
លោក អ៊ឹម សួស្ដី ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងតារាងលេខ
រៀងគណបក្សនយោបាយដែលចូលរួមការបោះឆ្នោតនៅថ្ងៃទី២៨ ខែកក្កដាខាងមុខនេះ
គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សប្រឆាំងធំជាងគេនៅកម្ពុជាសុទ្ធតែសម្តែងនូវការពេញចិត្តយ៉ាងខ្លាំងចំពោះលំដាប់លេខរៀង របស់គណបក្សពួកគេ នៅក្នុងការបោះឆ្នោតជាតិនាខែកក្កដាខាងមុខ ដែលត្រូវបានចាប់ឆ្នោត នៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប កាលពីម្សិលមិញ។
លំដាប់លេខរៀង របស់គណបក្សនយោបាយទាំង ៨ ដែលចូលរួមនៅក្នុងការបោះឆ្នោតជាតិនាពេលខាងមុខ ត្រូវបានចាប់ដោយសម្តេចព្រះសង្ឃរាជ ធម្មយុត្តិកនិកាយ ប៊ួ គ្រី និងសម្តេចព្រះសង្ឃរាជ គណៈមហានិកាយ ទេព វង្ស។ នៅក្នុងការចាប់ឆ្នោត ដែលធ្វើឡើងកាលពីម្សិលមិញ នៅ គ.ជ.ប ដែលមានតំណាងគណបក្សនយោបាយនិងអ្នកសង្កេតការណ៍ចូលរួមបានបង្ហាញថា លេខរៀងទី១បានទៅគណបក្សសញ្ជាតិកម្ពុជា លេខរៀងទី ២ គណបក្សហ៊្វុនស៊ិនប៉ិច លេខរៀងទី៣ គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ លេខរៀងទី ៤ គណបក្សប្រជាជនកម្ពុជា លេខរៀងទី ៥ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច លេខរៀងទី ៦ គណបក្សខ្មែរឈប់ក្រ លេខរៀងទី ៧ គណបក្សសង្គ្រោះជាតិ និងលេខរៀងទី៨ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ។ លេខរៀងទី ៤របស់គណបក្សប្រជាជនកម្ពុជា ត្រូវបានចាប់ដោយសម្តេចសង្ឃប៊ួ គ្រី ចំណែកលេខរៀងទី៧ របស់គណបក្សសង្គ្រោះជាតិ ត្រូវបានចាប់ដោយសម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី ទេព វង្ស។
តំណាងគណបក្សប្រជាជនកម្ពុជា និងតំណាងគណបក្សសង្គ្រោះជាតិ បានសម្តែងនូវការពេញចិត្តយ៉ាងខ្លាំង ចំពោះលំដាប់លេខរៀងរបស់ពួកគេ។
លោក សម សឿន សមាជិកគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជន បានប្រាប់ក្រុមអ្នកយកព័ត៌មានថា លេខរៀងទី៤ ដែលគណបក្សប្រជាជនទទួលបាន ពីការចាប់ឆ្នោតដូចកាលពីអាណត្តិមុនទៀតនេះ ជាលេខសំណាងលើកទីពីរសម្រាប់គណបក្សប្រជាជនដែលបង្ហាញពីការព្យាករល្អថា នឹងឈ្នះការបោះឆ្នោតជាថ្មីទៀត។ លោកសម សឿនបានថ្លែងថា៖ «ខ្ញុំក៏សូមសម្តែងការដឹងគុណដល់សម្តេចសង្ឃទាំងពីរគណៈ ដែលចាប់លេខរៀងបានលេខដដែលសម្រាប់គណបក្សប្រជាជនដែលជាការប្រសិទ្ធពរដល់គណបក្សប្រជាជនឲ្យទទួលបានជោគជ័យក្នុងការបោះឆ្នោតអាណត្តិទី៥ នេះ»។
ចំណែកលោក យ៉ែម បុញ្ញឫទិ្ធ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏បានប្រាប់ក្រុមអ្នកយកព័ត៌មានពីការពេញចិត្តយ៉ាងខ្លាំងចំពោះលេខរៀងទី៧ របស់គណបក្សលោកផងដែរ។ លោកបានថ្លែងថា៖«អ្វីៗសុទ្ធតែជាលេខ៧។ គោលនយោបាយរបស់យើងមាន៧ចំណុចសមាជរបស់យើងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ហើយការចាប់ឆ្នោតគឺចំលេខទី៧ ទៀត។ យើងពេញចិត្តនឹងលេខ៧ នេះ។ វាជារឿងអស្ចារ្យមែនទែន»។ លោក បុញ្ញឫទិ្ធ ក៏បានគូសបញ្ជាក់ទៀតថា លេខរៀងទី ៧ នេះ អាចជាការជួយលើកទឹកចិត្តបន្ថែមទៀត ដល់គណបក្សសង្គ្រោះជាតិ ដែលដឹកនាំដោយលោកសម រង្ស៊ី និងលោក កឹម សុខា ដែលនៅពេលនេះកំពុងតែមានសន្ទុះកាន់តែខ្លាំងឡើងៗ ដែលអាចនឹងទទួលបានជ័យជម្នះនៅក្នុងការបោះឆ្នោតខាងមុខ។
សម្តេច សង្ឃ ប៊ួ គ្រី បានមានសង្ឃដីកា ប្រាប់ក្រុមអ្នកយកព័ត៌មានថា ការចាប់ឆ្នោតនេះ គឺយុត្តិធម៌ ហើយត្រឹមត្រូវសម្រាប់គណបក្សនយោបាយទាំងអស់ កុំឲ្យច្រណែនគ្នាដោយចង់បានលេខដែលពួកគេចង់បាន។ ព្រះអង្គមានសង្ឃដីកាទៀតថា៖«លេខរៀងនីមួយៗ ដែលគណបក្សនយោបាយទាំងអស់ទទួលបានគឺវាល្អ ដើម្បីឈ្នះការបោះឆ្នោតប្រសិនបើគណបក្សនីមួយៗឈរលើគោលនយោបាយល្អ»។
ប្រធាន គ.ជ.ប. លោក អ៊ឹម សួស្តី បាននិយាយថា លទ្ធផលនៃការចាប់ឆ្នោតដែលត្រូវកំណត់លេខរៀងសម្រាប់គណបក្សនយោបាយលើសន្លឹកឆ្នោតនេះគឺមានសារៈសំខាន់ណាស់សម្រាប់គណបក្សនយោបាយទាំងអស់ដែលឈរឈ្មោះបោះឆ្នោត។
លោកបានបញ្ជាក់ថា៖ «ការកំណត់លេខរៀងសម្រាប់គណបក្សនយោបាយនីមួយៗលើសន្លឹកឆ្នោត នឹងបង្កឲ្យមានភាពងាយស្រួលសម្រាប់គណបក្សនយោបាយពាក់ព័ន្ធនឹងការឃោសនារកសំឡេងឆ្នោតនិងជួយឲ្យអ្នកបោះឆ្នោតងាយស្រួលដឹងពីគណបក្សណាមួយដែលពួកគេពេញចិត្ត»។
កាលពីម្សិលមិញនេះដែរ គ.ជ.ប បានចេញសេចក្តីអំពាវនាវមួយ ដល់អ្នកប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមដូចជា ដូចជា Facebook,Twitter, Google, Linkedln, Myspace, Tumblr និង Blogs ។ល។ សូមឲ្យចៀសវាងការផ្តល់ព័ត៌មានមិនត្រឹមត្រូវអំពីដំណើរការបោះឆ្នោតជាពិសេសកាលបរិច្ឆេទនៃការបោះឆ្នោតការធ្វើឲ្យមានការភ័យខ្លាច ការភាន់ច្រឡំ ភាពច្របូកច្របល់បាត់ទំនុកចិត្តលើការសម្ងាត់នៃការបោះឆ្នោត។ គ.ជ.ប សង្ឃឹមថា អ្នកប្រើប្រាស់ប្រព័ន្ធសង្គមទាំងអស់នេះ នឹងជួយចូលរួមផ្សព្វផ្សាយជូនប្រជាពលរដ្ឋឲ្យកាន់តែយល់ច្បាស់ អំពីការបោះឆ្នោត និងដើម្បីឲ្យការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលប្រព្រឹត្តទៅ នៅថ្ងៃទី២៨ ខែកក្កដាខាងមុខឲ្យមានបរិយាកាសសុខសន្តិភាពនិងប្រកបដោយភាពជោគជ័យ៕
No comments:
Post a Comment
yes