លោក រស់ សុឃិត
ភ្នំពេញ: រយៈពេលជាងពីរឆ្នាំ បន្ទាប់ពីអ្នកកាសែត រស់ សុឃិត ដាក់បណ្តឹងសារទុក្ខគាត់ទៅតុលាការកំពូលសំណុំរឿងនេះត្រូវបានដំណើរការឡើងវិញដោយតុលាការកំពូលបញ្ជាឲ្យភាគីទាំងពីរដាក់របាយការណ៍អះអាងរបស់ខ្លួន។
កាលពីខែវិច្ឆិកា ឆ្នាំ២០១០ លោក រស់ សុឃិត បានដាក់បណ្តឹងសារទុក្ខទៅតុលាការកំពូលប្រឆាំងនឹងការកាត់ទោសគាត់ពាក់ព័ន្ធបទបរិហារកេរ្តិ៍ដោយតុលាការថ្នាក់ក្រោម និងទាមទារប្រាក់ចំនួន ១២ម៉ឺនដុល្លារ ជាសំណងជំងឺចិត្ត។
ការដាក់បណ្តឹងសារទុក្ខទៅប្រធានតុលាការកំពូល លោក ឌិត មុន្ទី ចុះថ្ងៃទី៣០វិច្ឆិកា ដែលភ្នំពេញ ប៉ុស្តិ៍បានទទួល ពីម្សិលមិញ ចាងហ្វាងកាសែតជាតិខ្មែរ បានស្នើឲ្យតុលាការកំពូលធ្វើការពិនិត្យសំណុំរឿងរបស់គាត់ឡើងវិញ ដោយថ្លែងថា សេចក្តីសម្រេចរបស់តុលាការមុនៗ ពាក់ព័ន្ធនឹងអំណាចនយោបាយជាងតាមផ្លូវច្បាប់។
លោក សុឃិត ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ២ឆ្នាំ ដោយសាលាដំបូងភ្នំពេញ តែសាលាឧទ្ធរណ៍សម្រេចកាត់ទោសគាត់ឲ្យជាប់ពន្ធនាគារតែ១ឆ្នាំ ពាក់ព័ន្ធនឹងការផ្ញើសារគំរាមលោក សយ សុភាព។ គាត់ត្រូវដោះលែង បន្ទាប់ពីជាប់ពន្ធនាគារមួយឆ្នាំក្រោយពីមានអន្តរាគមន៍ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ ប៉ុន្តែ តាំងពីនោះមកគាត់តែងព្យាយាមស្វែងរកការកាត់ក្តីជាថ្មីប្រឆាំងនឹងការសម្រេចនេះ។
លោក រស់ សុឃិត ថ្លែងថា ៖ «ប្រសិនបើយើងមិនប្តឹងសារទុក្ខទេ វាមានន័យថា យើងទទួលស្គាល់កំហុសនោះ»។
លោក កែម ថាវរ៉ូ ក្រឡាបញ្ជីតុលាការកំពូលដែលបញ្ជាឲ្យភាគីទាំងពីរដាក់របាយការណ៍ទៅតុលាការ បានឲ្យដឹងថា លោកកំពុងរង់ចាំខាងលោក សយ សុភាព បញ្ជូនឯកសារទាំងអស់នោះទៅចៅក្រម លោក ឌិត មុន្ទី៕
No comments:
Post a Comment
yes