បញ្ហាជនអន្ដោប្រវេសន៍វៀតណាមចូលមកព្រះរាជាណាចក្រកម្ពុជាទី២នៃយើងនេះ បានក្លាយជាប្រធានបទដ៏ក្ដៅគគុកក្នុងការវែកញែកអះអាងរៀងៗខ្លួន ពោលគឺមជ្ឈដ្ឋានអ្នកគាំទ្រគណបក្សនយោបាយប្រឆាំង ក៏ដូចជាប្រិយមិត្ដបណ្ដាញព័ត៌មានសង្គមហ្វេសប៊ុកយល់ឃើញថា វត្ដមានជនអន្ដោប្រវេសន៍វៀតណាមចូលមកកម្ពុជាមានចំនួនខ្ទង់លាននាក់ រីឯសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជាអះអាងថា វត្ដមានជនជាតិវៀតណាមនៅលើទឹកដីកម្ពុជាមានចំនួនប្រមាណ១០ម៉ឺននាក់ប៉ុណ្ណោះ ។
និយាយទាក់ទងនឹងរឿងជនអន្ដោប្រវេសន៍វៀតណាមចូលមករាជាណាចក្រកម្ពុជាទី២នេះ គេហទំព័រសារព័ត៌មានដើមត្នោត សូមធ្វើការដកស្រង់នូវព្រះតម្រិះរបស់ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ អតីតព្រះមហាក្សត្រ និងអតីតព្រះមហាវីរក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលព្រះអង្គនៅមានព្រះជន្មនៅឡើយ ព្រះអង្គបានព្រះតម្រិះនៅក្នុងរាជសាររបស់ព្រះអង្គចុះថ្ងៃទី១៧ខែកក្កដាឆ្នាំ២០០៣ថា ៖
ចំនួនជនអន្ដោប្រវេសន៍វៀតណាមដែលមាននៅក្នុងសម័យសង្គមរាស្ដ្រនិយម គឺជាការទទួលខុសត្រូវទាំងស្រុងរបស់អាណានិគមនិយមបារាំង ដែលបានត្រួតត្រាកម្ពុជាពីឆ្នាំ១៨៦៣មកទល់នឹងថ្ងៃដែលកម្ពុជាទទួលបានឯករាជ្យពេញបរិបូរណ៍នៅថ្ងៃទី០៩ខែវិច្ឆិកាឆ្នាំ១៩៥៣ ។
ជនជាតិវៀតណាមបានមកតាំងទីលំនៅឋាននៅកម្ពុជាបង្កបង្កើតកូនចៅ ហើយរស់នៅកម្ពុជាពុំ ព្រមវិលត្រឡប់ទៅប្រទេសរបស់ខ្លួនវិញទេ ។
នៅពេលដែលសង្គមរាស្ដ្រនិយមបង្កើតឡើង រាជរដ្ឋាភិបាល រដ្ឋអំណាចជាតិពុំបានអនុញ្ញាតឱ្យជនអន្ដោប្រវេសន៍មានជនជាតិវៀតណាម ថៃ លាវ ។ល។ ចូលមកកម្ពុជាស្រេចតែទំនើងចិត្ដនោះទេ។ រាជាណាចក្រកម្ពុជាទី១មានច្បាប់សម្រាប់ជនអន្ដោប្រវេសន៍គោរពនិងអនុវត្ដន៍។ ខ្ញុំមានអំណាចរដ្ឋបាល មានមធ្យោបាយដើម្បីធ្វើស្ថិតិជំរឿនប្រជារាស្ដ្របានយ៉ាងជាក់ច្បាស់អំពីចំនួនជនជាតិខ្មែរ វៀតណាម ថៃ លាវ ចិន ។ល។ បើតាមការចងចាំរបស់ខ្ញុំ ជនជាតិវៀតណាម ទាំងបុរសទាំងស្ដ្រី កុមារា កុមារី មានចំនួនប្រហែលជាង៤០ម៉ឺននាក់ ។
ជាការពិតណាស់ ជនជាតិវៀតណាមរស់នៅក្នុងសម័យសង្គមរាស្ដ្រនិយមជាង៩៩ភាគរយពុំអាច ចូលសញ្ជាតិខ្មែរឬទិញយកសញ្ជាតិខ្មែរបានទេ ។
នៅក្នុងព្រះរាជសាររបស់អង្គសម្ដេចឪ ទ្រង់បានព្រះតម្រិះទៀតថា ៖ គួរចោទសួរថា ហេតុអ្វីបានជាជនអន្ដោប្រវេសន៍វៀតណាមនៅរាជាណាចក្រកម្ពុជាទី២នេះមានចំនួនតិចណាស់ បើប្រៀបធៀបទៅនឹងចំនួនជនអន្ដោប្រវេសន៍វៀតណាមនាសម័យសង្គមរាស្ដ្រនិយម ?
ខ្ញុំសូមលើកពាក្យសម្ដីរបស់អ្នកឯករាជ្យជាច្រើននាក់ដែលមិនរណបគណបក្សណា និងសម្ដីរបស់ប្រជារាស្ដ្រដែលរស់នៅជាប់ព្រំដែនជាមួយវៀតណាមឱ្យដឹងថា ជនជាតិវៀតណាមជាច្រើនលាន នាក់បានមករស់នៅពាសពេញនៅក្នុងរាជាណាចក្រកម្ពុជាទី២ ។ ចំពោះបញ្ហានេះ ខ្ញុំមិនហ៊ានអារកាត់ទេអំពីចំនួននេះ ដ្បិតខ្ញុំគ្មានអំណាច គ្មានមធ្យោបាយនិងធ្វើស្ថិតិជំរឿនជនអន្ដោប្រវេសន៍វៀតណាម ។
តាមមតិដ៏ស្ដួចស្ដើងនៃខ្ញុំ ចំនួនជនអន្ដោប្រវេសន៍វៀតណាមមានតិចយ៉ាងនេះ គឺ ៖
១-មកពីអ្នកមានអំណាចគ្មានចំណង់ធ្វើស្ថិតិជំរឿនចំនួនជនអន្ដោប្រវេសន៍វៀតណាម ។
២-ជនជាតិវៀតណាមដែលចូលមករាជាណាចក្រកម្ពុជាទី២ ទទួលជាស្វ័យប្រវត្ដិសញ្ជាតិខ្មែរ ព្រមទាំងមានសិទ្ធិបោះឆ្នោតថែមទៀតផង ។
៣-ខ្ញុំបានសរសេរអត្ថបទសម្រាប់ប្រវត្ដិសាស្ដ្រនៅរដ្ឋធានីប៉េកាំងនាពេលថ្មីៗនេះថា ជនជាតិវៀតណាមសព្វថ្ងៃនៅកម្ពុជាមានតែនៅក្នុងស្ថានឯកអគ្គរដ្ឋទូតសាធារណរដ្ឋសង្គមនិយមវៀត ណាមទេ ដ្បិតគាត់ជាអ្នកតំណាងសាធារណរដ្ឋសង្គមនិយមវៀតណាម ហើយពុំអាចធ្វើជាជនជាតិខ្មែរឡើយ ។
៤-ជនរួមជាតិដែលបានទៅដល់ព្រំដែន ហើយអ្នកស្រុកដែលរស់នៅភូមិជាប់ជាមួយវៀតណាម និយាយថា នៅសម័យសង្គមរាស្ដ្រនិយមមានស្រុកភូមិជាច្រើនដែលជាប់ព្រំដែនកម្ពុជា-វៀតណាម តែឥឡូវស្រុកភូមិទាំងនោះបានក្លាយទៅជាកម្មសិទ្ធិរបស់វៀតណាម ហើយកងទ័ពគេបានបោះទីតាំងការពារយ៉ាងរឹងមាំ ។ ជនជាតិខ្មែរដែលរស់នៅក្នុងស្រុកភូមិទាំងនេះ មានផ្លូវតែមួយគត់ គឺត្រូវរត់ចោលស្រុក ភូមិកំណើតរបស់ខ្លួន ឬក៏ក្លាយជាជនជាតិភាគតិចនៅលើស្រុកកំណើតរបស់ខ្លួន ។
បើប្រិយមិត្ដអ្នកអានបានដឹងឮអំពីព្រះតម្រិះរបស់អង្គសម្ដេចឪនេះហើយ សូមឱ្យប្រិយមិត្ដធ្វើការ ពិចារណាផងចុះ តើជនអន្ដោប្រវេសន៍វៀតណាមមានខ្ទង់លាននាក់ប្រាកដមែនឬក៏មានតែប្រមាណ១០ម៉ឺននាក់ ដូច“សម្ដេចតេជោសែន”បានអះអាង ? ៕
No comments:
Post a Comment
yes