សមាគម ការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា ហៅកាត់ថា អាដហុក បានចេញសេចក្តីថ្លែងការណ៍ ដោយចាត់ទុកថា អ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា ជាមុខសញ្ញាគ្រោះថ្នាក់។ ក្នុងឆ្នាំ២០១២ មានអ្នកការពារសិទ្ធិមនុស្ស ២៣៤ នាក់ ទទួលរងការសម្លុត គំរាមកំហែង បំភិតបំភ័យ តាមការការដាក់បណ្តឹងទៅតុលាការ។ រីឯរយៈពេល ៣ ខែ ដើមឆ្នាំ២០១៣នេះ មានករណីគំរាមកំហែង បំភិតបំភ័យ និងការប្តឹងចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្ស ៤៨ នាក់។
សេចក្តីថ្លែងការណ៍ ដែលបានផ្សព្វផ្សាយក្នុងសន្និសីទកាសែត នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ នៅទីស្នាក់ការធំ របស់សមាគមអាដហុក ក្នុងរាជធានីភ្នំពេញ បង្ហាញថា អាដហុក មានការព្រួយបារម្ភជាខ្លាំង ទៅលើស្ថានភាពអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ដែលកំពុងទទួលរងការសម្លុត គំរាមកំហែង បំភិតបំភ័យ និងមានការប្តឹងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌទៅស្ថាប័នតុលាការ ដែលប្រព្រឹត្តឡើង ដោយមន្ត្រីមានសមត្ថកិច្ចមូលដ្ឋាន ដែលជាអំពើគំរាមកំហែង បំភិតបំភ័យ ទៅលើសកម្មភាពអ្នកការពារសិទ្ធិមនុស្ស នៅកម្ពុជា។
សេចក្តីថ្លែងការណ៍ដដែល បង្ហាញថា ភាពគ្រោះថ្នាក់របស់អ្នកការពារសិទ្ធិមនុស្ស គឺដោយសារការចូលរួមចំណែកការពារសិទ្ធិសេរីភាព របស់មនុស្ស ដែលទទួលរងការរំលោភបំពានលើអ្នកមានអំណាច និងក្រុមហ៊ុន ទៅលើអ្នកទន់ខ្សោយ ដោយមិនបានអនុវត្តន៍ត្រឹមត្រូវ តាមនីតិវិធីច្បាប់។
សមាគម អាដហុក ចាត់ទុកអំពើទាំងអស់នោះ ជាករណីរំលោភបំពានយ៉ាងធ្ងន់ធ្ងរ ក្នុងចំណោមករណីរំលោភសិទ្ធិមនុស្សដទៃទៀត ក្នុងប្រទេសកម្ពុជា។
របាយការណ៍របស់អាដហុក បង្ហាញថា កាលពីឆ្នាំ២០១២ មានការរកឃើញថា អ្នកការពារសិទ្ធិមនុស្ស ចំនួន ២៣៤ នាក់ ទទួលរងនូវការសម្លុត គំរាមកំហែង បំភិតបំភ័យ តាមរយៈនៃការដាក់ពាក្យបណ្តឹង ទៅស្ថាប័នតុលាការ ពីអ្នកមានអំណាច និងខ្លះទៀត ទទួលរងការចាប់ខ្លួន ដាក់ពន្ធនាគារ ដោយមិនបានស៊ើបអង្កេតត្រឹមត្រូវ។
អាដហុក លើកឡើងថា គិតត្រឹម ៣ ខែ ដើមឆ្នាំ២០១៣ មានករណីគំរាមកំហែង បំភិតបំភ័យ និងការប្តឹងចោទប្រកាន់លើអ្នកការពារសិទ្ធិមនុស្ស មានចំនួន ៤៨ នាក់។ ក្នុងនោះ មានការចាប់ឃាត់ខ្លួនអស់ជាច្រើនម៉ោងលើអ្នកការពារបរិស្ថាន ( ព្រៃឈើ ) ចំនួន ៤៦ នាក់ និងដាក់ពាក្យប្តឹងមន្ត្រីសិទ្ធិមនុស្សអាដហុក ចំនួន ២ នាក់ ទៅស្ថាប័នជាប់ពាក់ព័ន្ធ។
អាដហុក លើកឡើងថា បណ្តឹងទាំងនោះ ធ្វើឡើងដោយមន្ត្រីសមត្ថកិច្ចមូលដ្ឋន ដែលជាការអនុវត្តន៍រំលោភទៅលើច្បាប់អន្តរជាតិ មាត្រា២ នៃសេចក្តីប្រកាសរបស់សហប្រជាជាតិ ស្តីពី អ្នកការពារសិទ្ធិមនុស្ស ដែលតម្រូវឲ្យរដ្ឋធានាខាងផ្លូវច្បាប់ដល់ពួកគេ ក្នុងការធ្វើសកម្មភាព ការពារ និងលើកស្ទួយសិទ្ធិមនុស្ស។
ជាមួយគ្នានោះដែរ អាដហុក លើកឡើងថា ការគំរាមកំហែងដល់សកម្មជន និងអ្នកការពារសិទ្ធិមនុស្ស ជាអំពើផ្ទុយនឹងផ្នែកទី៣ មាត្រា ២៣១ ដល់ ២៣៤ នៃក្រមព្រហ្មទណ្ឌកម្ពុជា។
សមាគម អាដហុក ក៏បានលើកឡើងថា ស្របពេលដែលការគំរាម ដល់អ្នកការពារសិទ្ធិមនុស្ស កើតឡើងគួរឲ្យព្រួយបារម្ភនោះ មានសកម្មជនសិទ្ធិមនុស្សជាច្រើននាក់ផ្សេងទៀត ក៏កំពុងប្រឈមទៅនឹងការគំរាមកំហែង តាមរយៈនៃការប្រើប្រាស់តុលាការ ខេត្តរាជធានី ដើម្បីចោទប្រកាន់ពួកគេ ពីបទបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ពីបទប្រើហិង្សា លើអ្នកកាន់កាប់អចលនវត្ថុ ដោយសុចរិត ឬពីបទញុះញង់ និងផ្សព្វផ្សាយព័ត៌មានមិនពិត ជាដើម។ល។
សមាគមអាដហុក បានស្នើដោយទទូចដល់រាជរដ្ឋាភិបាលកម្ពុជា សូមគោរពឲ្យបានម៉ឺងម៉ាត់អំពីកិច្ចសហការ ដើម្បីការពារ និងលើកស្ទួយសិទ្ធិមនុស្ស និងសូមបញ្ឈប់ការគំរាមកំហែង បំភិតបំភ័យ ទៅលើអ្នកការពារសិទ្ធិមនុស្ស នៅតាមតំបន់នានា ក្នុងប្រទេសកម្ពុជា និងសូមមេត្តា ធ្វើយ៉ាងណា អនុវត្តឲ្យបាននូវយន្តការជាតិ និងអន្តរជាតិ ដែលមានកិច្ចការពារ ដល់អ្នកការពារសិទ្ធិមនុស្ស ឲ្យបានម៉ឺងម៉ាត់ និងដើម្បីជំរុញលើកកម្ពស់សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ នៅកម្ពុជា។
មិនទាន់មានអត្ថាធិប្បាយបែបណាពីមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា នៅឡើយទេ៕
No comments:
Post a Comment
yes