ប្រជាពលរដ្ឋបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់
កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១២
ជាទូទៅក្រោយពីការបោះឆ្នោតម្ដងៗ ដូចជាការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកន្លងមក គណបក្សប្រឆាំងតែងតែច្រានចោលលទ្ធផលបោះឆ្នោត ដោយចោទប្រកាន់អំពីភាពមិនប្រក្រតីនៅក្នុងដំណើរការបោះឆ្នោត និងការប្រកួតប្រជែងមិនមានតម្លាភាព។
ចំណែកការបោះឆ្នោតជាតិលើកនេះ ជំហរបក្សប្រឆាំងក៏មិនខុសលើកមុនៗដែរ មេដឹកនាំបក្សប្រឆាំងបានប្រកាសថា ខ្លួននឹងចូលរួមបោះឆ្នោត តែនឹងមិនទទួលស្គាល់លទ្ធផលឆ្នោតនោះទេ។
ការប្រកួតប្រជែងស្មើភាពគ្នា និងឯករាជភាពរបស់គណៈកម្មាធិការជាតិរៀបចំបោះឆ្នោតជាប្រធានបទដ៏សំខាន់ ដែលខាងគណបក្សសង្គ្រោះជាតិទាមទារចង់បាននៅមុនពេលបោះឆ្នោតនេះ ដើម្បីឲ្យលទ្ធផលបោះឆ្នោតឈានទៅទទួលយកបានគ្រប់គណបក្សទាំងអស់។
តម្លាភាពក្នុងការប្រកួតប្រជែង និងប្រជាពលរដ្ឋមានសិទ្ធិស្មើគ្នា គ្មានការគំរាមកំហែងនៅពេលបោះឆ្នោតនោះ ជាការឆ្លុះបញ្ចាំងអំពីការប្រកួតប្រជែងប្រកបដោយសុក្រឹតភាពនៅក្នុងសង្គមប្រជាធិបតេយ្យ។
មន្ត្រីជាន់ខ្ពស់នៃគណបក្សសង្គ្រោះជាតិ បានឲ្យដឹងថា គណៈកម្មាធិការគណបក្សសង្គ្រោះជាតិ ភាគច្រើនបានសម្រេចចិត្តចូលរួបប្រកួតប្រជែងបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ ប៉ុន្តែលោកបញ្ជាក់ថា ប្រសិនបើសកម្មជនគណបក្សកាន់អំណាចនៅតែបន្តរំខានដល់គណបក្សសង្គ្រោះជាតិនោះ គណបក្សសង្គ្រោះជាតិនឹងមិនទទួលយកលទ្ធផលបោះឆ្នោតនោះទេ។
មន្ត្រីនាំពាក្យគណបក្សសង្គ្រោះជាតិ លោក យ៉ែម បុញ្ញាឫទ្ធ មានប្រសាសន៍ថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស និងលោក កឹម សុខា ជាអនុប្រធានបក្ស បានពិភាក្សាគ្នាថា នឹងចូលរួមក្នុងការបោះឆ្នោតខាងមុខ។ ប៉ុន្តែយ៉ាងនេះក្ដី លោក យ៉ែម បុញ្ញាឫទ្ធ បានអះអាងថា ពេលឃោសនាខាងមុខ បើសិនជាគណបក្សកាន់អំណាចធ្វើការរំខាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមិនអព្យាក្រឹត គណបក្សសង្គ្រោះជាតិ នឹងបដិសេធលទ្ធផលបោះឆ្នោត។
ម្យ៉ាងវិញទៀត លោក យ៉ែម បុញ្ញាឫទ្ធ អះអាងថា នៅថ្ងៃទី២០ មិថុនា ខាងមុខ អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នឹងធ្វើសន្និសីទកាសែតអំពីបញ្ហានេះ ដើម្បីបញ្ជាក់ប្រាប់អ្នកសារព័ត៌មានបន្ថែមទៀត អំពីជំហររបស់គណបក្សសង្គ្រោះជាតិ។
ឆ្លើយតបទៅបញ្ហានេះ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ទេព នីថា មានប្រសាសន៍ថា ការធ្វើពហិការមិនចូលរួមបោះឆ្នោតរបស់គណបក្សសង្គ្រោះជាតិ ឬយ៉ាងណានោះ ជាសិទ្ធិរបស់គណបក្សសង្គ្រោះជាតិ។ ប៉ុន្តែលោក ទេព នីថា អះអាងថា គ្រប់គណបក្សនយោបាយទាំងអស់ដែលបានចុះឈ្មោះបោះឆ្នោតនៅ គ.ជ.ប នោះ គឺបានយល់ព្រមចូលរួបបោះឆ្នោតដោយគោរពទៅតាមលក្ខខណ្ឌរបស់ គ.ជ.ប។
ការលើកឡើងរបស់គណបក្សសង្គ្រោះជាតិនេះ ត្រូវបានអ្នកវិភាគ និងអ្នកឃ្លាំមើលការបោះឆ្នោតបានលើកឡើងថា នេះជាល្បែងនយោបាយរបស់គណបក្សនយោបាយនៅមុនពេលបោះឆ្នោត។ ក៏ប៉ុន្តែទាំងអ្នកឃ្លាំមើលការបោះឆ្នោត និងអ្នកវិភាគបានសង្កត់ធ្ងន់ថា នៅក្នុងបរិបទកម្ពុជា បច្ចុប្បន្ននេះ មានសកម្មភាពជាច្រើនដែលឆ្លុះបញ្ចាំងទាក់ទងនឹងការប្រកួតប្រជែងមិនមានតម្លាភាពនៅពេលបោះឆ្នោតខាងមុខ។
ប្រធានគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ ដើម្បីការបោះឆ្នោតដោយសេរីនៅកម្ពុជា លោកបណ្ឌិត ហង្ស ពុទ្ធា បានហៅការប្រកាសរបស់គណបក្សសង្គ្រោះជាតិនេះថា ជាសារនយោបាយមួយនៅមុនពេលបោះឆ្នោត។ លោកឲ្យដឹងថា ជួនកាលសារនេះមិនមែនឆ្លុះបញ្ចាំងអំពីទស្សនៈផ្លូវការរបស់គណបក្សនេះឡើយ។ យ៉ាងនេះក្ដី លោកបញ្ជាក់ថា ការប្រកួតប្រជែងដណ្ដើមសន្លឹកឆ្នោតរបស់គណបក្សនយោបាយនោះ គឺទាមទារឲ្យមានប្រកួតប្រជែងដោយស្មើភាពជាចាំបាច់។ តែប្រសិនមានការគំរាមកំហែងជាសកម្មភាពផ្ទុយពីច្បាប់។
បញ្ហានេះ អ្នកវិភាគបានលើកទឡ្ហីករណ៍ជាច្រើន ដូចជាការវាយប្រហារម្ដងហើយម្ដងទៀតទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ ពីប្រមុខរដ្ឋាភិបាលដែលជាដៃគូប្រកួតប្រជែង ពោលគឺការប្រកាសគាំទ្រលោក ជុំ ម៉ី ដឹកនាំប្រជាពលរដ្ឋធ្វើបាតុកម្មប្រឆាំងនឹងសម្ដីលោក កឹម សុខា ដែលចោទប្រកាន់លោក កឹម សុខា ថា គុកទួលស្លែងជាគុកសិប្បនិមិត្ត។ ការបញ្ចេញតួអង្គក្នុងឈុតឆាកស្នេហាត្រីកោណពាក់ព័ន្ធនឹងលោក កឹម សុខា ជាដើម។ បញ្ហាទាំងអស់នេះ អ្នកវិភាគបានពន្យល់ថា ជាការវាយប្រហារផ្នែកនយោបាយដោយប្រយោលពីប្រមុខអ្នកដឹកនាំរដ្ឋាភិបាល។ ក្រៅពីនេះ ក៏មានការរំខានពីសកម្មជនគណបក្សកាន់អំណាចនៅក្នុងវេទិកាមួយចំនួនដែលគណបក្សសង្រ្គោះជាតិបានធ្វើកន្លងមក និងបញ្ហាផ្សេងៗទៀត។
អ្នកវិភាគឯករាជ្យ លោកបណ្ឌិត ឡៅ ម៉ុងហៃ មានប្រសាសន៍ថា គណបក្សសង្គ្រោះជាតិ ត្រូវមានជំហរច្បាស់ជាងនេះ ថាតើគណបក្សសង្គ្រោះជាតិ ត្រូវចូលរួមបោះឆ្នោត ឬមិនចូលរួម?
លោក ឡៅ ម៉ុងហៃ បានលើកជាសំណួរថា ប្រសិនបើគណបក្សសង្គ្រោះជាតិឈ្នះឆ្នោត តើគណបក្សសង្គ្រោះជាតិបដិសេធដែរ ឬយ៉ាងណា?
ទោះជាយ៉ាងនេះក្ដី ក្រុមអ្នកវិភាគបានលើកហេតុផលជាច្រើនថា ការបោះឆ្នោតនៅកម្ពុជា មិនប្រកបដោយសេរី និងតម្លាភាពនោះទេ ដោយហេតុថា គណបក្សកាន់អំណាចបានគ្របដណ្ដប់ស្ទើរតែទាំងអស់ទៅលើប្រព័ន្ធផ្សព្វផ្សាយ មាន វិទ្យុ និងទូរទស្សន៍។ គ.ជ.ប មិនឯករាជ្យ គណបក្សកាន់អំណាចប្រើប្រាស់សម្ភារៈរបស់រដ្ឋ ដូចជា រថយន្ត និងមន្ត្រីរាជការស៊ីវិល នគរបាល ទាហាន តាមរយៈការចេញធ្វើសកម្មភាពឃោសនាឲ្យគណបក្សកាន់អំណាច ដែលជាទង្វើខុសច្បាប់ ពីព្រោះមន្ត្រីរាជការទាំងអស់ជាក្រុមមនុស្សឯករាជ្យ។
ក្រៅពីបញ្ហានេះ លោកបណ្ឌិត ឡៅ ម៉ុងហៃ បានបន្ថែមថា ទោះបីជាប្រមុខរដ្ឋាភិបាលធ្លាប់បានប្រកាសថា កម្ពុជាអនុវត្តនូវរបបប្រជាធិបតេយ្យសេរីពហុបក្សក្ដី ប៉ុន្តែការប្រកួតប្រជែងជាក់ស្ដែង គឺគណបក្សកាន់អំណាចមានប្រៀបខ្លាំងជាងគណបក្សដទៃ តាមរយៈរូបភាពផ្សេងៗ ដែលឆ្លុះបញ្ចាំងអំពីការប្រកួតប្រជែងគ្មានតម្លាភាពនិងមិនសេរី។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍នៅក្នុងពិធីបើកសម័យប្រជុំពេញអង្គលើកទី៣៧ របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោក កាលពីរាត្រីថ្ងៃទី១៦ មិថុនា ដែលមានសមាជិកនៃប្រទេសមួយចំនួននៅលើសាកលលោកបានមកចូលរួមនោះថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ នៃរដ្ឋសភា ដែលគ្រោងនឹងប្រព្រឹត្តិទៅនៅចុងខែកក្កដា ខាងមុខ គឺជាការគូសបញ្ជាក់ជាថ្មីម្ដងទៀត អំពីការប្ដូរផ្ដាច់អនុវត្តយ៉ាងខ្ជាប់ខ្ជួននូវលទ្ធិប្រជាធិបតេយ្យ និងសេរីពហុបក្ស ការគោរពសិទ្ធិមនុស្ស និងសេចក្ដីថ្លៃថ្នូររបស់ប្រជាពលរដ្ឋដោយស្មើភាព និងគ្មានការរើសអើងទាំងជនជាតិ និងសាសនា។
ឆ្លើយតបទៅនឹងបញ្ហានេះ លោក យ៉ែម បុញ្ញាឫទ្ធ បានអះអាងថា សកម្មភាពមេដឹកនាំគណបក្សកាន់អំណាច និងសកម្មជនមួយចំនួនរបស់គណបក្សប្រជាជនកម្ពុជា សព្វថ្ងៃនេះ មិនមែនឆ្លុះបញ្ចាំងអំពីការគោរពសិទ្ធិមនុស្ស និងសេរីនោះទេ។ លោកបញ្ជាក់ថា កន្លងមកស្លាកគណបក្សសង្គ្រោះជាតិនៅតាមបណ្ដាខែត្រមួយចំនួន ត្រូវជនមិនស្គាល់មុខទម្លាក់ និងសកម្មភាពអុកឡុកនៅក្នុងវេទិកាគណបក្សសង្គ្រោះជាតិជួបជាមួយប្រជាពលរដ្ឋ ការរារាំងលោក កឹម សុខា យកឡានបិទផ្លូវនៅខែត្រកណ្ដាល កាលពីពេលថ្មីៗនេះជាដើម។
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត លោក ទេព នីថា បានឲ្យដឹងថា បញ្ហាទាំងនេះ មិនមែនជាសមត្ថកិច្ចរបស់ គ.ជ.ប ទេ ពីព្រោះថា រដូវកាលបោះឆ្នោតមិនទាន់មកដល់ លោកបញ្ជាក់ថា បញ្ហានេះគណបក្សសង្គ្រោះជាតិ ត្រូវដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចនៅមូលដ្ឋានឲ្យជួយដោះស្រាយ។ ទោះជាយ៉ាងនេះ ក្ដីលោក ទេព នីថា បង្ហាញរបាយការណ៍ថា ក្នុងរយៈពេល ៥ខែមកនេះ មានភាពមិនប្រក្រតីចំពោះគណបក្សនយោបាយប្រមាណជា ២០ករណីទេ ដែលស្ថានភាពនេះមានប្រសើរជាងពីពេលមុន។
គណបក្សនយោបាយបានចុះឈ្មោះនៅគណៈកម្មាធិការជាតិរៀបចំបោះឆ្នោតមានចំនួន ៨គណបក្ស ហើយគណបក្សនយោបាយទាំងនេះនឹងមានសិទ្ធិធ្វើសកម្មភាពឃោសនាតាម គ.ជ.ប កំណត់ ចាប់ពីថ្ងៃទី២៧ មិថុនា រហូតដល់ថ្ងៃទី២៧ កក្កដា នៅមុនពេលបោះឆ្នោតមួយថ្ងៃ គឺថ្ងៃទី២៨ កក្កដា ជាថ្ងៃកំណត់បោះឆ្នោតសកលនីតិកាលទី៥ ដែលជាថ្ងៃប្រជាពលរដ្ឋមានសិទ្ធិបោះឆ្នោតទាំងអស់ នឹងធ្វើការសម្រេចចិត្តថា តើខ្លួនត្រូវបោះឆ្នោតណាដែលខ្លួនពេញចិត្ត ហើយប្រជាពលរដ្ឋជាម្ចាស់វាសនានៃប្រទេសជាតិខ្លួនតាមរយៈការបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីដែលមានចែងនៅក្នុងរដ្ឋធម្មនុញ្ញ៕
No comments:
Post a Comment
yes