ្នាំ២០១៣។ វាជាជោគជ័យថ្មីមួយ ដែលនគរបាលកម្ពុជាយើងបានធ្វើនៅក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុមម៉ាហ្វីយ៉ា និងសកម្មភាពភេវរកម្មនៅកម្ពុជា»។
លោកឧត្ដម សេនីយ៍បន្ថែមថា មនុស្សទាំង៧៨នាក់ខាងលើនេះត្រូវបានចោទប្រកាន់ពីបទប្រើប្រព័ន្ធ VOIP ចេញពីកម្ពុជាដើម្បីគំរាមនិងជំរិតទារប្រាក់ពីពលរដ្ឋនៅចិន និងចិនតៃវ៉ាន់។ ពួកគេត្រូវបានចាប់ខ្លួនដោយផ្អែកតាមរបាយការណ៍ពីប៉ូលិសចិនដែល បានស្នើសុំនាពេលថ្មីៗនេះដល់អគ្គស្នងការដ្ឋាននគរបាលជាតិ កម្ពុជាដើម្បីធ្វើកិច្ចសហការស្វែងរកចាប់ខ្លួនពួកគេ។
លោក សុក ផល បានបន្តថា៖«បើយោងតាមការបញ្ជាពីឯកឧត្ដម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កម្ពុជាគ្មានគោលការណ៍ឃុំខ្លួនជនជាតិចិនទាំងនេះក្នុងប្រទេសយើង ទេ។ ឥឡូវនេះយើងកំពុងធ្វើការទាក់ទងជាមួយអាជ្ញាធរចិន អំពីការបណ្ដេញទៅប្រទេសពួកគេវិញ។ ពួកគេនឹងត្រូវបញ្ជូនចេញទៅកាន់ប្រទេសខ្លួនវិញ នៅក្នុងរយៈពេលបីឬបួនថ្ងៃទៀត»។
លោកឧត្ដមសេនីយ៍បញ្ជាក់ថា ដើម្បីប្រយុទ្ធប្រឆាំងនឹងក្រុមម៉ាហ្វីយ៉ាបរទេស ឬក៏ក្រុមភេវរករបរទេសដែលសម្ងំលាក់ខ្លួននៅក្នុងកម្ពុជា កម្លាំងនគរបាលនឹងពង្រឹងការត្រួតពិនិត្យនិងគ្រប់គ្រងបន្ថែមទៀត នៅតាមគ្រប់ផ្ទះសម្បែង ផ្ទះល្វែង ឬលំនៅដ្ឋានទាំងឡាយណា ដែលជួលឲ្យជនបរទេសជាពិសេស គឺជនជាតិចិន និងចិនតៃវ៉ាន់ នៅពេលខាងមុខនេះ។
លោកឧត្ដមសេនីយ៍ទោ ឆៃ ស៊ីណារិទ្ធ ប្រធាននាយកដ្ឋាននគរបាលសន្តិសុខផ្ទៃក្នុងនៃក្រសួងមហាផ្ទៃ បានប្រាប់ភ្នំពេញប៉ុស្តិ៍ពីម្សិលមិញថា ជនខាងលើនេះមិនត្រូវបញ្ជូនទៅកាន់តុលាការកម្ពុជាធ្វើការចោទ ប្រកាន់ទេ ព្រោះពួកគេមិនបានប្រព្រឹត្តបទឧក្រិដ្ឋនៅកម្ពុជានោះឡើយ។ ពួកគេនឹងត្រូវនិរទេសទៅកាន់ប្រទេសកំណើតខ្លួន ដើម្បីធ្វើការកាត់ទោសនិងផ្ដន្ទាទោសពួកគេតាមផ្លូវច្បាប់នៅទីនោះ។
លោកមានប្រសាសន៍ថា៖«ជនទាំងនេះបានប្រព្រឹត្តបទល្មើស នៅក្នុងប្រទេសរបស់គេ ព្រោះគេបានទូរស័ព្ទទៅគំរាមនិងជំរិតទារប្រាក់ពីក្រុមជនរងគ្រោះ នៅចិន និងចិនតៃវ៉ាន់។ ដូច្នេះពួកគេនឹងត្រូវបញ្ជូនត្រឡប់ទៅប្រទេសខ្លួនវិញ ដើម្បីប្រឈមនឹងការចោទប្រកាន់ ការកាត់ទោសតាមច្បាប់របស់ប្រទេសខ្លួន»។
លោកបន្ថែមថា ដើម្បីបង្រ្កាបក្រុមម៉ាហ្វីយ៉ាចិននៅកម្ពុជា នគរបាលកម្ពុជា កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយប៉ូលិសចិន។
ពាក់ព័ន្ធ នឹងការបង្រ្កាបលើក្រុមម៉ាហ្វីយ៉ាចិននេះ លោកឆៃ ស៊ីណារិទ្ធ ថ្លែងថា នគរបាលកំពុងបន្តធ្វើការពិនិត្យឆែកឆេរផ្ទះជួលជនជាតិចិនជាប់ សង្ស័យនៅក្នុងរាជធានីភ្នំពេញបន្តទៀត។
ឯកអគ្គរដ្ឋទូតចិន និងក្រុមមន្ត្រីប្រចាំស្ថានទូតចិននៅកម្ពុជាមិនអាចទាក់ទងសុំ ការអធិប្បាយបានទេ កាលពីថ្ងៃម្សិលមិញ៕
No comments:
Post a Comment
yes