គ្មានការថមថយចុះទេ ហើយក៏គ្មានសមត្ថកិច្ចថ្នាក់លើណាអើពើយកចិត្ដទុកដាក់ចាត់វិធានការ បង្ក្រាបឡើយទៅលើសកម្មភាពនាំចូលទំនិញគេចពន្ធជាប្រចាំតាមច្រករបៀងព្រំដែនកម្ពុជា-ថៃ ក្នុងភូមិសាស្ដ្រខេត្ដបន្ទាយមានជ័យ ។
ការនាំចូលទំនិញគេចពន្ធសព្វសារពើ ជាពិសេសហ្គាសត្រូវបានឈ្មួញនិងក្រុមមន្ដ្រីសមគំនិតគ្នា ធ្វើចរាចរណ៍យ៉ាងសកម្មនៅតាម ច្រកវរសេនាតូចជើងគោកលេខ៩១១ ឋិតនៅចំណុចចុងស្រល់ រហូតដល់ចំណុចព្រៃចាន់ ក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ(អាចមានច្រករបៀងប្រមាណ២០ច្រក)គ្រប់គ្រងដោយលោកវរសេនីយ៍ត្រី សូ ចាន់ណារី ។ រីឯច្រករបៀងឋិតក្នុងភូមិសាស្ដ្រ ភូមិទន្សាយអើត ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្ដបន្ទាយមានជ័យ ដែលគ្រប់គ្រងដោយលោកវរសេនីយ៍ទោ ឈិត លី មេបញ្ជាការវរសេនា តូចជើងគោកលេខ៨១៥សហការជាមួយកម្លាំងយោធាសឹករងស្រុកម៉ាឡៃក៏មានសកម្មភាពនាំចូលហ្គាសគេចពន្ធយ៉ាងសកម្មដូចគ្នា ។
ប្រភពព័ត៌មានពីខេត្ដបន្ទាយមានជ័យបានឱ្យដឹងថា ការដើរប្រមូលលុយពីចំណូលតាមច្រក របៀងនានា គឺមានមន្ដ្រីនគរបាលខេត្ដបន្ទាយមានជ័យម្នាក់ឈ្មោះ ង៉ាន់ ចិន្ដា ជាអ្នកចាត់ចែងទុកដាក់លុយកាក់ចំណូលនេះជាប្រចាំ ។
សូមលោកឧត្ដមសេនីយ៍ ខេង ស៊ុម ស្នងការនគរបាលខេត្ដបន្ទាយមានជ័យ និងលោក ថោង សុផូ មេគយខេត្ដបន្ទាយមានជ័យ ព្រមទាំងលោក ឈួន ហៃ ប្រធានស្នាក់ការគយច្រកទ្វារព្រំដែនអន្ដរជាតិប៉ោយប៉ែត មេត្ដាត្រួតពិនិត្យនិងមានវិធានការក្ដៅទៅលើបទល្មើសទំនិញគេចពន្ធជាប្រចាំនៅតាមច្រករបៀងនានាជាប់ព្រំដែនថៃនោះផង ឬក៏អ្វីៗបានត្រូវរ៉ូវគ្នា ចាត់ទុកទំនិញគេចពន្ធជាឆ្នាំងបាយគ្រប់ៗគ្នាអស់ទៅហើយទេដឹង ៕
No comments:
Post a Comment
yes