ក្រុមយោធិនចូលនិវត្តន៍ស្នើឲ្យអាជ្ញាធរ ជាពិសេសលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យអន្តរាគមន៍ផ្ដល់ដីដល់ពួកគាត់ឲ្យបានមុនការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រចូលមកដល់ ដោយសំអាងថា ពួកគេអាចប្រឈមនឹងគ្មានដីធ្លី ប្រសិនបើការបោះឆ្នោតអាណត្តិថ្មីនេះបញ្ចប់។
យោធិនចូលនិវត្តន៍មានប្រសាសន៍ប្រហាក់ប្រហែលគ្នាថា ពួកគាត់ជាង ៦០គ្រួសារ បានចូលនិវត្តន៍ជាបន្តបន្ទាប់ចាប់តាំងពីឆ្នាំ២០០៩ មក។ នៅពេលនោះមន្ត្រីនៅសាលាខេត្តបានសន្យាផ្ដល់ផ្ទះ និងដីឲ្យពួកគាត់ ដើម្បីឲ្យពួកគាត់បានរស់នៅបានសមរម្យ និងអាចប្រកបរបរចិញ្ចឹមជីវិតបាន។ ពួកគាត់បញ្ជាក់ថា មន្ត្រីនៅមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ខេត្តកំពត បានសន្យាប្រគល់ចុងសន្លឹកឲ្យពួកគាត់ និងអះអាងថា ពួកគាត់នឹងបានដីនៅក្នុងតំបន់អភិវឌ្ឍន៍តាកែនកោះស្លា។
មន្ត្រីនៃមន្ទីររៀបចំដែនដីនគរូបនីយកម្ម និងសំណង់ខេត្តកំពត លោក ស៊ុយ លាងហេង ដែលទទួលបន្ទុកដោះស្រាយដីធ្លីដល់ក្រុមយោធិនចូលនិវត្តន៍មានប្រសាសន៍ថា លោកកំពុងស្វះស្វែងរកដីសម្រាប់ដោះស្រាយឲ្យក្រុមយោធិនចូលនិវត្តន៍ដែលខ្វះដី។ ប៉ុន្តែលោកមិនអាចសន្យាថា នឹងបាននៅមុនការបោះឆ្នោតឡើយ។
អនុប្រធានផ្នែកដីធ្លី និងធនធានធម្មជាតិ នៃសមាគមការពារសិទ្ធិមនុស្សអាដហុក លោក ចាន់ សុវ៉េត មានប្រសាសន៍ថា តម្រូវការរបស់យោធិនចូលនិវត្តន៍គួរតែត្រូវបានដោះស្រាយ ដ្បិតពួកគាត់បានចំណាយពេលស្ទើរពេញមួយជីវិតដើម្បីបុព្វហេតុជាតិ។
លោក ចាន់ សុវ៉េត បន្តថា មូលហេតុដែលក្រុមយោធិនចូលនិវត្តន៍សំណូមពរឲ្យមានដំណោះស្រាយនៅមុនការបោះឆ្នោត គឺដោយសារពួកគាត់ដឹងថា មានតែមុនការបោះឆ្នោតប៉ុណ្ណោះដែលការទាមទាររបស់ពួកគាត់មានតម្លៃ និងអាចដោះស្រាយបាន។
បើតាមការអះអាងរបស់ក្រុមយោធិនចូលនិវត្តន៍បានឲ្យដឹងថា តាមគម្រោងពួកគាត់នឹងអាចទទួលបានផ្ទះទំហំ ៤ គុណនឹង ៦ម៉ែត្រ និងដីទំហំប្រមាណ ១ហិកតារ៕
No comments:
Post a Comment
yes