.jpg)
.jpg)
នៅថ្ងៃ ១ឧសភា ទិវាពលកម្មអន្តរជាតិ ក្រុមកម្មករប្រមាណ ១ ម៉ឺននាក់ ដឹកនាំដោយសហជីពកម្មករជាង ១០០ ស្ថាប័ន នៅក្នុងប្រទេសកម្ពុជា បានមកជួបជុំ លើកបដា ស្រែកមេក្រូ នៅទីលានប្រជាធិបតេយ្យ ក្នុងរាជធានីភ្នំពេញ មុននឹងដើរហែក្បួនដាក់ញត្តិទៅកាន់រដ្ឋសភា និងរដ្ឋាភិបាល។ ចំណែកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅព្រឹកថ្ងៃទី ១ឧសភានេះ ក៏បានជួបសំណេះសំណាលជាមួយនឹងកម្មករ បុគ្គលិកកំពង់ផែស្វយ័តក្រុងព្រះសីហនុផងដែរ។
ញត្តិរបស់សហជីពកម្មករ សម្រាប់ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ឧសភានេះ មាន ១៤ ចំណុច ដែលរួមមាន៖ ការទាមទារដំឡើងប្រាក់ខែកម្មករយ៉ាងតិច ១៥០ ដុល្លារ បញ្ចុះតម្លៃប្រេងសាំង ព្រមទាំងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។
ញត្តិរបស់សហជីពកម្មករ សម្រាប់ទិវាពលកម្មអន្តរជាតិ នៅថ្ងៃទី១ឧសភានេះ មាន ១៤ ចំណុច ដែលរួមមាន៖ ការទាមទារដំឡើងប្រាក់ខែកម្មករយ៉ាងតិច ១៥០ ដុល្លារ បញ្ចុះតម្លៃប្រេងសាំង ព្រមទាំងទាមទារលក្ខខណ្ឌការងារមួយចំនួនទៀត។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែលជាអ្នកផ្តួចផ្តើមប្រារព្ធទិវាពលកម្មអន្តរជាតិថ្ងៃ ១ឧសភា បានឲ្យដឹងថា បន្ទាប់ពីហែក្បួនទៅមុខវិមានរដ្ឋសភា សហជីពកម្មករ នឹងឡើងថ្លែងការណ៍ បង្ហាញពីការទាមទាររបស់កម្មករកាត់ដេរ។ តំណាងគណបក្សនយោបាយដែលមានអាសនៈក្នុងរដ្ឋសភា ក៏ត្រូវបានសហជីពកម្មករ អញ្ជើញឲ្យចូលរួម ដើម្បីថ្លែងការណ៍ ផ្តល់ការសន្យាតាមសំណើរបស់ក្រុមកម្មករ ត្បិតអីនៅខែកក្កដាខាងមុខ ជាថ្ងៃបោះឆ្នោត។
លោក អាត់ ធន់ បន្តថា ញត្តិរបស់សហជីពកម្មករនៅឆ្នាំនេះមាន ១៤ ចំណុច ដែលមានជាអាទិ៍ ការទាមទារដំឡើងប្រាក់ខែកម្មករកាត់ដេរយ៉ាងតិច ១៥០ ដុល្លារ ការដំឡើងប្រាក់ខែមន្ត្រីរាជការ ២ លានរៀល ការបញ្ចុះតម្លៃប្រេងសាំង កែលម្អលក្ខខណ្ឌការងារ ផ្តល់ឱកាស និងបើកសេរីភាពសម្រាប់កម្មករ និងសហជីព ព្រមទាំងការទាមទារឲ្យកាត់ទោសតាមច្បាប់លើករណី លោក ឈូក បណ្ឌិត ដែលបានបាញ់កម្មករ ជាដើម។
លោកបន្តថា ក្នុងញត្តិដដែលរបស់សហជីពកម្មករ សម្រាប់ទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភា ឆ្នាំនេះ ក៏បានអំពាវនាវអោយក្រុមហ៊ុនយីហោសម្លៀកបំពាក់អន្តរជាតិល្បីៗ ធ្វើការទាមទាររកយុត្តិធម៌សម្រាប់ករណីរបស់ ប៊ន សំណាង សុខ សំអឿន ក្នុងសំណុំរឿងឃាតកម្មសម្លាប់លោក ជា វិជ្ជា ផងដែរ។
ចំណែកលោក ទិត សុធា អ្នកនាំពាក្យអង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស របស់ទីស្តីការគណៈរដ្ឋមន្ត្រី បានលើកឡើងថា រដ្ឋាភិបាល បានលើកកម្ពស់សិទ្ធិកម្មករ និងផ្តល់ឲ្យកម្មករនូវប្រាក់ខែសមរម្យ ដែលត្រូវបានដំឡើងជាបន្តបន្ទាប់។
លោក ទិត សុធា បានអំពាវនាវដល់សហជីព និងកម្មករកាត់ដេរ គួរគប្បីរក្សាភាពស្ងប់ស្ងៀម ដើម្បីឲ្យមានសន្តិសុខ សម្រាប់អ្នកវិនិយោគផង ក៏ដូចជាការរក្សាឆ្នាំងបាយរបស់កម្មករកាត់ដេរផងដែរ។
របាយការណ៍របស់ក្រសួងពាណិជ្ជកម្ម បង្ហាញថា ការនាំចេញផលិតផលវាយនភណ្ឌ កាត់ដេររបស់កម្ពុជា ក្នុងរយៈពេលបីខែ ចាប់ពីខែមករា ដើមឆ្នាំ២០១៣ មានតម្លៃ ១,៣៤ ពាន់លានដុល្លារ ខណៈដែលកាលពីត្រីមាសទី១ ដើមឆ្នាំ២០១២ មានតម្លៃត្រឹមតែ ១,១៤ ពាន់លានដុល្លារប៉ុណ្ណោះ។ កាលពីឆ្នាំ២០១២ ការនាំចេញផលិតផលកាត់ដេររបស់កម្ពុជាមានតម្លៃ ៤,៦ ពាន់លានដុល្លារ។
របាយការណ៍ដដែលបង្ហាញថា ក្នុងវិស័យកាត់ដេរនៅកម្ពុជា មានកម្មករប្រមាណជា ៥១០.៦៨២ នាក់ កំពុងតែបម្រើការនៅក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកសរុបជាង ៥០០ កន្លែង។ ចំណែកប្រាក់ឈ្នួលសម្រាប់កម្មករ គិតជាមធ្យមមានប្រមាណជា ៤០ លានដុល្លារ នៅក្នុងមួយខែ។
ដោយឡែកនៅថ្ងៃប្រារព្ធទិវាពលកម្មអន្តរជាតិ ថ្ងៃ១ឧសភានេះ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជួបជុំជាមួយក្រុមកម្មករ និងបុគ្គលិក នៅកំពង់ផែខេត្តព្រះសីហនុ៕
No comments:
Post a Comment
yes