សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Monday, April 29, 2013

អ្នក​នយោបាយ​លោត​ចុះ​ឡើង​ដើម្បី​ខ្លួន​ឯង​ច្រើន​ជាង​ជាតិ

130429_02
លោក​កែវ រ៉េមីអ្នក​នយោ​បាយ​ម្នាក់​ក្នុង​ចំណោម​​ជា​ច្រើន​​​នាក់​ដែល​ចេញ​ពី​បក្ស​
មួយ​​ចូល​បក្ស​មួយ​ទៀត​។ រូបថត មិនា
ភ្នំពេញប៉ុស្តិ៍
«ឈើ​កោង​វល្លិ​ព័ទ្ធ មនុស្ស​ខ្ចាត់​ព្រាត់​កុំ​យក​ខ្លួន​បៀត​!» នេះ​គឺ​ជា​ពាក្យ​ចាស់​តែង​តែ​លើក​ឡើង​ដើម្បី​ក្រើន​រំឭក​ឲ្យ​ចេះ​ប្រយ័ត្ន​ប្រយែង​នៅ​ពេល​ណា​ដែល​ទទួល​នរណា​ម្នាក់​ឲ្យ​ស្នាក់​អាស្រ័យ​មួយ​រយៈ​ឬ​ក៏​ឲ្យ​ខ្ចី​របស់​របរ​មាន​តម្លៃ​ដោយ​មិន​ដឹង​ពី​សាវតារ​របស់​មនុស្ស​នោះ​ច្បាស់​ជា​ពិសេស​អ្នក​នយោបាយ​តែ​ម្តង​។ ហេតុ​អ្វី​បាន​ជា​អ្នក​នយោបាយ​មួយ​ចំនួន​ចូល​ចិត្ត​លោត​ពី​បក្ស​មួយ​ទៅ​បក្ស​មួយ​? គឺ​ដើម្បី​ជាតិ​ឬ​ក៏​ដើម្បី​លាភ​សក្ការៈ​ផ្ទាល់​ខ្លួន​?
នៅ​ពេល​រដូវ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រ​កាន់​តែ​ខិត​ជិត​មក​ដល់​អ្នក​នយោបាយ​ម្នាក់ៗ ក៏​ខិត​ខំ​ដេក​គិត​ថា ខ្លួន​ឯង​នឹង​បាន​ឈរ​លេខ​រៀង​ទី​ប៉ុន្មាន​នៅ​ក្នុង​បក្ស​សិន​ហើយ​បើ​ឈរ​លេខ​រៀង​ឆ្ងាយ​ពី​គេ​ពេក​ប្រហែល​ជា​មិន​ជាប់​ទេ តែ​បើ​មិន​ជាប់​ឆ្នោត​លើក​នេះ​ទេ​ត្រូវ​ទៅ​រក​គណបក្ស​ណា​ទៀត ក្រែង​បាន​កន្លែង​ណា​មួយ​អង្គុយ​អាន​កាសែត​ឲ្យ​គេ ក៏​គ្រាន់​បើ​ដែរ​កុំ​ឲ្យ​ខ្មាស​គេ​។​ខ្លះ​ទៀត​គ្រាន់​គេ​ឲ្យ​ក្បាល​មេក្រូ​ម្តង​ម្កាល​កោក​កាក​លិច​កើត​ទៅ​មើល​ទៅ ដូច​គ្រាន់​បើ​ដែរ​។
កន្លង​មក​មាន​ការ​ជជែក​គ្នា​លេង​នៅ​ទី​កន្លែង​ជុំ​គ្នា​នៅ​រាន​ហាល​មុខ​ផ្ទះ​ឬ​នៅ​តាម​ហាង​កាហ្វេ​ក្តី អំពី​អត្តចរិត និង​ការ​ដឹកនាំ​របស់​មេ​បក្ស​នីមួយៗ​លេង​សើច​កម្សាន្ត​ដូច​ជា​៖ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ទទួល​ស្គាល់​ថា​គាត់​ដឹក​នាំ​តាម​បែប​ជំហាន​គីង្គក់ ដែល​វារ​គើមៗ​លោត​ទៅ​មុខ​ម្តងៗ​។​ឯ​សម្តេច​ក្រុម​ព្រះ​នរត្តម​រណឫទ្ធ​វិញ ដឹក​នាំ​តាម​បែប​ដើរ​ជំហាន​ហ៊ីង គឺ​ដើរ​ទៅ​មុខ​មិន​ចង់​រួច​ទេ​ព្រោះ​ពោះ​ធំ​សុទ្ធ​តែ​ខ្យល់​ងាក​ឆ្វេង​បន្តិច​ទៅ ងាក​ស្តាំ​បន្តិច​ទៅ បាន​ជា​ទៅ​មុខ​រួច​ឲ្យ​តែ​មាន​ការ​អី​បញ្ចេញ​ជ័រ​ប្រឡាក់​ដៃ​ហើយ​។​

ចំណែក​ឯ លោក សម រង្ស៊ី​វិញ ត្រូវ​បាន​គេ​ដាក់​ងារ​ឲ្យ​ថា​ដឹកនាំ​តាម​បែប​ជំហាន​កញ្ចាញ់​ចេក​ម្តង​នៅ​លើ​ពាង​ទឹក​ម្តង​លោត​ទៅ​ទុំ​នៅ​លើ​ដើម​ចេក​ម្តង​លោត​ទៅ​តោង​ឯ​ជើង​សសរ​ផ្ទះ​មើល​មុខ​គេ​ឡិង​ឡង់ៗ​។ ឲ្យ​តែ​រាង​រញ៉េ​រញ៉ៃ​បន្តិច​កញ្ចាញ់​ចេក​នោះ​នោម​ដាក់​ភ្នែក​លោត​ចោល​បាត់​ឥឡូវ​ហ្នឹង​។ រីឯ លោក កឹម សុខា ក៏​ត្រូវ​បាន​គេ​ឲ្យ​ងារ​កង្កែប ព្រោះ​ស្រែក​លឿន​ជាង​ការ​គិត​មិន​ទាន់​ធ្លាក់​ភ្លៀង​ស្រួល​បួល​ផង​ស្រែក​បាត់​ទៅ​ហើយ​តែ​មិន​ដឹង​ថា​កង្កែប​នោះ​ជា​កង្កែប​អូក​ឬ​កង្កែប​គេ​បោក​នោះ​ទេ​។
យ៉ាង​ណា​មិញ​ក្រៅ​ពី​រឿង​មេ​បក្ស​សមាជិក​បក្ស​មួយ​ចំនួន​ដែល​ចូល​ចិត្ត​តែ​ដើរ​ស្វែង​រក​លាភ​សក្ការៈ​ផ្ទាល់​ខ្លួន​និង​ភាព​មិន​ប្រាកដ​ប្រជា​របស់​ខ្លួន​ខុសៗ​គ្នា​ខ្លះ​មើល​ទៅ​ហាក់​បី​ដូច​ជា​មិន​ចេះ​រក​ការងារ​ណា​ក្រៅ​ពី​ធ្វើ​នយោបាយ​ទេ​ក៏​ត្រូវ​បាន​គេ​កត់​សម្គាល់​ដែរ​ហើយ​អ្នក​ទាំង​នោះ​សុទ្ធ​តែ​ជា​អ្នក​បាន​វោហារ​ស្តាប់​មើល​ទៅ​ដូច​ជា​ទំនង​គួរ​ឲ្យ​ទុក​ចិត្ត​គឺ​ចូល​បក្ស​ដើម្បី​បំបែក​ឬ​ក៏​ដើម្បី​រក​ទ្រនំ​ខ្លួន​ឯង​ជ្រក​មិន​បាន​អី​ក៏​ស្ពាយ​អ្នក​គាំទ្រ​មក​ជាមួយ​យ៉ាង​ហោច​ណាស់​ក៏​បាន​៥០០០ នាក់​ទៅ​។ តែ​មិន​បាន​អ៊ីចឹង​ឯ​ណា​គឺ​មក​តែ​ខ្លួន​ហើយ​តែង​តែ​រិះគន់​បក្ស​ចាស់ៗ ដែល​ខ្លួន​ធ្លាប់​នៅ​ជាមួយ​ថា ឆ្អែត​ចិត្ត​ជាមួយ​អីចេះ​អីចុះ​ដើម្បី​ឲ្យ​បក្ស​ថ្មី​ទទួល​យក​ដោយ​ត្រជាក់​ចិត្ត​។
ឧទាហរណ៍៖ លោក គង់ មុន្នី ដែល​ជា​អ្នក​ចូល​មក​គ្រាន់​តែ​បំបែក​គណបក្ស​ជាតិ​ខ្មែរ​ឲ្យ​ទៅ​ជា​បក្ស​សមរង្ស៊ី​តែ​ប៉ុណ្ណោះ​។ ឥឡូវ​មិន​ដឹង​ជា​ទៅ​ទី​ណា​ទេ​ហើយ​មិន​ដឹង​ជា​បាន​ផល​អ្វី​ខ្លះ​ពី​ទង្វើ​នេះ​ទេ​។
រីឯ​លោក កែវ រ៉េមី ជា​កូន​ប្រសា​លោក ឈឹម សៀកឡេង (អតីត​អភិបាល​រាជធានី​ភ្នំពេញ​ឆ្នាំ​១៩៩៣ មក​ពី​ហ៊្វុន​ស៊ីន​ប៉ិច​) កាល​ពី​ការ​បោះឆ្នោត​អាណត្តិ​ទី២ ឆ្នាំ​១៩៩៨​ឃើញ​មាន​មុខ​តំណាង​រាស្រ្ត​នៅ​ហ៊្វុនស៊ីនប៉ិច មក​ដល់​អាណត្តិ​ទី៣ ឆ្នាំ ២០០៣ ឃើញ​លោត​ទៅ​នៅ​តំណាង​រាស្ត្រ​នៅ​បក្ស​សម រង្ស៊ី មក​ដល់​អាណត្តិ​ទី ៤ មុន​បោះឆ្នោត ឃើញ​មក​នៅ​ជាមួយ​បក្ស​សិទ្ធិ​មនុស្ស​វិញ​តែ​ដល់​ពេល​ចាញ់​ឆ្នោត​អត់​កន្លែង​អង្គុយ​ក៏​ទៅ​ចុះ​ចូល​ជាមួយ​នឹង​គណបក្ស​ប្រជាជន​ក៏​មាន​កន្លែង​ពីរ​ដែរ​នៅ​អង្គភាព​ប្រតិកម្ម​រហ័ស​និង​អង្គភាព​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​ដើម្បី​ជួយ​បន្ទរ​បន្ថែម​អ្វី ដែល​ថ្នាក់​លើ​ឲ្យ​និយាយ​។​នេះ​បាន​គេ​ហៅ​ថា​អ្នក​នយោបាយ​ឱកាស​និយម តែ​មិន​ប្រាកដ​និយម​។
ឥឡូវ​នេះ​ចូល​ដល់​ព្រះ​អង្គ​ម្ចាស់​ធម្មិកោ​វិញ​ម្តង​ព្រះ​អង្គ​មិន​មែន​ជា​អ្នក​នយោបាយ​ឱកាស​និយម​ទេ​តែ​ភាព​មិន​ច្បាស់​លាស់​របស់​ព្រះអង្គ​តើ​ឲ្យ​ប្រជា​ពលរដ្ឋ​មាន​ជំនឿ​ដូច​ម្តេច​ទៅ​? បើ​កន្លង​មក​ជា​ធម្មតា​ព្រះអង្គ​ជា​អតីត​ទីប្រឹក្សា​សម្តេច​ឪ​ជា​ស្ថាបនិក​មួយ​រូប​អ្នក​ចូល​រួម​បង្កើត​ហ៊្វុនស៊ីនប៉ិច តំាង​ពី​ឆ្នាំ ១៩៨១ មក​ដល់​ឆ្នាំ​២០០៦ ព្រះអង្គ​បាន​បង្កើត​គណបក្ស​មួយ​ដែល​មាន​ឈ្មោះ​ថា គណបក្ស​រណសិរ្ស​សង្គម​ជាតិ​និយម ដើម្បី​គាំទ្រ​របប​រាជានិយម​ហើយ​គណបក្ស​ដែល​មាន​គ្នា​ជាង​១០ នាក់​នោះ​ក៏​បាន​បញ្ចូល​គ្នា ជាមួយ​នឹង​គណបក្ស​រណសិរ្ស​ជន​ជាតិ​ខ្មែរ របស់​លោក​ស៊ុត ឌីណា​។
ក្រោយ​មក​ទៀត​គណបក្ស​នោះ ក៏​ទៅ​ច្របាច់​បញ្ចូល​គ្នា​ជាមួយ​នឹង​គណបក្ស​នរោត្តម​រណរិទ្ធិ បន្ទាប់​មក​មិន​ដឹង​ជា​កូន​បក្ស​តូច​មួយ​នោះ​ទៅ​ទី​ណា​បាត់​ហើយ​។ ក្រោយ​មក​ទៀត​ព្រះអង្គ​ម្ចាស់​ក៏​ត្រឡប់​មក​ធ្វើ​ជា​ទីប្រឹក្សា​ជាន់​ខ្ពស់​ឲ្យ លោក កែវ ពុទ្ធរស្មី ប្រធាន​គណបក្ស​ហ៊្វុនស៊ីនប៉ិច​វិញ​។ នៅ​ខែ​កញ្ញា ឆ្នាំ ២០០៧ ព្រះ​អង្គ​ម្ចាស់​ធ្មមិកោ ធ្លាប់​សរសេរ​លិខិត​មួយ​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ជំរុញ​ឲ្យ​បិទ​សាលា​ក្តី​ខ្មែរ​ក្រហម​ដោយ​សារ​តែ​មាន​កូន​អង្គការ​មួយ​តូច​ដែល​មាន​មូលដ្ឋាន​នៅ​សហរដ្ឋ​អាមេរិក​ស្នើ​ឲ្យ​សម្តេច​ឪ យាង​ចូល​ទៅ​បំភ្លឺ​នៅ​សាលា​ក្តី​ខ្មែរ​ក្រហម​។
ឥឡូវ​នេះ ព្រះ​អង្គ​ម្ចាស់​ក៏​បាន​តួនាទី​ថ្មី​មួយ​ទៀត ជា​ទីប្រឹក្សា​សម្តេច​ម៉ែ និង​ត្រឡប់​ចូល​មក​ធ្វើ​នយោបាយ​ជាមួយ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ទើប​បង្កើត​ថ្មី​ពី​ការ​បញ្ចូល​គ្នា​រវាង​បក្ស​សមរង្ស៊ី និង​បក្ស​សិទ្ធិ​មនុស្ស​។​ព្រះអង្គ​ម្ចាស់​ចូល​ជាមួយ​នឹង​បក្ស​ថ្មី​នេះ តែ​មួយ​អង្គ​ឯង​ទេ មិន​បាន​ទាក់​អ្នក​គាំទ្រ​រាប់​ពាន់​នាក់​មក​ជាមួយ​ឡើយ​។ គ្រាន់​តែ​មើល​ពី​ដំណើរ​ជីវិត​នយោបាយ​ដែល​មិន​មាន​គោល​ជំហរ​ច្បាស់លាស់​របស់​ព្រះអង្គ​ម្ចាស់​ចង់​វិល​មុខ​ព្រោះ​ច្រើន​មុខ​ពេក​ហើយ​ការ​ចូល​មក​បក្ស​ថ្មី​មិន​បាន​ធ្វើ​អ្វី​ដែល​គួរ​ឲ្យ​រសើប​បក្ស​កាន់​អំណាច​ផង​។ បើ​លោត​ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ​លឿន​ម្លឹងៗ មិន​ដឹង​ជា​ជំហាន​អ្វី​ទេ ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​ចង់​ពុល មិន​ដឹង​ថា តើ​គាំទ្រ​គាត់​យ៉ាង​ដូចម្តេច​?
ជា​សរុប​មក​វិញ​គ្រប់​អ្នក​នយោបាយ​ទាំង​អស់​ឲ្យ​តែ​បាន​ក្បាល​មេក្រូ​គឺ​សុទ្ធ​គិត​ជាតិ​ជា​ធំ​តែ​ដល់​ពេល​ខ្លះ​បាន​អំណាច​ទៅ​លែង​គិត​ជាតិ​បែរ​ទៅ​ជា​បំផ្លាញ​ជាតិ និង​ធ្វើ​បាប​ប្រជា​ពលរដ្ឋ​ទៅ​វិញ​។ ចំណែក​ឯ​អ្នក​នយោយបាយ​មិន​ប្រាកដ​ប្រជា​វិញ​មិន​មែន​ដើម្បី​ជាតិ​ទេ គឺ​គិត​រឿង​ផល​ប្រយោជន៍​ខ្លួន​ឯង​ច្រើន​ជាង​ទៅ​វិញ​អ៊ីចឹង​មេ​បក្ស​ទាំង​ឡាយ​ត្រូវ​គិត​គូរ​ពី​ចំណុច​នេះ​បន្តិច​ថា តើ​ឲ្យ​អំណាច​ត្រឹម​កម្រិត​ណា​មួយ​បាន​ហើយ​៕
ចូល​រួម​ផ្តល់​យោបល់​តាម​រយៈ soprach.tong@phnompenhpost.com

No comments:

Post a Comment

yes