សូមស្វាគមន៏ការចូលមកកាន់គេហទំព័ររបស់យើងខ្ញុំ​!!!​Welcome to ckn-media.blogspot.com Website !!!​គេហទំព័រ ckn-media.blogspot.com ផ្តល់ព័ត៌មានពិតឥតលំអៀង រហ័សទាន់ចិត្ត ដែលលោកអ្នកជឿទុកចិត្ត / លោកអ្នកអាចទាក់ទងមកកាន់គេហទំព័ររបស់យើងខ្ញុំបានតាមរយៈ Email: cknkhmer@gmail.com សូមអរគុណ !!!

Wednesday, May 1, 2013

បទល្មើស​ព្រៃឈើ​កំពុង​កក្រើក​ក្នុង​រដូវ​បោះឆ្នោត​នៅ​ភ្នំ​គូលែន

មាន​សេចក្តី​រាយការណ៍​ថា នៅ​ពេល​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសរើស​តំណាង​រាស្ត្រ​អាណត្តិ​ទី៥ កាន់​តែ​ខិត​ជិត​មក​ដល់ គឺ​ក្រុម​អ្នក​រក​ស៊ី​ឈើ ក៏​កំពុង​សម្រុក​កាប់​ឈើ​ខុស​ច្បាប់ ដើម្បី​ធ្វើ​អាជីវកម្ម​ដែរ។
អាជ្ញាធរ​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​នឹង​កិច្ច​ការពារ​ព្រៃឈើ ហាក់​ដូច​ជា​បាន​ចាត់​វិធាន​ការ​តិចតួច​ក្នុង​ការ​បង្ក្រាប​ការ​កាប់​ឈើ​ខុស​ច្បាប់​ជាច្រើន​កន្លែង ដែល​កំពុង​កើត​ឡើង​នោះ។
ប្រភព​ពី​ប្រជាពលរដ្ឋ​នៅ​ឃុំ​ខ្នារសណ្ដាយ ស្រុក​បន្ទាយស្រី បាន​ឱ្យ​ដឹង​ថា បច្ចុប្បន្ន​សកម្មភាព​កាប់​ឈើ​ធ្វើ​អាជីវកម្ម​ខុស​ច្បាប់ កំពុង​កើត​មាន​ជា​បន្តបន្ទាប់​នៅ​លើ​ខ្នង​ភ្នំ​គូលែន ដែល​ជា​តំបន់​ឧទ្យាន​ជាតិ ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ។
ស្ត្រី​ម្នាក់ គឺ​ជា​អ្នក​ភូមិ​បន្ទាយស្រី ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ គាត់​បាន​អះអាង​កាល​ពី​រសៀល​ថ្ងៃ​ច័ន្ទ ទី២៩ ខែ​មេសា ថា ឈ្មួញ​មួយ​ក្រុម​កំពុង​ធ្វើ​សកម្មភាព​កាប់​ឈើ​ខុស​ច្បាប់​យ៉ាង​ខ្លាំង​នៅ​តំបន់​ភ្នំ​គូលែន។
ស្ត្រី​ដដែល​បាន​បញ្ជាក់​ថា អ្នក​ភូមិ​របស់​គាត់​ខ្លះ​ត្រូវ​បាន​ឈ្មួញ​ជួល​ឱ្យ​បរ​រទេះ​ទៅ​ដឹក​ជញ្ជូន​ឈើ​ដែល​គេ​កាប់​ចេញ​ពី​ព្រៃ​ជា​បន្តបន្ទាប់៖ «ខ្ញុំ​ឆ្ងល់​ថា ផ្សាយ​ម្នាក់ៗ​សុទ្ធ​តែ​ទប់ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃឈើ តាម​ការ​ពិត បង្ក្រាប​មិន​បាន​អី បើ​រទេះ​នៅ​ស្រុក​បន្ទាយស្រី ឡើង​ទៅ​ដឹក​ឈើ​នៅ​ទីនោះ​រាប់​រទេះ។ ចុះ​ច្បាប់​ហ្នឹង គេ​ធ្វើ​មក​ធ្វើ​អី បើ​សិន​ជា​អ្នក​ហ្នឹង​ប្រព្រឹត្ត​បទ​ល្មើស​ហើយ ច្បាប់​មិន​អាច​បង្ក្រាប​បទ​ល្មើស​បាន​នោះ សុខ​ចិត្ត​ឱ្យ​បទ​ល្មើស​ធំ​ជាង​ច្បាប់​វិញ​ទៅ​មិន​អីចឹង?»
បុរស​ម្នាក់​ទៀត​នៅ​ស្រុក​បន្ទាយស្រី ដែរ បាន​មាន​ប្រសាសន៍​ថា ពួក​ឈ្មួញ​ធ្លាប់​មក​ជួល​គាត់​ឱ្យ​បរ​រទេះ​គោ​ទៅ​ដឹក​ជញ្ជូន​ឈើ​ចុះ​ពី​លើ​ភ្នំ។ គាត់​បញ្ជាក់​ថា ចាប់​តាំង​ពី ២​ខែ​មុន គឺ​ក្រុម​អ្នក​រក​ស៊ី​ឈើ​ខុស​ច្បាប់​បាន​បញ្ជូន​ម៉ាស៊ីន​ជាច្រើន​គ្រឿង ទៅ​កាប់​ឈើ​នៅ​កំពូល​ភ្នំ​គូលែន ម្ដុំ​ភូមិសាស្ត្រ​ថ្ម​អារ ព្រៃ​បេង និង​វាល​ទទឹង​ថ្ងៃ ជាប់​គ្នា​នឹង​ព្រំប្រទល់​ភ្នំ​ហប់ នៃ​ស្រុក​បន្ទាយស្រី៖ «អូ! ច្រើន​ម៉ាស៊ីន​ណាស់ ដែល​ខ្ញុំ​ឃើញ​ត្រួសៗ​ជាង ១០​ម៉ាស៊ីន។ គេ​អារ​តែ​ពេល​ថ្ងៃ វាស់ៗ​ល្ងាច។ ភាគ​ច្រើន​គេ​ចូល​ចិត្ត​អារ​គគីរ និង​ឈើ​ទាល មុខ​ប្រហែល​ជា ០,៧០ ទៅ ០,៨០​ម៉ែត្រ។ គេ​ជួល​ទៅ​ដឹក​ឈើ​ជាង ១០​រទេះ គេ​គិត​គូប​តាម​ជិត​តាម​ឆ្ងាយ បើ​ជិត​ថ្លៃ ២៧​ម៉ឺន ឆ្ងាយ ៣៣​ម៉ឺន​រៀល។ ភាគ​ច្រើន​ថៅកែ​ជា​ទាហាន»
ទោះ​យ៉ាង​ណា នៅ​ថ្ងៃ​ច័ន្ទ វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​លោក ហុង តារាវុធ ជា​ប្រធាន​កម្រង​បរិស្ថាន​នៃ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ដើម្បី​ប្រតិកម្ម​ព័ត៌មាន​នេះ​បាន​នៅ​ឡើយ​ទេ ដោយ​ជំនួយ​ការ​បាន​ប្រាប់​ថា លោក​កំពុង​ជាប់​រវល់។
ភ្នំ​គូលែន គឺ​ជា​អតីត​រាជធានី​បុរាណ​របស់​អាណាចក្រ​ខ្មែរ ឈ្មោះ "មហិន្ទ្របព៌ត" ដែល​មាន​អាយុ​កាល​ជាង ១.០០០​ឆ្នាំ​មក​ហើយ។
បច្ចុប្បន្ន លើ​កំពូល​ភ្នំ​នោះ​នៅ​មាន​សេសសល់​ប្រាសាទ​បុរាណ​ជាង ៥០​ផ្ទាំង​ថ្ម​ចម្លាក់ និង​កន្លែង​សម្រាប់​សក្ការបូជា​ព្រហ្មញ្ញ​ជាច្រើន​ទៀត ព្រម​ទាំង​ព្រៃឈើ​គ្រប​ដណ្ដប់ ដែល​រដ្ឋាភិបាល​បាន​រក្សា​ទុក​ជា​ឧទ្យាន​ជាតិ។
ក៏ប៉ុន្តែ ការ​កាប់​ឈើ​ខុស​ច្បាប់ និង​ការ​កាប់​រាន​ព្រៃ​ដើម្បី​យក​ដី​ធ្វើ​កសិកម្ម​នៅ​លើ​កំពូល​ភ្នំ កំពុង​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​កិច្ច​ការពារ​បរិស្ថាន និង​វត្ថុ​បុរាណ​នៅ​ទីនោះ ដែល​កាល​ពី​ពេល​ថ្មីៗ រដ្ឋាភិបាល និង​ក្រុម​អ្នក​ជំនាញ​អន្តរជាតិ (ICC) បាន​យល់​ឃើញ​ស្រប​គ្នា​ថា គឺ​ត្រូវ​តែ​ការពារ​ភ្នំ​គូលែន​ឱ្យ​គេច​ផុត​ការ​បំផ្លិច​បំផ្លាញ​ជា​បន្ទាន់៕

No comments:

Post a Comment

yes