
លោក ទេព នីថា អគ្គលេខាធិការ គ.ជ.ប នាពេលកន្លងមក
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានច្រានចោលសំណើរបស់គណបក្សប្រឆាំងដែលស្នើសុំឲ្យធ្វើកំណែទម្រង់ការបោះឆ្នោតនិងធ្វើសវនកម្មការចុះឈ្មោះបោះឆ្នោតតាមអនុសាសន៍របស់អង្គការសហប្រជាជាតិ ដោយអះអាងថាសំណើនោះពុំតាមស្តង់ដារអន្តរជាតិ ហើយបើពួកគេចង់ធ្វើបាតុកម្ម ក៏ធ្វើទៅ។
លោក ទេព នីថាអគ្គលេខាធិការ គ.ជ.ប បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា គ.ជ.ប មិនអាចធ្វើតាមអនុសាសន៍របស់លោក ស៊ូយ៉ា ស៊ូប៊ែរឌី អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិ(អ.ស.ប)ឲ្យធ្វើកំណែទម្រង់គ.ជ.ប ឬចុះឈ្មោះបោះឆ្នោតឡើងវិញឡើយ ព្រោះសំណើរបស់គណបក្សសង្គ្រោះជាតិកម្ពុជាបង្ខំឲ្យ គ.ជ.ប ធ្វើតាមអ.ស.ប ពុំមែនជាសំណើច្បាប់ស្របតាមស្តង់ដារអន្តរជាតិផងទេ។
លោក ទេព នីថា បញ្ជាក់ថា៖ «យើងប្រាប់គាត់ថា យើងធ្វើតាមច្បាប់ ហើយអ្វីដែលគាត់ស្នើវាមិនមែនច្បាប់ទេ គ.ជ.ប បានពិនិត្យលើអនុសាសន៍លោក ស៊ូយ៉ា ស៊ូប៊ែរឌី ហើយយើងបានកែតម្រូវអ្វីដែលយើងធ្វើបានតាមច្បាប់ជាធរមាន។ យើងបានពន្យល់ទៅវិញហើយ ហើយអ្វីដែល[គណបក្សសង្គ្រោះជាតិកម្ពុជា] បន្តធ្វើជាសិទិ្ធរបស់គាត់ប៉ុន្តែសេចក្តីសម្រេចរបស់ គ.ជ.ប គឺជាសិទិ្ធរបស់ គ.ជ.ប»។
លោក ទេព នីថា បានបញ្ជាក់ថា គ.ជ.បបានធ្វើតាមអនុសាសន៍ពីរចំណុចដែលតំណាងអ.ស.បស្នើគ.ជ.ប បោះផ្សាយបញ្ជីឈ្មោះអ្នកបោះឆ្នោតឲ្យទូលំទូលាយ ដោយលោកអះអាងថា គ.ជ.ប បានធ្វើតាមរួចហើយ ដោយបង្ហោះតាមអ៊ីនធឺណិត និងបញ្ជូនបញ្ជីឈ្មោះអ្នកបោះឆ្នោតទៅឃុំ-សង្កាត់ ដែលធ្វើឲ្យងាយស្រួលសម្រាប់ប្រជាជនពិនិត្យ។
លោកបានបន្ថែមថា ក្នុងខែនេះ គ.ជ.ប បានបង្កើតខ្សែទូរស័ព្ទចំនួន៥ សម្រាប់ប្រជាជនស្វែងរកឈ្មោះពួកគេហើយនៅខែក្រោយ គ.ជ.ប នឹងចែកកាតព័ត៌មានទាក់ទងនឹងការបោះឆ្នោតដល់ប្រជាជន ហើយនិងបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅឃុំ-សង្កាត់ ហើយមួយថ្ងៃមុនបោះឆ្នោត គ.ជ.ប នឹងបិទបញ្ជីឈ្មោះអ្នកបោះឆ្នោតនៅមណ្ឌលបោះឆ្នោតទាំងអស់។
ទាក់ទងនឹងមន្រ្តីរាជការចូលរួមគណបក្សនយោបាយ លោក ទេព នីថា អះអាងថា អនុសាសន៍របស់អ្នកតំណាង អ.ស.ប មិនហាមអ្នកដែលចូលរួមគណបក្សនយោបាយទេ តែហាមឃាត់អ្នកទាំងឡាយដែលប្រើពេលវេលា និងទ្រព្យសម្បតិ្តរបស់រដ្ឋដើម្បីឃោសនាឲ្យគណបក្សនយោបាយហើយថា អនុសាសន៍ត្រូវបានយកមកពិចារណា និងអនុវត្តតាមដោយ គ.ជ.ប ។ លោកបន្តថា នីតិវិធី គ.ជ.ប និងរដ្ឋាភិបាលមិនអនុញ្ញាតឲ្យមន្រ្តីរាជការទាំងអស់ធ្វើបែបនេះទេ។
លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិកម្ពុជា បានសម្តែងការសោកស្តាយយ៉ាងខ្លាំងចំពោះការច្រានចោលនេះ ដោយលើកឡើងថា ការបដិសេធរបស់ គ.ជ.ប បញ្ជាក់ថា គ.ជ.ប មិនមានឆន្ទៈដោះស្រាយបញ្ហាពិតប្រាកដទេប៉ុន្តែថា គណបក្សសង្គ្រោះជាតិកម្ពុជាពុំទាន់កំណត់ថ្ងៃធ្វើបាតុកម្មធំម្តងទៀតនៅឡើយដែរ ដោយរង់ចាំពិភាក្សាគ្នារកយុទ្ធសាស្រ្តដោះស្រាយបញ្ហានេះជាមុនសិន។
លោក យ៉ែម បុញ្ញឫទ្ធិ បានថ្លែងថា ៖ «ប៉ុន្តែយើងបានបញ្ជាក់រួចហើយថា ប្រសិនបើ គ.ជ.ប មិនផ្លាស់ប្តូរទាំងអស់ក្រោយការបោះឆ្នោតនឹងមានបាតុកម្ម ហើយនឹងមិនទទួលស្គាល់លទ្ធផលបោះឆ្នោតទេ»៕
No comments:
Post a Comment
yes