
នាយកគម្រោងសេរីភាពសារព័ត៌មាននៃអង្គការ ហ្វ្រីដឹម ហោស (Freedom House)
អ្នកស្រី ខារិន ខាលេខា (Karin Karlekar) ថ្លែងក្នុងកម្មវិធីផ្សាយរបាយការណ៍សេរីភាព
សារព័ត៌មានឆ្នាំ២០១៣ នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ឧសភា ឆ្នាំ២០១៣
អង្គការការពារសេរីភាពសារព័ត៌មានឈ្មោះថា ហ្វ្រីដឹម ហោស (Freedom House) កាលពីថ្ងៃពុធ ទី១ ឧសភា ចេញផ្សាយរបាយការណ៍សេរីភាពសារព័ត៌មានឆ្នាំ២០១៣ ដោយចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជា ឋិតក្នុងប្រភេទប្រទេសមានពណ៌ក្រហម ជាប្រទេសគ្មានសេរីភាពទាំងស្រុង។
ក្នុងឱកាសផ្សព្វផ្សាយរបាយការណ៍នោះ អ្នកស្រី ខារិន ខាលេខា (Karin Karlekar) នាយកគម្រោងសេរីភាពសារព័ត៌មាននៃអង្គការ ហ្វ្រីដឹម ហោស មានប្រសាសន៍ថា សេរីភាពសារព័ត៌មាននៅកម្ពុជា ធ្លាក់ចុះ កាលពីឆ្នាំ២០១២។ កាលពីឆ្នាំ២០១១ កម្ពុជាក៏ឋិតនៅក្នុងប្រទេសដែលគ្មានសេរីភាពសារព័ត៌មាន ប៉ុន្តែនៅឆ្នាំ២០១៣ ពិន្ទុសេរីភាពសារព័ត៌មានបន្តធ្លាក់ចុះបន្ថែមទៀត។
អ្នកស្រី ខារិន ខាលេខា៖ «កម្ពុជាត្រូវបានដាក់ក្នុងប្រទេសដែលគ្មានសេរីភាពទាំងស្រុង ប៉ុន្តែយើងឃើញថា ពិន្ទុផ្នែកសេរីភាពសារព័ត៌មាននៅប្រទេសនេះបានធ្លាក់ចុះ ប្រៀបទៅនឹងឆ្នាំមុន។ នេះជាដំណើរឆ្ពោះទៅរកភាពអវិជ្ជមាននៅកម្ពុជា»។
អ្នកស្រីបន្តថា ស្ថានភាពសិទ្ធិសេរីភាពនៅកម្ពុជា ធ្លាក់ចុះដោយសារមានករណីក្ដីក្ដាំមួយចំនួន ដូចជាការកាត់ទោសប្រធានវិទ្យុសំបុកឃ្មុំ លោក ម៉ម សូណង់ដូ ជាម្ចាស់ស្ថានីយវិទ្យុឯករាជ្យមួយ។ ទោះបីជាបច្ចុប្បន្នលោកត្រូវបានដោះលែង ប៉ុន្តែលោកបានជាប់ពន្ធនាគារអស់រយៈពេលជាយូរ នេះបានក្លាយជាក្ដីកង្វល់របស់យើង។
យើងឃើញថា មានការប្រើប្រាស់បណ្ដឹងបរិហារកេរ្តិ៍ និងបទល្មើសផ្សេងៗទៀតនៅកម្ពុជា ដើម្បីបំបិទសិទ្ធិសេរីភាពសារព័ត៌មាន។ មានករណីខ្លះ សារព័ត៌មានត្រូវបានបំភិតបំភ័យ គំរាមកំហែង និងអំពើហិង្សា។ ស្ថានភាពនៅកម្ពុជា បានបង្កើតឲ្យមានក្ដីបារម្ភ ហើយកម្ពុជា កំពុងដើរឆ្ពោះទៅផ្លូវអវិជ្ជមានក្នុងវិស័យព័ត៌មានក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
No comments:
Post a Comment
yes