សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, January 16, 2013

និស្សិត​ក្រុម​ទីពីរ ២០១៦ នាក់​ចេញ​ដំណើរ​ទៅ​វាស់​ដី

130116_03
ក្រុម​និស្សិត​​នៅ​ពេល​រៀប​ចេញ​ដំណើរ​ពី​កោះ​ពេជ្រម្សិល​មិញ​

ភ្នំពេញៈ មន្ត្រី​រដ្ឋាភិបាល​បាន​ថ្លែង​ថា យុវជន​ស្ម័គ្រ​ចិត្ត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន​ក្រុម​ទី២ ដែល​មាន​គ្នា​សរុប​២០១៦​នាក់ គ្រោង​នឹង​ធ្វើ​ការ​វាស់​វែង​ដី​ឲ្យ​បាន​ជាង​១លាន​ហិកតា ដែល​ស្មើ​នឹង​៥០​ភាគរយ​នៃ​ផ្ទៃ​ដី​ត្រូវ​វាស់​សរុប​ ឲ្យ​បាន​មុន​ការ​បោះឆ្នោត​ជាតិ​អាណត្តិ​ទី៥។
លោក អ៊ឹម ឈុនលឹម ទេសរដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់​ បាន​ថ្លែង​នៅ​កោះ​ពេជ្រ​ មុន​ពេល​ជូន​ដំណើរ​យុវជន​ស្ម័គ្រ​ចិត្ត​ទាំង​១៦៨ ក្រុម ស្មើ​នឹង​២០១៦​នាក់​កាល​ពី​ម្សិលមិញ​ថា ទាំង​មន្ត្រី​ ទាំង​យុវជន​គឺ​បាន​ប្តេជ្ញា​ថា​នឹង​វាស់​វែង​ដី​ឲ្យ​បាន​ជាង​១ លាន​ហិកតា ស្មើ​នឹង​៥០​ភាគរយ​នៃ​ផ្ទៃ​ដី​សរុប​ត្រូវ​វាស់​វែង នៅ​មុន​ការ​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​អាណតិ្ត​ទី៥​ដែល​នឹង​ ចាប់​ផ្តើម​នៅ​ថ្ងៃ​ទី ២៧ ខែ​មិថុនា។ លោក​ថ្លែង​ទៀត​ថា លើស​ពី​នេះ​ទៀត​ក្រុម​យុវជន​ស្ម័គ្រចិត្ត​ប្តេជ្ញា​ថា​ នឹង​វាស់​វែង​ដី​ឲ្យ​បាន​ ១០០ ភាគរយ នៅ​លើ​ផ្ទៃ​ដី​សរុប​ប្រមាណ​ជា​ពី​១,៨ លាន​ហិកតា ទៅ​២​លាន​ហិកតា​ នៅ​ត្រឹម​ដំណាច់​ត្រី​មាស​ទី១​នៅ​ដើម​ឆ្នាំ​២០១៤ ខាង​មុខ។

បើ​តាម លោក​ទេសរដ្ឋ​មន្ត្រី​រូប​នេះ​ បេសកកម្ម​របស់​ក្រុម​និស្សិត​ជំហាន​ទីពីរ​នេះ គឺ​ត្រូវ​ទៅ​កាន់​ទី​តាំង​ចាស់ ដែល​បាន​អនុវត្ត នៅ​ក្នុង​ជំហាន​ទី១ ដែល​មិន​ទាន់​ចប់​នៅ​ឡើយ នៅ​ក្នុង​ខេត្ត​ចំនួន​១៩ លើក​លែង​តែ​ខេត្ត​កែប ដែល​បាន​បញ្ចប់​ការ​វាស់​វែង​ជា​ស្ថាពរ​។ នៅ​ក្នុង​ជំហាន​ទី​មួយ ក្រុម​និស្សិត បាន​វាស់​វែង​ដី​បាន​ចំនួន​៣ សែន ​៤ម៉ឺន​ក្បាល​ដី​ លើ​ទំហំ​ដី​៥៨ ម៉ឺន​ហិកតា ហើយ​បើ​គិត​ក្នុង​មួយ​គ្រួសារ​បាន​ផ្ទៃ​ដី​ជា​មធ្បម​១,៧​ ហិកតា​។ ​ប្រជា​ពលរដ្ឋ​៣៥​ម៉ឺន​គ្រួសារ​ស្មើ​១,៥លាន​នាក់ បាន​ទទួល​ការ​វាស់វែង​ដី​ធ្លី​។ លោក អ៊ឹម ឈុនលឹម បាន​គូស​បញ្ជាក់​ថា​៖ «នេះ​គឺជា​សមិទ្ធផល​របស់​យុវជន​ស្ម័គ្រចិត្ត​ ដែល​ស័ក្តិសម​នឹង​តម្លៃ ​ដែល​សម្តេច​តេជោ ឲ្យ​ឈ្មោះ​ថា វីរយុវជន​ស្ម័គ្រចិត្ត សម្តេច​តេជោ»។
យុវនិស្សិត អឿ ជួន​ ដែល​បាន​ចូល​រួម​វាស់​ដី​ក្នុង​ជំហាន​ទី​១ និង​នៅ​តែ​បន្ត​ក្នុង​វគ្គ​ទី២​នេះ​ទៀត ​បាន​ថ្លែង​ថា លោក​បាន​រៀន​សូត្រ​ច្រើន​អំពី​សង្គម​ខាង​ក្រៅ​ដែល​ខុស​អំពី​អ្វី​ ដែល​លោក​នៅ​តែ​ផ្ទះ។ លោក​បបន្ត​ថា​៖ «ខ្ញុំ​បាន​យល់​ដឹង​អំពី​ការ​លំបាក​របស់​ប្រជា​ពលរដ្ឋ​ដែល​​ពួក​គាត់​មាន​បញ្ហា អំពី​ការ​ទន្ទ្រាន​យក​ដី​ស្រែ​ចម្ការ​របស់​គាត់​។ បើ​ខ្ញុំ​មិន​ចុះ​ទៅ​ដល់​កន្លែង​នោះ​ទេ គឺ​ខ្ញុំ​ពុំ​បាន​ដឹង​អ្វី​ទាំង​អស់​ ក្រៅ​ពី​ភាព​ហ៊ឺហា​នៅ​ទីក្រុង​»។
អ្នកស្រី ឆាំ ម្លិះ​ អាយុ ៥៣ ឆ្នាំ ដែល​បាន​កាន់​បាយ​កញ្ចប់​ ដើម្បី​មក​ជូន​ដំណើរ​កូន​ប្រុស​ចេញ​ទៅ​វាស់​ដី​បាន​ថ្លែង​ថា​ អ្នក​ស្រី​សប្បាយ​ចិត្ត​ ដែល​កូន​របស់​អ្នក​ស្រី បាន​ចូលរួម​ក្នុង​កម្មវិធី​យុវជន​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ ដែល​នឹង​ទទួល​បាន​ចំណេះ​ដឹង​បន្ថែម​ទៀត​។ អ្នក​ស្រី​បាន​និយាយ​ថា៖ «អ្វី​ដែល​ខ្ញុំ​សប្បាយ​ចិត្ត​បំផុត​នោះ​ គឺ​កូន​របស់​ខ្ញុំ​ ត្រូវ​សម្តេច​លោក​បាន​ចាត់​ទុក​ដូច​ជា​កូន​របស់​សម្តេច​ដែរ​ ហើយ​សម្តេច លោក​យក​ចិត្ត​ទុក​ដាក់​ខ្លាំង​ណាស់»។
កាល​ពី​យប់​ថ្ងៃ​ទី​ ៦ ខែ​មករា ឆ្នាំ ២០១៣ នៅ​ក្នុង​ពិធី​ជប់​លៀង​ បញ្ចប់​បេសកកម្ម​ចុះ​វាស់វែង​ដីធ្លី​ របស់​ក្រុម​យុវជន​ស្ម័គ្រចិត្ត​វគ្គ​ទី១ នៅ​ឯ​មជ្ឈមណ្ឌល​កោះ​ពេជ្រ​លោក​នាយក​រដ្ឋ​មន្ត្រី ថ្លែង​ថា សកម្មភាព​ចុះ​វាស់វែង​ដីធ្លី​ ជូន​ប្រជាពលរដ្ឋ មិន​អាច​អនុវត្ត​បាន​ នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​រក​សំឡេង​ឆ្នោត​ក្នុង​ពេល​ខាង​មុខ​ទេ។ ដូច្នេះ​សកម្មភាព​ចុះ​វាស់​វែង​ដីធ្លី​ នៅ​វគ្គ​ទី​២ ដែល​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ទី​១៥ ខែ​មករា អាច​នឹង​ត្រូវ​បញ្ចប់​នៅ​ក្នុង​ខែ​មិថុនា ឬ​ប្រសិន​បើ​មិន​ទាន់​ចប់​សព្វគ្រប់​ទេ​ គម្រោង​នេះ ក៏​ត្រូវ​ផ្អាក​ជា​បណ្ដោះអាសន្ន​ នៅ​ក្នុង​ខែ​មិថុនា​ដែរ ដើម្បី​ចៀសវាង​ការ​រិះគន់​ពី​មជ្ឈដ្ឋាន​ផ្សេងៗ​ថា យក​សកម្មភាព​វាស់វែង​ដី​របស់​យុវជន​ទៅ​ទាក់​ទាញ​រក​សំឡេង​ឆ្នោត។
ប៉ុន្តែ លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស សម រង្ស៊ី​ បាន​លើក​ឡើង​កាល​ពី​ម្សិលមិញ​​ថា ប្រសិន​បើ​លោក​នាយក​រដ្ឋ​មន្ត្រី​ ប្រើប្រាស់​ក្រុម​យុវជន​ទាំង​នោះ​ដោយ​ពុំ​មែន​បម្រើ​ផល​ប្រយោជន៍​បក្ស​របស់​ គាត់​ នោះ​គឺ​វា​ដូច​ជា​ពុំ​មាន​ប៉ះ​ពាល់​អ្វី ទៅ​នឹង​ដំណើរ​ការ​បោះឆ្នោត​ខាង​មុខ​នេះ​នោះ​ទេ។ លោក​បាន​ថ្លែងថា​ ៖ «​មិន​គួរ​ណា​ផ្អាក​នោះ​ទេ ប្រសិន​បើ​សកម្មភាព​នោះ​ មិន​បម្រើ​បក្ស​នយោបាយ ពីព្រោះ​សកម្មភាព​ទាំង​នោះ​ គឺ​ដើម្បី​លុប​បំបាត់​ការ​ចាប់​យក​ដី​ប្រជា​ពលរដ្ឋ​ ដែល​បាន​កើត​ឡើង​ស្ទើរ​តែ​ពេញ​ប្រទេស»៕

No comments:

Post a Comment

yes