បន្ទាប់ពីធ្វើការសាកសួរបឋម មន្ត្រី ២រូបនៃមន្ទីរសង្គមកិច្ចខេត្តពោធិ៍សាត់ ត្រូវបានសាលាដំបូងខេត្តពោធិ៍សាត់ សម្រេចឃុំខ្លួនបណ្ដោះអាសន្ន និងមួយរូបទៀតត្រូវបានសម្រេចឲ្យរួចពីការឃុំខ្លួន បន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាលបានចាប់ខ្លួន និងបញ្ជូនមកឲ្យតុលាការសម្រេច។
ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ លោក តន់ សីហតេជៈ បានឲ្យដឹងនៅរសៀលថ្ងៃទី៧ ខែមេសា ថា តាមការស៊ើបសួរបឋម តំណាងអយ្យការសាលាដំបូងខេត្តសម្រេចចោទប្រកាន់មន្ត្រីនៃមន្ទីរសង្គមកិច្ចខេត្តពោធិ៍សាត់ ២រូប និងសម្រេចមិនចោទប្រកាន់មន្ត្រីមួយរូប ដោយសាររកមិនឃើញកំហុស៖ «បានចោទប្រកាន់ និងធ្វើការឃុំខ្លួនរួចហើយ។ ៣នាក់ តែយើងចោទប្រកាន់តែ ២នាក់ទេ ម្នាក់ទៀតយើងសម្រេចមិនចោទប្រកាន់ទេ...»។
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ លោក ពេជ្រ ចិន្តា បានឲ្យដឹងថា មន្ត្រីសង្គមកិច្ចដែលត្រូវឃាត់ខ្លួននោះមានចំនួន ២នាក់ គឺទី១ លោក យឹម ដេត ប្រធានការិយាល័យអតីតយុទ្ធជន និងយុវនីតិសម្បទានៃមន្ទីរសង្គមកិច្ចខេត្ត ទី២ លោក គង់ វិសាល ជាមន្ត្រីជាប់កិច្ចសន្យានៃមន្ទីរសង្គមកិច្ចខេត្ត។
លោកបន្តថា មន្ត្រីទាំង ២រូបនេះ ក្រោយពីធ្វើការសួរនាំអស់មួយព្រឹករួចមក ទើបតុលាការសម្រេចឃុំខ្លួនបណ្ដោះអាសន្នដោយចោទពីបទប្រព្រឹត្តខុសវិតិក្រមមាត្រា ៥៩២ និង ៥៩៣។ លោក ពេជ្រ ចិន្តា បញ្ជាក់ថា ដោយឡែកលោក គង់ ប៊ុនថន ប្រធានសង្គមកិច្ចស្រុកបាកាន គឺមិនបានឃើញបញ្ជូនមកតុលាការទេ ដោយមន្ត្រីនោះអាចមិនមានការពាក់ព័ន្ធ។
យ៉ាងនេះក្ដី លោក ពេជ្រ ចិន្ដា សុំមិនបញ្ជាក់លំអិតពីទោសកំហុសមន្ត្រីមន្ទីរសង្គមកិច្ចទាំង ២រូបនេះទេ៖ «យើងបានបញ្ជូនទៅពន្ធនាគារតែ ២នាក់ទេ។ ឯម្នាក់ទៀតខាងអង្គភាពមិនឃើញបញ្ជូនមកទេ។ រឿងលំអិតទៀតយើងមិនអាចជម្រាបជូនទេ ព្រោះកំពុងក្នុងដំណើរការស៊ើបអង្កេត...»។
កាលពីព្រឹកថ្ងៃទី៤ ខែមេសា អង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនមន្ត្រីនៃមន្ទីរសង្គមកិច្ចខេត្តពោធិ៍សាត់ ២រូប ហើយមួយថ្ងៃបន្ទាប់បានឃាត់ខ្លួនបន្ថែម ១រូបទៀត សរុបទាំងអស់ ៣រូប ហើយនៅថ្ងៃទី៦ ខែមេសា អង្គភាពប្រឆាំងអំពើពុករលួយក៏បញ្ជូនជនសង្ស័យចំនួន ២រូបមកឲ្យតុលាការធ្វើការស៊ើបសួរ រួចតុលាការក៏សម្រេចធ្វើការឃុំខ្លួនតែម្ដង។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា លោក ព្រាប កុល បានថ្លែងសាទរចំពោះចំណាត់ការរបស់អង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល។ លោកបានចាត់ទុកថា នេះជាជំហានវិវត្តន៍ថ្មីមួយក្នុងប្រទេសកម្ពុជា ដែលធ្លាប់ត្រូវញាំញីដោយអំពើពុករលួយដែលមិនទាន់ស្រាកស្រាន្តនៅឡើយ៖ «ខ្ញុំគិតថា នៅមានករណីជាច្រើនទៀតដែលអង្គភាពប្រឆាំងអំពើពុករលួយបានទទួលពាក្យបណ្ដឹង និងកំពុងធ្វើការស៊ើបអង្កេត។ ខ្ញុំសូមលើកទឹកចិត្តឲ្យអង្គភាពប្រឆាំងអំពើពុករលួយបន្តធ្វើការចាប់ខ្លួនមន្ត្រីដែលមានការពាក់ព័ន្ធធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់...»។
លោក ព្រាប កុល បានជំរុញឲ្យអង្គភាពប្រឆាំងអំពើពុករលួយរបស់រាជរដ្ឋាភិបាល បន្តអនុវត្តផែនការប្រឆាំងអំពើពុករលួយនេះឲ្យរឹតតែមានប្រសិទ្ធភាពល្អជាងនេះបន្ថែមទៀតទើបប្រសើរ៕
No comments:
Post a Comment
yes