គម្រោងអភិវឌ្ឍន៍របស់ប្រទេសវៀតណាមនៅលើទីតាំងដីកោះត្រល់របស់ខែ្មរ
រឿងរ៉ាវកោះត្រល់ ដែលមានទីតាំងនៅជិតបង្កើយនឹងខេត្ដកំពតរបស់ខ្មែរ បែរជាធ្លាក់ទៅក្នុងដៃ ប្រទេសវៀតណាមកាន់កាប់និងគ្រប់គ្រងទល់សព្វថ្ងៃនេះ បានក្លាយជាប្រធានបទក្ដៅក្នុងការវែកញែកយ៉ាងចម្រូងចម្រាស់ រវាងថ្នាក់ដឹកនាំប្រទេសជំនាន់មុន(អង្គសម្ដេចឪ នរោត្ដម សីហនុ) និងថ្នាក់ដឹកនាំប្រទេស បច្ចុប្បន្ន(សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន) ។
ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្ដម សីហនុ អតីតព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ធ្លាប់បានចេញរាជសារចុះថ្ងៃទី១៦ខែតុលាឆ្នាំ២០០៥ ពីទីក្រុងប៉េកាំងប្រទេសចិនថា “នរោត្ដម សីហនុ មិនដែលទទួលស្គាល់ថា ស្របច្បាប់ និងសមហេតុសមផលអំពីកម្ពុជាក្រោម-កោះត្រល់ បានទៅបារាំង-វៀតណាមនោះ ទេ ។” ។
ឯកឧត្ដម ជូ អេនឡាយ អតីតនាយករដ្ឋមន្ដ្រីចិន និងឯកឧត្ដម ចេន យី អតីតសេនាប្រមុខចិន ដែលជាវីរបុរសចំណាស់ជាមួយឯកឧត្ដមប្រធាន ម៉ៅ សេទុង ធ្លាប់បានមានប្រសាសន៍ទូលថ្វាយអង្គសម្ដេចឪនាអំឡុងឆ្នាំ១៩៥៥ ថា “ច្បាស់ណាស់ កោះត្រល់ជារបស់ខ្មែរ ដ្បិតជាប់នឹងទឹកដីខ្មែរមិនជាប់ជាមួយទឹកដីវៀតណាមទេ ។” ។
រីឯសម្ដេចអគ្គមហាសេនាបតីតេជោនាយឧត្ដមសេនីយ៍ផុតលេខផ្កាយមាស៥ បណ្ឌិតសភាចារ្យ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដ៏មានអំណាចមហិមាបច្ចុប្បន្ននេះវិញ តែងបានអះអាងថា “កោះត្រល់បានបាត់បង់ពីខ្មែរក្លាយជារបស់វៀតណាមតាំងពីយូរយាជំនាន់អ្នកដឹកនាំប្រទេសមុនៗមកម្ល៉េះ ។” ។
អ្វីទៅជាការពិត ? តើកោះត្រល់របស់ខ្មែរបានបាត់បង់នៅពេលណា ?
“សម្ដេចតេជោសែន”កាលណោះនៅជាសមមិត្ដនៅឡើយ បានឡើងកាន់កាប់មុខតំណែងជានាយករដ្ឋមន្ដ្រីនៃរដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតកម្ពុជានាឆ្នាំ១៩៨៥ ។ ការបោះពុម្ពសៀវភៅសិក្សាសម្រាប់សិស្សានុសិស្សថ្នាក់ទី៧ មុខវិជ្ជាភូមិវិទ្យានាសម័យនោះបានចែងអំពីសណ្ឋានដីនិងភោគទ្រព្យរ៉ែ ដែលក្នុងនោះក៏បានបញ្ជាក់អំពីក្រុមកោះរបស់ខ្មែរថា “កោះដែលនៅឯនាយស្ទើរកោះវាលរេញមានបីក្រុម គឺៈ ក្រុមទី១-នៅពីមុខកំពង់ផែកំពង់សោម មានកោះពស់, ក្រុមទី២-នៅមុខរាម មានកោះតាកៀវ កោះឫស្សី កោះត្រែះ កោះចន្លុះ និងកោះស្រមោច, ក្រុមទី៣-បន្ដទៅកោះត្រល់ មានកោះថ្មី និងកោះសេះ ។ នៅក្នុងលំហឈូងសមុទ្រកម្ពុជា មានកោះតាង កោះអាគ្នេយ៍ កោះព្រីង កោះវៀ និងកោះវ៉ៃ ។” ។
នៅថ្ងៃទី២៧ខែធ្នូឆ្នាំ១៩៨៥ សាធារណរដ្ឋប្រជាមានិតកម្ពុជា ដែលមានសមមិត្ដហ៊ុន សែន ជានាយករដ្ឋមន្ដ្រី បានចុះសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម ។ ចាប់តាំងពីពេលនោះ ថ្វីដ្បិតសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥រវាងកម្ពុជានិងវៀតណាម សំដៅកំណត់តែអំពីព្រំដែនគោក(មិនទាន់ កំណត់អំពីព្រំដែនទឹកនៅឡើយ)ក៏ពិតមែន ប៉ុន្ដែក្នុងសៀវភៅសិក្សាផ្នែកមុខវិជ្ជាភូមិវិទ្យាក្រោយៗមកលែងមាននិយាយអំពីឈ្មោះកោះត្រល់របស់ខ្មែរសម្រាប់ឱ្យកូនខ្មែររៀនសូត្រទៀតហើយៗកោះត្រល់ក៏បានធ្លាក់ទៅជាកម្មសិទ្ធិរបស់ប្រទេសវៀតណាម ដោយប្ដូរដាក់ឈ្មោះថ្មីថា “ភូកុក”ទល់សព្វថ្ងៃ។
នៅថ្ងៃទី១០ខែតុលាឆ្នាំ២០០៥ សម្ដេច ហ៊ុន សែន ក្នុងនាមជានាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា បានចុះសន្ធិសញ្ញាបំពេញបន្ថែមជាមួយសាធារណរដ្ឋសង្គមនិយមវៀតណាម មានឯកឧត្ដម ផាន វ៉ាន់ខាយ ជានាយករដ្ឋមន្ដ្រី នៅប្រទេសវៀតណាមតែម្ដង ដោយប្រថាប់ត្រាទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ ក្នុងការកំណត់ព្រំដែនគោករវាងកម្ពុជានិងវៀតណាមឱ្យកាន់តែរឹងមាំ ។ ទីបំផុត សន្ធិសញ្ញាបំពេញបន្ថែមទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-វៀតណាមឆ្នាំ១៩៨៥នេះ បានក្លាយជាច្បាប់ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខនស/រកម/១១០៥/០៣៩ ចុះថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០០៥ ។ សន្ធិសញ្ញាបំពេញបន្ថែមនេះត្រូវ បានរាជរដ្ឋាភិបាលកម្ពុជាធានាអះអាងថា មិនឱ្យមានការបាត់បង់បូរណភាពទឹកដី(ផ្ទៃដីគោក)ទំហំ១៨១.០៣៥គីឡូម៉ែត្រក្រឡារបស់កម្ពុជាឡើយ ។
មុននឹងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ទៅលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋកម្ពុជា-វៀតណាមឆ្នាំ១៩៨៥ចេញជារូបរាង និងត្រូវបានប្រថាប់ត្រាប្រកបដោយជោគជ័យនោះ គឺមានភាពប្រទាញប្រទង់គ្នាខ្លាំងណាស់នៅក្នុងស្ថាប័នជាតិផង និងប្រតិកម្មពីអង្គការសង្គមស៊ីវិលផង ។ ជាក់ស្ដែង បុរស៤នាក់ រួមមាន លោក រ៉ុង ឈុន ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ, លោក ជា មុនី ប្រធានសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា,លោក ម៉ែន ណាត សមាគមមន្ដ្រីរាជការឯករាជ្យកម្ពុជា និងលោក អៀ ចាន់ណា អគ្គលេខាធិការរង ចលនានិស្សិតដើម្បីលទ្ធិប្រជាធិបតេយ្យ ក្នុងនាមជាក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ត្រូវបានរាជរដ្ឋាភិបាលប្ដឹងទៅតុលាការ ហើយតុលាការក៏បានចេញដីកាចាប់ខ្លួន បន្ទាប់ពីអ្នកទាំង៤ចេញសេចក្ដីថ្លែងការណ៍ចុះថ្ងៃទី១១ខែតុលាឆ្នាំ២០០៥ លើកឡើងអំពីបញ្ហាគ្រោះថ្នាក់នៃបូរណភាពទឹកដីខ្មែរ ។
កាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៣កន្លងទៅថ្មីៗនេះ លោក រ៉ុង ឈុន តំណាងក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា និងជាប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានធ្វើលិខិតផ្លូវការមួយច្បាប់ គោរពជូន“សម្ដេចតេជោសែន” ឱ្យធ្វើការពិចារណាចំពោះបញ្ហាទឹកដីនិងកោះ(ជាពិសេសកោះត្រល់)ដែលបានបាត់បង់ទៅប្រទេសជិតខាង ។
មជ្ឈដ្ឋានអ្នកច្បាប់បានលើកឡើងថា ការបោះពុម្ពសៀវភៅសិក្សាសម្រាប់ឱ្យសិស្សានុសិស្សរៀនសូត្រ ជាការយកចិត្ដទុកដាក់ និងប្រុងប្រយ័ត្នខ្លាំងណាស់ ហើយសៀវភៅសិក្សាមុខវិជ្ជាភូមិវិទ្យាថ្នាក់ទី៧បោះពុម្ពនៅឆ្នាំ១៩៨៥ នៅមានឈ្មោះកោះត្រល់ជាកោះរបស់ខ្មែរ បែរជាលុបបំបាត់ឈ្មោះកោះត្រល់នេះទៅវិញមកទល់ បច្ចុប្បន្ន គឹមានន័យថា ឈ្មោះកោះត្រល់ទើបត្រូវបានលុបបំបាត់ចោលពីកម្មសិទ្ធិរបស់ខ្មែរចាប់តាំងពីថ្ងៃទី២៧ខែធ្នូឆ្នាំ១៩៨៥តរៀងមក តាមស្មារតីនៃសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥រវាងកម្ពុជា-វៀតណាម ក្នុងសម័យសមមិត្ដ ហ៊ុន សែន ធ្វើជានាយករដ្ឋមន្ដ្រីនៃសាធារណរដ្ឋប្រជាមានិតកម្ពុជា។
ក្រុមអ្នកច្បាប់បានលើកឡើងទៀតថា មាត្រា២និងមាត្រា៥៥នៃរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូល នៃព្រះរាជាណាចក្រកម្ពុជាបានចែងរួចហើយថា “បូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជា មិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ ។…សន្ធិសញ្ញានិងកិច្ចព្រមព្រៀងទាំងឡាយណាដែលមិនស្របនឹងឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី អព្យាក្រឹតភាព និងឯកភាពជាតិរបស់ព្រះរាជាណាចក្រកម្ពុជា ត្រូវលុបចោល ។” ដូច្នេះ សន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋរវាងកម្ពុជា- វៀតណាមដែលបានប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ ដែលផ្ទុយនឹងរដ្ឋធម្មនុញ្ញ ត្រូវចាត់ទុកជាមោឃៈទាំងស្រុង ៕
No comments:
Post a Comment
yes