
សមាជិកបក្សសង្គ្រោះជាតិនៅក្នុងសមាជកាលពីដើមខែនេះ
គណបក្សប្រឆាំងបានបរាជ័យជាលើកទី២ ក្នុងការលើកស្លាកគណបក្សរបស់ខ្លួន នៅតាមទីសាធារណៈ ដែលនៅក្បែរស្លាកគណបក្សប្រជាជន ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ ដោយសារតែត្រូវអាជ្ញាធរដែលជាសមាជិកគណបក្សប្រជាជនហាមឃាត់។
លោក ប៉ែន សេត្ថា ប្រធានគណបក្សសង្គ្រោះជាតិប្រចាំខណ្ឌដង្កោ បានឲ្យដឹងកាលពីម្សិលមិញថា ស្លាកគណបក្សសង្គ្រោះជាតិត្រូវបានអាជ្ញាធរខណ្ឌដង្កោទម្លាក់ បន្ទាប់ពីបានដាក់នៅជិតស្លាកសញ្ញាគណបក្សប្រជាជននៅតាមផ្លូវទៅវត្តជើងឯក កាលពីខែមុន។ កាលពីម្សិលមិញ សកម្មជនគណបក្សនេះ បានរៀបចំលើកស្លាកម្តងទៀតនៅទីនោះប៉ុន្តែត្រូវអាជ្ញាធរដែលជាសមាជិកគណបក្សប្រជាជនហាមឃាត់ម្តងទៀត។
លោក ប៉ែន សេត្ថា បានហៅសកម្មភាពរាំងស្ទះរបស់អាជ្ញាធរនេះថាជាការជំទាស់ទៅនឹងអនុសាសន៍របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ លោក បញ្ជាក់ថា៖ «ខ្ញុំដាក់ស្លាកនេះខ្ញុំអនុវត្តតាមអនុសាសន៍របស់នាយករដ្ឋមន្រ្តីដែលថា គណបក្សប្រជាជនដាក់ស្លាកសញ្ញានៅទីណា គណបក្សដទៃទៀតក៏អាចដាក់បាននៅទីនោះដែរ»។
លោកបន្តថា មុនពេលដាក់ស្លាកគណបក្សសង្គ្រោះជាតិបានយកលិខិតជូនដំណឹងទៅប្រគល់ឲ្យលោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯង ដោយជម្រាបអំពីការដាក់ស្លាកនេះ។ ប៉ុន្តែលោក ស៊ុន ស៊ីវ បានឆ្លើយតបថា គណបក្សសង្គ្រោះជាតិមិនអាចដាក់ស្លាកគណបក្សរបស់ខ្លួនបានទេ នៅមុនយុទ្ធនាការឃោសនាបោះឆ្នោត។ លោក សេត្ថាបន្ថែមថា៖ «ប៉ុន្តែស្លាកគណបក្សប្រជាជនបានដាក់នៅទីនោះ។ នេះមិនស្មើភាពទេ។ អាជ្ញាធរមិនមែនជាអាជ្ញាធររបស់ប្រជាជនទេ តែជាអាជ្ញាធររបស់គណបក្សប្រជាជន»។
លោក ស៊ុន ស៊ីវ ចៅសង្កាត់ជើងឯក មិនបានពន្យល់អំពីមូលហេតុសមស្របតាមផ្លូវច្បាប់ណាមួយថាតើហេតុអ្វីបានជាគណបក្សប្រជាជនអាចលើកស្លាកបាន ប៉ុន្តែគណបក្សប្រឆាំង បែរជាពុំអាចលើកស្លាកបាននោះទេ។ ចៅសង្កាត់រូបនេះ បាននិយាយថា៖« ស្លាកគណបក្សប្រជាជនបានដាក់នៅទីនោះជាយូរមកហើយ ប៉ុន្តែគណបក្សសង្គ្រោះជាតិដែលទើបបង្កើតថ្មីមិនអាចដាក់ស្លាកទីនោះបានទេ»។ ចៅសង្កាត់មកពីគណបក្សប្រជាជនរូបនេះ បន្ថែមថា គណបក្សសង្គ្រោះជាតិអាចលើកស្លាកបាននៅពេលយុទ្ធនាការឃោសនាបោះឆ្នោតចាប់ផ្តើម។
កាលពីសប្តាហ៍មុន លោកនាយករដ្ឋមន្រ្តីបានប្រាប់អាជ្ញាធរពាក់ព័ន្ធទាំងអស់កុំហាមគណបក្សនយោបាយផ្សេងៗដាក់ស្លាករបស់ពួកគេនៅទីសាធារណៈ ដោយបានថ្លែងថា ប្រសិនបើទីណា គណបក្សប្រជាជនអាចដាក់ស្លាកបានគណបក្សដទៃទៀត ក៏អាចដាក់ស្លាករបស់ពួកគេបានដូចគ្នាផងដែរ៕
No comments:
Post a Comment
yes