បុគ្គលិកក្រុមហ៊ុនជប៉ុនឈ្មោះ ស៊ូមីតូម៉ូ មីតស៊ូ (Sumitomo Mitsui Construction Co., Ltd.) សង់ស្ពានអ្នកលឿង នាំគ្នាទាមទារឲ្យក្រុមហ៊ុនបញ្ជាក់ឲ្យច្បាស់អំពីការយកពន្ធ ១០ភាគរយលើប្រាក់ដែលបុគ្គលិកខ្មែរទទួលបានក្នុង ១ខែ។
បុគ្គលិកខ្មែរជាង ៥០នាក់ មានឋានៈចាប់ពីអ្នកបោសសំអាត អ្នកបើកទូក រហូតទៅដល់វិស្វករ មិនព្រមធ្វើការឡើយ នៅថ្ងៃទី១ ខែឧសភា គឺពួកគេទាមទារឲ្យក្រុមហ៊ុនសាងសង់ ស៊ូមីតូម៉ូ មីតស៊ូ ដែលកំពុងសង់ស្ពានអ្នកលឿង ឆ្លើយតបអំពីការយកពន្ធ ១០% លើប្រាក់ចំណូលរបស់បុគ្គលិកខ្មែរ។
តំណាងឲ្យក្រុមវិស្វករសង់ស្ពានអ្នកលឿង លោក វុត្ថា ថ្លែងនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ ថា ពួកគាត់គឺជាបុគ្គលិកខ្មែរ ៥៤នាក់ ដែលធ្វើការឲ្យក្រុមហ៊ុននេះជាង ២ឆ្នាំមកហើយ។ ក្រុមហ៊ុនបានកាត់យកពន្ធលើប្រាក់ចំណូលពីពួកគាត់ចំនួន ១០ភាគរយ។ លោកថា ការកាត់នោះ គឺយកតែពីបុគ្គលិកខ្មែរទេ មិនថាអ្នកបោសសំអាត អ្នកបើកបរទូក និងវិស្វករឡើយ។
លោកបន្ថែមថា ក្រុមហ៊ុនបានប្រាប់បុគ្គលិកថា កាត់យកបង់ពន្ធជូនក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប៉ុន្តែក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនទាន់ឆ្លើយតបថា ការកាត់យកនោះត្រឹមត្រូវ ឬអត់នៅឡើយ៖ «Policy (គោលការណ៍) ទាក់ទងនឹងការកាត់ពន្ធនោះ វាអត់ច្បាស់តែម្ដង។ អត់មានថា លុយកាត់ចាប់ពីប៉ុន្មានទៅប៉ុន្មាន ត្រូវកាត់ប៉ុន្មានភាគរយ គឺដឹងតែ ១០% តែម្តង ហើយសរុបទាំងអស់ ប្រាក់ខែគោល ប្រាក់ខែថែមម៉ោង ជាមួយនឹងប្រាក់ស្នាក់នៅ ហើយគេសរុបចូលគ្នាទាំងអស់ គេដកយក ១០% តែម្ដង។ តែបើតាមច្បាប់ យើងបើកមើល គឺយកតែប្រាក់ខែគោលទេ»។
តំណាងអ្នកបើកទូក លោក ឆឹង ម៉ាក់ ថ្លែងថា ប្រាក់ខែគាត់ ១៥០ដុល្លារក្នុង១ខែ ក៏ក្រុមហ៊ុនកាត់យក ១០% ដែរ។ លោកថា ប្រាក់ទទួលបាននោះទាបណាស់បើធៀបទំនិញកំពុងឡើងថ្លៃ។ គាត់ចង់ដឹងថា ប្រាក់ខែទាបនោះគួរយកពន្ធ ១០% ដែរទេ៖ «ប្រាក់ខែនោះចាយមិនគ្រាន់ទេប៉ុណ្ណឹងនោះ ហើយពួកខ្ញុំនេះគឺស្នើសុំឲ្យខាងក្រុមហ៊ុនកាត់បន្ថយប្រាក់យកពន្ធនោះហើយ។ បញ្ហាលុយដែលកាត់យកពន្ធកន្លងមក គឺសុំមកវិញ ហើយទី៣ទៀត គឺសុំប្រាក់ខែឡើងទៅដល់ ២០០ ទៅ ៣០០ បានចាយវាយគ្រប់គ្រាន់»។
វិស្វករមួយរូបទៀតសុំមិនបញ្ចេញឈ្មោះថ្លែងថា ការកាត់យកប្រាក់ ១០% នោះ ក្រុមហ៊ុនមិនគិតយកពន្ធតែលើប្រាក់បៀវត្សរ៍ទេ គឺបូកយកប្រាក់ថែមម៉ោង ប្រាក់ធ្វើការថ្ងៃឈប់សម្រាកជាដើម ដើម្បីបានប្រាក់ច្រើន ហើយដកពន្ធ ១០% តែម្ដង។ លោកថា នៅពេលគាត់បញ្ចប់កិច្ចសន្យាសង់ស្ពានអ្នកលឿង នៅឆ្នាំ២០១៥ ខាងមុខ តើប្រាក់ ១០% រដ្ឋាភិបាលនឹងសងមកគាត់ ឬជួយចិញ្ចឹមគាត់ពេលចាស់ជរាវិញទេ? ទើបនៅថ្ងៃទិវាពលកម្មអន្តរជាតិ ពួកគាត់មកកន្លែងធ្វើការទាំងអស់គ្នា ប៉ុន្តែមិនធ្វើការ ព្រោះចង់ឲ្យក្រុមហ៊ុនបំភ្លឺអំពីប្រាក់ពន្ធកាត់យក ១០% នោះ។
រដ្ឋបាលក្រុមហ៊ុនសាងសង់ ស៊ូមីតូម៉ូ មីតស៊ូ លោក អាក់ធឺ (Akhter) បានបដិសេធគ្រប់សំណួរដែលវិទ្យុអាស៊ីសេរី បានជម្រាបសួរ។
បុគ្គលិកទាំងនោះឲ្យដឹងថា ក្រោយមានបុគ្គលិកតវ៉ា ក្រុមហ៊ុនបានហៅតំណាងឲ្យចូលជួប។ ខាងក្រុមហ៊ុនឲ្យដឹងថា ពួកគេកាត់ប្រាក់ពីបុគ្គលិកខ្មែរនោះ ព្រោះខាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បញ្ជាឲ្យគេធ្វើបែបនេះចំពោះបុគ្គលិកខ្មែរ។ ក្រុមហ៊ុនបានរក្សាប្រាក់កាត់បាននោះជាង ២ឆ្នាំ ទុកនៅក្រុមហ៊ុន ហើយរង់ចាំឲ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឆ្លើយតបមកក្រុមហ៊ុនវិញ។
ក្រុមបុគ្គលិកខ្មែរទាំងនោះបន្តថា ពួកគេបន្តមិនធ្វើការទៀត ដរាបណាប្រាក់កាត់ ១០% ពួកគាត់ខំធ្វើការនោះមិនមានការពន្យល់ឲ្យបានច្បាស់លាស់ពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ថាការយកពន្ធប្រាក់ ១០% នោះត្រឹមត្រូវឬទេ?
No comments:
Post a Comment
yes