
ស្ត្រីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ត្រីវ័យក្មេងម្នាក់ត្រូវបានប្តីហេងស៊យវាយធ្វើបាបបង្ខំឱ្យរកស៊ីលក់ខ្លួននៅតាមសួនច្បារវត្តភ្នំទាំងមានផ្ទៃពោះជាង១ខែ ហើយនាងបានជិះម៉ូតូឌុបរត់គេចខ្លួនកាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ មេសា ២០១៣ ទៅរកប៉ូលិសអង្គភាពគោលដៅទី៣ ឱ្យជួយអន្តរាគមន៍។
ស្ត្រីអភ័ព្វរូបនេះអាយុ១៩ឆ្នាំ ជាអតីតសន្តិសុខឯកជនមួយ មានទីលំនៅផ្ទះជួលម្តុំវិហារអ៊ិស្លាមបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ និងមានស្រុកកំណើតនៅភូមិក្បាលដំរី ឃុំគោកព្រិច ស្រុកគិរីវង់ ខេត្តតាកែវ ។
តាមមន្ត្រីប៉ូលិសអង្គភាពគោលដៅទី៣ ឱ្យដឹងថា នៅវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៩ មេសា ២០១៣ ស្ត្រីវ័យក្មេងម្នាក់នោះបានជិះម៉ូតូឌុបទាំងទឹកភ្នែកមករកប៉ូលិសដែលប្រចាំការនៅគល់ស្ពានជ្រោយចង្វាឱ្យជួយអន្តរាគមន៍បន្ទាប់ពីប្រុសស្នេហ៍បង្ខំឱ្យរកស៊ីផ្លូវភេទ ។
តាមស្ត្រីរងគ្រោះបានឱ្យដឹងទាំងទឹកភ្នែកថា នាងជាកូនកំព្រាតាំងពីតូចរស់នៅជាមួយជីដូនហើយមកភ្នំពេញធ្វើការជាសន្តិសុខឯកជនមួយ ប្រមាណជិត១ឆ្នាំនាងមានទំនាក់ទំនងស្នេហាលួចលាក់ជាមួយជនជាតិចិនម្នាក់រហូតមានផ្ទៃពោះ គ្រាន់តែដឹងថា មានផ្ទៃពោះជនជាតិចិននោះបានរត់គេចខ្លួនបាត់ទៅ ។ លុះក្រោយមកប្រមាណកន្លះខែមុនក៏ បានជួបជាមួយបុរសម្នាក់ទៀតឈ្មោះរ័ត្ន អាយុ២៦ឆ្នាំ ជាទាហាន ហើយបានរួមរស់ជាមួយគ្នា ។ ការរស់នៅជាមួយប្តីហេងស៊យនោះ មិនបានធ្វើឱ្យជីវិតនាងមានសេចក្តីសុខនោះទេ ត្រូវប្រុសស្នេហ៍វាយបង្ខំឱ្យរកស៊ីផ្លូវភេទ ដើម្បីយកប្រាក់មកឱ្យផឹកស៊ី និងជក់គ្រឿងញៀន៕
No comments:
Post a Comment
yes