
ព្រៃឈើដែលត្រូវបានឈ្មួញកាប់បំផ្លាញ
អង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋក៏ដូចជាអាជ្ញាធរមូលដ្ឋានបាននាំគ្នាចុះល្បាតតាមព្រៃ ហើយបានប្រទះឃើញឈើជាង ១៦០០០ដើម នៅក្នុងដែនជម្រកសត្វព្រៃលំផាត់ ស្ថិតក្នុងស្រុកកូនមុំដែលឈើទាំងនេះត្រូវបានគេកាប់បំផ្លាញ ហើយបានដឹកចូលទៅក្នុងក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចរបស់វៀតណាមនិងចិន ដែលនៅក្បែរនោះ ហើយក្រោយពេលបែកធ្លាយរឿងអាស្រូវដ៏ធំមួយនេះ គួរតែមានការនាំខ្លួនមន្ត្រីជំនាញ និងសមត្ថកិច្ចមួយចំនួនទៅដាក់ពិន័យ ។
ប្រជាពលរដ្ឋបានបញ្ជាក់ថា តំបន់ព្រៃនោះពួកគាត់តែងតែនាំគ្នាចូលព្រៃស្វែងរកអនុផលព្រៃឈើ ដូចជាដងជ័រទឹកជាដើម ហើយក៏ប្រទះឃើញដើមឈើហុ៊ប ប្រមាណជាង ១៦០០០ដើម ដែលត្រូវបានគេកាប់បំផ្លាញនៅលើផ្ទៃដីប្រមាណ ១៥គីឡូម៉ែត្រក្រឡា។ តាមសេចក្តីបញ្ជាក់របស់ប្រជាពលរដ្ឋបានឲ្យដឹងថា ឈើហុ៊បដែលគេកាប់បំផ្លាញនោះ មានមុខកាត់ចាប់ពីកន្លះម៉ែត្រឡើងទៅ មានដូចជាគគីរ ឈើទាល ត្រាច ផ្តៀក និងសុក្រំ ហើយគេអាចបា៉ន់ប្រមាណដឹងថា សកម្មភាពកាប់បំផ្លាញដើមឈើនៅក្នុងដែនជម្រកសត្វនោះ ធ្វើឡើងដោយគ្មានការក្រែងញញើតអ្វីឡើយ។
ប្រជាពលរដ្ឋបានបញ្ជាក់ទៀតថា ក្រុមឈ្មួញបានដណ្តើមគ្នាកាប់ឈើ និងដឹកឈើតាមឡានពី ២០ទៅ៣០គ្រឿង ចូលទៅក្នុងក្រុមហ៊ុនសម្បទានរបស់ចិន និងវៀតណាមក្នុងមួយថ្ងៃៗហើយពេលខ្លះការដឹកជញ្ជូនឈើធ្វើឡើងទាំងយប់ទាំងថ្ងៃលាន់ឮកងរំពងពេញព្រៃ។ បន្ទាប់ពីប្រជាពលរដ្ឋបានប្រទះឃើញដើមឈើដែលត្រូវកាប់បំផ្លាញទ្រង់ទ្រាយធំក្នុងដែនជម្រកសត្វព្រៃលំផាត់ មានដំណឹងថា ក្រុមឈ្មួញបានផ្អាកសកម្មភាពជាបណ្តោះអាសន្ន ប៉ុន្តែគំនរឈើមួយចំនួនត្រូវបានដឹកជញ្ជូនចូលទៅក្នុងបរិវេណរបស់ក្រុមហ៊ុនអស់ទៅហើយ។
ប្រជាពលរដ្ឋបានសម្តែងការសោកស្តាយចំពោះការកាប់បំផ្លាញព្រៃឈើទ្រង់ទ្រាយធំបែបនេះនៅក្នុងតំបន់ដែនជម្រកសត្វព្រៃលំផាត់ ហើយទម្រាំតែទីតាំងដីសម្បទានរបស់ក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម ស្ថិតក្នុងស្រុកកូនមុំ មិនដឹងជាមានការកាប់បំផ្លាញព្រៃឈើកម្រិតណានោះទេ ព្រោះគេមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋចេញចូលដើម្បីស្វែងរកអនុផលព្រៃឈើក្នុងតំបន់នោះទេ។ បើតាមការលើកឡើងរបស់ប្រជាពលរដ្ឋបានឲ្យដឹងថា យ៉ាងហោចណាស់ដើមឈើច្បោះជ័រ ចំនួន៤០០ដើមដែលប្រជាពលរដ្ឋធ្លាប់ចោះយកជ័រ ក៏ត្រូវបានគេកាប់ផ្តួលរលំអស់ទៅហើយ ធ្វើឲ្យប្រជាពលរដ្ឋខឹងសម្បាយ៉ាងខ្លាំង ។
ប្រជាពលរដ្ឋក៏បានបញ្ជាក់ផងដែរថា គេឃើញជនជាតិវៀតណាមដើរប្រមូលឈើដែលបានកាប់នោះដឹកជញ្ជូនចូលទៅក្នុងក្រុមហ៊ុនសម្បទានរបស់យួនមួយកន្លែង ឈ្មោះ ក្រុមហ៊ុន ហុងអាញ អណ្តូងមាស ហើយជនជាតិវៀតណាមអស់ទាំងនោះមិនចេះភាសាខ្មែរមួយម៉ាត់ទេ មិនអាចនិយាយទាក់ទងគ្នាបាន ប៉ុន្តែពួកគេបានធ្វើសកម្មភាពកាប់បំផ្លាញព្រៃឈើ និងដឹកជញ្ជូនឈើក្នុងដែនជម្រកសត្វព្រៃលំផាត់ មិនដែលក្រែងញញើតអ្វីឡើយ។ មន្ត្រីមួយចំនួនមិនហ៊ាននិយាយរឿងពិតពីភាពអនាធិបតេយ្យនៃការកាប់បំផ្លាញព្រៃឈើក្នុងដែនជម្រកសត្វព្រៃលំផាត់នោះទេ។
បើយោងតាមអនុក្រឹត្យគឺក្រុមហ៊ុន ហុងអាញ អណ្តូងមាស ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលទំហំ ៩៧៨៥ហិកតា កាលពីឆ្នាំ២០១១ ហើយសកម្មភាពរបស់ក្រុមហ៊ុននេះ គ្មានអ្វីជាដុំកំភួននោះទេ។ បើទោះបីជាសម្តេច ហ៊ុន សែន បានចេញបទបញ្ជាឲ្យបង្ការបង្ក្រាបនិងទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើច្រើនលើកច្រើនសារួចមកហើយក៏ដោយ ក៏បទបញ្ជានេះគ្មានប្រសិទ្ធភាពទាល់តែសោះ។ សូមបញ្ជាក់ថា តំបន់ជម្រកសត្វព្រៃលំផាត់ ស្ថិតនៅព្រំប្រទល់ខេត្តរតនគិរី មណ្ឌលគិរី និងខេត្តស្ទឹងត្រែង ដែលមានទំហំប្រមាណ ២៥០០គីឡូម៉ែត្រការ៉េ ហើយការប្រទះឃើញឈើដែលគេកាប់បំផ្លាញទ្រង់ទ្រាយធំ គឺនៅលើផ្ទៃដីប្រមាណ ១៥គីឡូម៉ែត្រការ៉េ៕
No comments:
Post a Comment
yes