ការអំពាវនាវរបស់សហគមន៍ខ្មែរនៅអ៊ឺរ៉ុបនេះ
ធ្វើឡើងក្នុងញត្តិមួយ ដែលពួកគេបានផ្ញើទៅប្រធានសភាអ៊ឺរ៉ុប ។
ញត្តិនោះសរសេរថា
កិច្ចព្រមព្រៀងទីក្រុងប៉ារីសថ្ងៃ២៣តុលាឆ្នាំ១៩៩១
ប្រទេសកម្ពុជាបានសន្យា និងមានតួនាទីគោរពគោលការណ៍មួយចំនួន
ជាពិសេសលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស និងសិទ្ធិមនុស្ស ។
កិច្ចព្រមព្រៀងក្រុងប៉ារីសនេះ
ធ្វើឲ្យកម្ពុជាទទួលបានការគាំទ្រពីសំណាក់សហគមន៍អន្តរជាតិ
ជាពិសេសសហភាពអ៊ឺរ៉ុប ដើម្បីឈានទៅរកស្ថិរភាព ការអភិ វឌ្ឍ
ការលើកតម្កើងសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ។
ក្នុងញត្តិនោះ
សហគមន៍ខ្មែរទទូចឲ្យមេដឹកនាំនៃសហភាពអ៊ឺរ៉ុបទាំងអស់
ដែលបានផ្តល់ជំនួយយ៉ាងច្រើនមកកម្ពុជា បង្ហាញពីសិទ្ធិរបស់ពួកគេ
ឲ្យកម្ពុជា គោរពការសន្យាតាមសន្ធិសញ្ញាទីក្រុងប៉ារីស ។
ញត្តិរបស់សហគមន៍ខ្មែរ ជំរុញឲ្យមានកំណែទម្រង់ គ.ជ.ប
និងការអនុញ្ញាតិឲ្យលោក សម រង្ស៊ី ចូលមកស្រុកខ្មែរវិញ
ដើម្បីប្រកួតប្រជែងការបោះឆ្នោតថ្នាក់ជាតិនៅថ្ងៃទី២៨ ខែកក្កដាខាងមុខ
។
ទាក់ទងនឹងការនិរន្ទេសខ្លួនរបស់លោក សម រង្ស៊ី
កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០១៣ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន
បានថ្លែងសំដៅទៅរកលោក សម រង្ស៊ីថា រាជរដ្ឋាភិបាល មិនបានដេញលោក សម
រង្ស៊ីទេ ហើយក៏មិនបានឃាត់រូបលោក មិនឲ្យចូលមកវិញដែរ ៖ "ពេលលោកឯងទៅខ្ញុំដេញពីអង្កាល់
ខ្ញុំបញ្ជាក់ឲ្យច្បាស់ទាំងប្រជាជនក្នុងប្រទេស
និងប្រជាជននៅលើពិភពលោក ពាក្យថានិរទេសខ្លួនឯង សូម្បីតែសារព័ត៌មាន
ក៏ចុះផ្សាយនិរទេសខ្លួនឯង មិនមែនរាជរដ្ឋាភិបាលដេញទេ ទីពីរ
ម៉ោងនេះពេលនេះ អត់មានអ្នកណារាំរាំងលោកឯងមិនឲ្យមកទេ
សូមអញ្ជើញលោកឯងធ្លាប់និយាយថាជិះយន្តហោះមកជាមួយ អូបាម៉ា ទៀតនោះ" ។
ចំណែកទាក់ទងនឹងកំណែទម្រង់ គ.ជ.ប វិញ
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង
បានបដិសេធក្នុងលិខិតមួយកាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១២ ដោយលើកឡើងថា
ការកែទម្រង់សមាសភាព គ.ជ.ប នោះ នឹងធ្វើឲ្យប៉ះពាល់ដល់ឯករាជ្យភាព
និងអព្យាក្រឹត្យភាពរបស់ស្ថាប័នរៀបចំការបោះឆ្នោតគ្រប់លំដាប់ថ្នាក់
ដែលធានាដោយច្បាប់បោះឆ្នោតជាធរមាន ។
គួរបញ្ជាក់ថា កាលពីខែកញ្ញាឆ្នាំ២០១២
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា
លោក សូរិយា ស៊ូប៊ែឌី បានផ្តល់អនុសាសន៍ថា ប្រទេសកម្ពុជាគួរតែធ្វើកំណែទម្រង់
គ.ជ.ប និងអនុញ្ញាតឲ្យលោក សម រង្ស៊ី
ចូលរួមការបោះឆ្នោតនៅខែកក្កដាខាងមុខ ៕
No comments:
Post a Comment
yes