តារាកំប្លែងជើងចាស់ លោកហ៊ិនស៊ុនហឿនហៅនាយស៊ីត្រូដែលធ្លាប់មានឈ្មោះបោះសំឡេងនៅក្នុងពិភពកំប្លែងបានទទួលមរណៈភាពហើយកាលពីព្រឹកថ្ងៃទី២០ខែមិនាឆ្នាំ២០១៣នេះ។
ការទទួលមរណៈភាពរបស់លោកស៊ីត្រូជាក្តីទុក្ខសោកក្រៀមក្រំមួយសម្រាប់ក្រុមគ្រួសាររបស់និងមហាជនទូទៅដែលបាតៀបង់តារាកំប្លែងជើងចាស់រូបនេះ។ពេលនេះសពរបស់លោកស៊ីត្រូកំពុងតម្កល់នៅមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីរង់ចាំធ្វើបុណ្យទៅតាមប្រពៃណីខ្មែរ។
ប្រវត្តិសង្ខេបរបស់ តាស៊ីត្រូក្នុងពិភពសិល្បៈ
លោកស៊ីត្រូចូលសិល្បៈនៅអាយុ៦ឆ្នាំដោយឪពុករបស់លោកគឺជាតារាសម្ដែងនិងគ្រូបង្ហាត់ល្ខោនបាសាក់ក្នុងក្រុមល្ខោនបាក់ស្រេង។ឪពុកលោកបានបង្ហាត់ឲ្យចេះលេងល្ខោនហើយតែងតែយកលោកដើរតួជាកូនក្មេងនៅក្នុងសាច់រឿងជាបន្តបន្ទាប់។លោកសម្ដែងល្ខោនបាសាក់រហូតដល់អាយុ២០ឆ្នាំក៏បានចេះលេងកំប្លែងស្ទាត់រួចហើយក៏បានក្លាយជាគ្រួបង្ហាត់គេវិញម្ដង។
នៅឆ្នាំ១៩៩២-៩៣លោកស៊ីត្រូបានមករស់នៅទីក្រុងភ្នំពេញក្នុងភូមិត្រពាំងឈូកសង្កាត់គីឡូម៉ែត្រលេខ៦ខណ្ឌឫស្សីកែវក្រុងភ្នំពេញ។ក្រោយមកលោកនិងភរិយាបានចូលបម្រើការក្នុងការិយាល័យទី៥ផ្នែកសិល្បៈរបស់ក្រសួងការពារជាតិ។ក្នុងការបម្រើការងារក្នុងក្រសួងការពារជាតិផ្នែកសិល្បៈនោះលោកធ្លាប់ទទួលបានឋានន្តរសក្ដិវរសេនីយ៍ត្រី“សក្តិ៤”ប៉ុន្តែក្រោយមកត្រូវបានរដ្ឋាភិបាលកាត់ចោលវិញនៅសល់តែសក្ដិ១ប៉ុណ្ណោះ។លោកបានចូលនិវត្តកាលពីនាំ២០០៤ ។
បើទោះបីជាលោកស៊ីត្រូធ្លាប់មានកេរ្តិ៍ឈ្មោះបោះសំឡេងរហូតដល់ទៅ៣ជំនាន់ក៏ពិតមែនក៏ប៉ុន្តែលោកមិនធ្លាប់មានឱកាសចេញទៅសម្ដែងនៅក្រៅប្រទេសម្ដងណាឡើយ។លោកធ្លាប់បានថតរឿងកំប្លែងរឿងសម្រាប់ចាក់តាមរោងកុននិងខារ៉ាអូខេបានជាច្រើន។រឿងកំប្លែងភាគច្រើនដែលលោកបានថតត្រូវបានយកទៅលក់នៅក្រៅប្រទេសនិងសម្រាប់ចាក់នៅតាមកញ្ចក់ទូរទស្សន៍ក្នុងស្រុក។ចំពោះខ្សែភាពយន្តដែលលោកបានថតភាគច្រើនត្រូវបានចាក់បញ្ចាំងនៅតាមរោងកុននៅក្នុងប្រទេសនិងតាមកញ្ចក់ទូរទស្សន៍ម្ដងម្កាលប៉ុណ្ណោះ៕
No comments:
Post a Comment
yes