អាជ្ញាធររាជធានីភ្នំពេញ រារាំងអ្នកភូមិបឹងកក់ មិនឲ្យចេញធ្វើបាតុកម្ម
កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៣
ពលរដ្ឋរងគ្រោះដោយសារការរំលោភដីធ្លីតំបន់បឹងកក់ ប្រមាណជាង ១០០នាក់ នាំគ្នាចេញធ្វើបាតុកម្មនារាជធានីភ្នំពេញ ប៉ុន្តែត្រូវអាជ្ញាធរដាក់កម្លាំងរារាំង ដោយបិទគ្រប់ច្រកចេញចូលរបស់ភូមិបឹងកក់។ ពួកគាត់បានតវ៉ាចំពោះការរំលោភដីធ្លីពីសំណាក់ក្រុមហ៊ុនចិន ស៊ូកាគូ (Shukaku) អស់ជាច្រើនឆ្នាំមកហើយ តែមិនមានដំណោះស្រាយ។
តំណាងពលរដ្ឋភូមិបឹងកក់ អ្នកស្រី ទេព វន្នី មានប្រសាសន៍ថា ការប្រមូលផ្ដុំនៃពលរដ្ឋថ្ងៃនេះមិនមែនមានន័យថាអ្នកភូមិបឹងកក់ ចេញធ្វើបាតុកម្មនោះទេ ប៉ុន្តែការចេញជួបជុំគ្នាថ្ងៃទី១៧ ខែមិថុនា គឺដើម្បីបង្ហាញពីទុក្ខលំបាករបស់អ្នកភូមិឲ្យរដ្ឋាភិបាលដឹង។ អ្នកស្រីមានប្រសាសន៍បន្តថា ក្រៅពីពលរដ្ឋសម្ដែងពីទុក្ខព្រួយ ពលរដ្ឋទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លី អ្នកស្រី យ៉ោម បុប្ផា។
អ្នកស្រី ទេព វន្នី មានប្រសាសន៍ទៀតថា ការដែលសាលាឧទ្ធរណ៍កាត់ទោសអ្នកស្រី យ៉ោម បុប្ផា ឲ្យជាប់គុកដោយចោទគាត់ថាជាអ្នកសមគំនិតក្នុងការវាយអ្នករត់ម៉ូតូឌុបម្នាក់ឲ្យរងរបួសនោះ មិនមែនជារឿងពិតទេ។ ជាងនេះទៀត អ្នកស្រី ទេព វន្នី បញ្ជាក់បន្ថែមថា ការជួបជុំគ្នានេះ គឺគ្រោងដង្ហែក្បួនឆ្ពោះទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រី ក្នុងបំណងជូនដំណឹងពីទង្វើអាក្រក់របស់មន្ត្រីថ្នាក់ក្រោមរបស់រដ្ឋាភិបាលឲ្យរដ្ឋាភិបាលដឹង។
ទាក់ទងនឹងបញ្ហានេះ អ្នកឃ្លាំមើលការរំលោភសិទ្ធិមនុស្សជាន់ខ្ពស់នៃសមាគមការពារសិទ្ធិមនុស្សលីកាដូ (Licadho) លោក ឆេង សុភ័ស្ត មានប្រសាសន៍ថា ការតវ៉ាប្រឆាំងការបណ្ដេញចេញនៃអ្នកភូមិបឹងកក់ ហាក់ក្លាយជាជំងឺរ៉ាំរ៉ៃ ដូច្នេះពួកគាត់ត្រូវការគ្រូពេទ្យដ៏ចំណានជួយព្យាបាលពួកគាត់។ លោក ឆេង សុភ័ស្ត បញ្ជាក់ទៀតថា រដ្ឋាភិបាលគួររកដំណោះស្រាយដ៏សមរម្យណាមួយ ដើម្បីបញ្ចប់បញ្ហានេះ ពុំនោះទេ ជំងឺនេះអាចនឹងរីករាលដាលធំឡើងៗ ដែលធ្វើឲ្យប៉ះពាល់មុខរដ្ឋាភិបាលលើឆាកអន្តរជាតិ។
អ្នកភូមិបឹងកក់ ធ្វើរូបទីងមោងតំណាងឲ្យមន្ត្រីពុករលួយ បន្ទាប់មកពួកគាត់បានយករូបទីងមោងទាំងនោះយកទៅដុតលើពំនូកខ្សាច់ក្នុងភូមិបឹងកក់ ដែលស្ថិតនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី។ ក្នុងពិធីដុតរូបទីងមោងនោះ ពលរដ្ឋបាចអំបិលម្ទេស និងបាចលាជដាក់បណ្ដាសាពួកមន្ត្រីពុករលួយមិនស្វែងរកយុត្តិធម៌ជូនពលរដ្ឋ៕
No comments:
Post a Comment
yes