សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Friday, February 22, 2013

បណ្ឌិត សុខ ទូច​ ៖ មន្ត្រី​តុលាការ​សមាជិក​បក្ស គាត់​ត្រូវ​តែ​ការពារ​គណបក្ស​គាត់

130222_08
សាស្ត្រា​ចារ្យ​បណ្ឌិត សុខ ទូច សាកល​វិ​ទ្យា​ធិការ​​សាកល​វិទ្យា​ល័យ​ខេម​រៈ
លោក បណ្ឌិត សុខ ទូច ជា​អតីត​ពល​ទាហាន​ នៅ​វរសេនា​ធំ​លេខ​ ៣៣ ប្រចាំ​ការ​នៅ​ខេត្ត​កំពង់ចាម នៅ​ក្នុង​ឆ្នាំ​១៩៧៩-១៩៨១ ហើយ​ពី​ឆ្នាំ​១៩៨៩-២០០០​លោក​បាន​បញ្ចប់​ថ្នាក់​បរិញ្ញាបត្រ​និង​ថ្នាក់​ បណ្ឌិត​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ​និង​ប្រវត្តិសាស្រ្ត​នៅ​អតីត​សហភាព សូវៀត។
លោក​ជា​ស្ថាបនិក​សាកល​វិទ្យាល័យ​ចំរើន​ពហុបច្ចេកវិទ្យា ជា​សាកល​វិទ្យាធិការ​នៃ​សាកល​វិទ្យាល័យ​ខេមរៈ ហើយ​លោក​ ក៏​ជា​អ្នក​បង្កើត​និង​ជា​ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជ​បណ្ឌិត​សភា​កម្ពុជា​ផង​ដែរ។
ខាង​ក្រោម​នេះ ជា​បទ​សម្ភាស​របស់​លោក​ជាមួយ ភ្នំពេញ ​ប៉ុស្តិ៍​ ទាក់​ទង​នឹង  ទស្សនៈ​លោក​ផ្ទាល់​លើ​វិស័យ​ច្បាប់​និង​ការ​អនុវត្តន៍​ច្បាប់​របស់​ចៅ​ ក្រម​ ព្រះរាជ​អាជ្ញា និង​មេធាវី​ នៅ​ក្នុង​ព្រះរាជាណា​ចក្រ​កម្ពុជា​ពី​កន្លង​មក និង​បច្ចុប្បន្ន ៖

តើ​លោក​យល់​ដូច​ម្តេច​ដែរ ចំពោះ​ការ​អនុវត្ត​ច្បាប់​របស់​តុលាការ​នៅ​កម្ពុជា​ក្នុង​ដំណាក់​កាល​បច្ចុប្បន្ន​នេះ?
បើ យើង​និយាយ​អំពី​ច្បាប់​នៅ​ប្រទេស​កម្ពុជា ឃើញ​ថា រាជរដ្ឋាភិបាល​យើង​រៀបចំ​បាន​ល្អ​និង​មាន​សុក្រឹតភាព​ហើយ ជា ពិសេស​ក្រសួង​យុត្តិធម៌ ប៉ុន្តែ​ជា​ទិដ្ឋភាព​ទូទៅ​ការ​អនុវត្ត​វិញ ​យើង​ធ្វើ​ពុំ​ទាន់​បាន​ត្រឹម​ត្រូវ​នៅ​ឡើយ​ទេ។
លោក​បណ្ឌិត តើ​យល់​ថា​ មេធាវី ចៅក្រម​ និង​ព្រះ​រាជ​អាជ្ញាប្រទេស​កម្ពុជា មាន​ការ​អនុវត្ត​ច្បាប់​បាន​ក្នុង​កម្រិត​ណា​ដែរ តើ​នៅ​មាន​ចន្លោះ​ប្រហោង​អ្វី​ខ្លះ?
ខ្ញុំយល់​ឃើញ​ថា កម្ពុជា​យើង​កំពុង​តែ​ដើរ​នៅ​លើ​ផ្លូវ​មួយ​ហៅ​ថា នីតិ​រដ្ឋ​ហើយ​ បើ​និយាយ​ថា​ នីតិរដ្ឋ​នោះ​វា​ស្រួល​ស្តាប់​មែន តែ​ការ​អនុវត្ត​វិញ​នោះ វា​ពិត​ជា​លំបាក​ណាស់​។ បញ្ហា​នេះ​ដោយ​សារ​តែ​កម្ពុជា​បាន​ឆ្លង​កាត់​របប​គ្រប់​គ្រង​ខុស​ពី​ប្រទេស​ ដទៃ​ និង​ត្រូវ​ឆ្លង​កាត់​៤​ដំណាក់​កាល​ឯណោះ។ ទី១-គឺ​របប​សក្តិ​ភូមិ​ឬ​របប​ផ្តាច់​ការ​និយម​ ទី២-ជា​របប​អាណា​និគម​និយម​ ទី៣-របប​កុម្មុយនីស្ត​ដែល របប នេះ​មាន​ពីរ បែប​ទៅ​ទៀត គឺ​បែប​ផ្តាច់​ការ​តាម​លទ្ធិ​ម៉ៅ​សេទុង​របស់​ប្រទេស​ចិន​និង​បែប ម៉ាក្សលេនីន​នៃ​អតីត​សហភាព​សូវៀត​ ហើយ​ក្រោយ​មក​យើង​បាន​ផ្លាស់​ប្តូរ​មក​លទ្ធិ​ប្រជាធិបតេយ្យ​វិញ។ អ៊ីចឹង​ហើយ​មនុស្ស​ដែល​ជា​សំណល់​កាន់​អំណាច​ ឬ​អ្នក​អនុវត្ត​ច្បាប់​នោះ​បាន​នៅ​សល់​ពី​ជំនាន់​របប​នយោបាយ​ទាំង​នោះ​ហើយ ​​ដោយ​សារ​តែ​សំណល់​នេះ​ហើយ ទើប​មាន​ការ​អនុវត្ត​ច្បាប់​នៅ​មាន​កម្រិត​ ប៉ុន្តែ​ខ្ញុំ​យល់​ថា ​ជា​ការ​ល្អ​ដែរ។
លោក​មាន​ប្រសាសន៍​ថា មាន​ការ​អនុវត្ត​ច្បាប់​មិន​ទាន់​ត្រឹម​ត្រូវ​ ប៉ុន្តែ​លោក​ថា វា​ល្អ​ដែរ តើ​ចង់​មាន​ន័យ​ថា​ម៉េច?
ត្រង់ ចំណុច​នេះ ខ្ញុំ​ចង់​និយាយ​ថា​កាល​ពី​អំឡុង​ព្រឹត្តិការណ៍​ឆ្នាំ​១៩៧០ ពេល​នោះ​កម្ពុជា​បាន​ប្រើប្រាស់​កម្លាំង​ដើម្បី​ជា​ដំណោះស្រាយ​បញ្ហា​ ហើយ​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ប្រយោជន៍​ប្រទេស​ច្រើន ដែល​នេះ​ជា​ការ​លំបាក​ តែ​បើ​កម្ពុជា​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​វិញ​នោះ​ គឺ​វា​ខូច​ខាត​ប្រយោជន៍​តិច​ជាង រាប់​ទាំង​ធន​ធាន​មនុស្ស​ផង​។​ តែ​បច្ចុប្បន្ន​យើង​ប្រើ​ប្រព័ន្ធ​តុលាការ​ដូច​ជា​លោក​ សម រង្ស៊ី ជាដើម​នោះ​វា​ងាយ​ស្រួល​ក្នុង​ការ​ដោះ​ស្រាយ​តែ​វា​ធ្វើ​ឲ្យ​មតិ​មហាជន យល់​ថា​ ការ​អនុវត្ត​ច្បាប់​នេះ​វា​ហាក់​ដូច​ជា​ចំពោះ​តែ​បុគ្គល​ម្នាក់ វា​នាំ​ឲ្យ​មាន​ការ​លំបាក​ដែរ​។ ​ពិត​ណាស់​! មនុស្ស​រស់​នៅ​ក្រោម​សំណាញ់​ច្បាប់​ ក៏ប៉ុន្តែ​អ្នក​ក្រីក្រ​ទន់​ខ្សោយ​គាត់​នៅ​ក្រោម​ច្បាប់​ ឯ​អ្នក​មាន​លុយ​និង​មាន​អំណាច​ ពួក​គាត់​នៅ​លើ​ច្បាប់​ដដែល​។​
ម៉្យាង​ ទៀត ​ខ្ញុំ​ឃើញ​ថា​អ្នក​អនុវត្ត​ច្បាប់​បច្ចុប្បន្ន​ច្រើន​តែ​គោរព​តាម​ឆន្ទៈ​ របស់​អ្នក​នយោបាយ​ បើ​អ្នក​នយោបាយ​និយាយ​តែ​មួយ​ម៉ាត់​ គឺ​គេ​ចាប់​ផ្តើម​យក​ឯកសារ​មក​ពិនិត្យ​ភ្លាម តែ​បើ​អត់​និយាយ​ទេ អ្នក​ ក្រ​គ្នា​ជាប់​គុក​​មិន​ទាំង​កាត់​ក្តី​ផង​ទេ រហូត​ដល់​អ្នក​ខ្លះ​ហួស​នីតិ​វិធី​នៃ​ការ​ឃុំឃាំង​ទៀត​ នេះ​ហើយ​ជា​បញ្ហា​ក្នុង​ផ្លូវ​តុលាការ​។ អ្វី​ដែល​លំបាក​មួយ​ទៀត​នោះ​គឺ​បើតា​ម​រដ្ឋធម្មនុញ​របស់​កម្ពុជា គឺ​អង្គ​នីតិប្បញ្ញត្តិ នីតិ​ប្រតិបត្តិ​ និង​តុលាការ​គឺ​នៅ​ផ្សេង​ពី​គ្នា តែ​ដោយ​សារ​មន្រ្តី​តុលាការ​ជា​សមាជិក​របស់​គណបក្ស​ ហេតុ​ដូច្នេះ​ហើយ​ គាត់​មិន​អាច​គេច​ចេញ​ពី​ភាព​អត់​ឯករាជ្យ​បាន​ទេ ព្រោះ​គាត់​ត្រូវ​តែ​ការ​ពារ​គណបក្ស​របស់​គាត់​។
លោក​បណ្ឌិត តើ​ឥទ្ធិពល​នយោបាយ​បាន​គ្រប​សង្កត់​លើ​ការ​កាត់​ក្តី​របស់​ចៅ​ក្រម នៅ​តុលាការ​ដែរ​ទេ​ ?
នេះ ជា​រឿង​ពិត​ ឧទាហរណ៍​ជាក់​ស្តែង​រឿង ឈូក បណ្ឌិត​ ហេតុ​អី​រឿង​ធំ​បែប​នេះ​ហើយ​ជា​​ករណី​ជាក់​ស្តែង​ គាត់​បាញ់​លើ​ជន​រងគ្រោះ តែ​ត្រូវ​តុលាការ​កាត់​ក្តី​ថា ជា​រឿង​អចេតនា​ទៅ​វិញ​។​ រឿង​នៅ​បឹងកក់​ចាប់​អ្នក​តវ៉ា​ដាក់​គុក​ភ្លាម​ៗ មិន​ទាន់​ដឹង​ស​ខ្មៅ​ផង​ ដែល​នេះ​ហើយ​បង្ហាញ​ពី​ការ​អនុវត្ត​ច្បាប់​មិន​ត្រឹមត្រូវ​របស់​តុលាការ​​ ហើយ​បើ​ធ្វើ​តែ​បែប​នេះ វា​មិន​មែន​ជា​​ម៉ែត្រ​វាស់​សម្រាប់​មនុស្ស​ទូទៅ នៅ​ក្នុង​ប្រទេស​នីតិរដ្ឋ និង​ការ​ដាក់​ទោស​ទណ្ឌ​នោះ​ទេ៕

No comments:

Post a Comment

yes