គណបក្សសង្គ្រោះជាតិ (Cambodia National Rescue Party) គ្រោងស្នើធ្វើវិសោធនកម្មច្បាប់ស្តីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) ដោយបញ្ចូលមាត្រាថ្មីបន្ថែមស្តីការផ្តន្ទាទោសអ្នក ដែលជ្រៀតជ្រែកការងារសាលាក្តីខ្មែរក្រហម។
អនុប្រធានគណៈកម្មាធិការវិន័យគណបក្សសង្គ្រោះជាតិ លោកហូរ វ៉ាន់ ប្រាប់ថា គណបក្សលោកកំពុងរៀបចំពាក្យស្នើសុំធ្វើវិសោធនកម្មច្បាប់នេះ ដោយគ្រោងស្នើឲ្យកំណត់ទោសអ្នកដែលជ្រៀតជ្រែកកិច្ចការសាលាក្តីខ្មែរក្រហម ឲ្យដូចនឹងទោសដែលមានចែងក្នុងសេចក្តីស្នើច្បាប់ ស្តីពីការប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្ម ដែលប្រព្រឹត្តទ្បើងក្នុងរយៈកាលនៃកម្ពុជាប្រជាធិបតេយ្យ ៖ "តាមច្បាប់ តុលាការខ្មែរក្រហមនេះ ត្រូវតែឯករាជ្យ ហើយបើតុលាការខ្មែរក្រហមមិនឯករាជ្យទេ គឺពុំអាចអនុវត្តរកយុត្តិធម៌ជូនបងប្អូនជនរងគ្រោះឡើយ ដូច្នេះគ្រាន់តែជាការបន្ថែមសេចក្តី ដើម្បីឲ្យការអនុម័តច្បាប់ចុងក្រោយនេះ មានន័យពេញលេញតែប៉ុណ្ណឹងទេ"។
គម្រោងស្នើធ្វើវិសោធនកម្មច្បាប់នេះ ធ្វើឡើងបន្ទាប់ពីតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ស្នើឲ្យសភាអនុម័តសេចក្តីស្នើច្បាប់ប្រឆាំងការមិនទទួលស្គាល់ឧក្រិដ្ឋកម្មខ្មែរក្រហម។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនឯងនៅក្រៅប្រទេស បានសរសេរសារនយោបាយមួយ ដោយចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាកំពុងជ្រៀតជ្រែកកិច្ចការសាលាក្តីខ្មែរក្រហម។ លោក សម រង្ស៊ី អះអាងថា អតីតអ្នកទទួលខុសត្រូវខ្មែរក្រហមមួយចំនួន កំពុងស្ថិតក្នុងជួរមន្ត្រីជាន់ខ្ពស់កំពូលរបស់គណបក្សប្រជាជនកម្ពុជា និងរដ្ឋាភិបាលបច្ចុប្បន្ន។ លោកសម រង្ស៊ី ចោទលោក ហ៊ុន សែន ថាការពារមន្ត្រីជាន់ខ្ពស់ទាំងនោះ ដោយណែនាំមិនឲ្យទៅបំភ្លឺនៅចំពោះមុខសាលាក្តីខ្មែរក្រហម តាមដីកាកោះរបស់ចៅក្រមអន្តរជាតិ។
អ្នកនាំពាក្យរដ្ឋសភា មកពីគណបក្សប្រជាជនកម្ពុជា លោក ឈាង វុន អះអាងថា គណបក្សសង្គ្រោះជាតិ មិនអាចស្នើធ្វើវិសោធនកម្មច្បាប់នេះបាទទេ ពីព្រោះគណបក្សសង្គ្រោះជាតិ មិនមានអាសនៈនៅសភា ៖ "មុននឹងគាត់ស្នើអីហ្នឹង ខាងគណបក្សប្រឆាំងដែលគាត់ស្នើអីហ្នឹង សុំឲ្យរៀបចំខ្លួនឲ្យទៅជាអ្នកតំណាងរាស្ត្រសិន បម្រើតួនាទីខ្លួនដែលរាស្ត្រផ្តល់សេចក្តីទុកចិត្តឲ្យគាត់ ឲ្យគាត់ធ្វើជាអ្នកតំណាងរាស្ត្រហ្នឹងសិន ហើយបើកាលណា គាត់ចល័តខ្លួនគាត់ ចល័តតួនាទីតំណាងរាស្ត្ររបស់កាត់ អាហ្នឹងយើងមិនដឹងធ្វើម៉េចដែរ"។
អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោកនេត្រ ភក្ត្រា យល់ថា រឿងនេះជាសិទ្ធិរបស់គណបក្សនយោបាយ ដោយឡែក សាលាក្តីខ្មែរក្រហមនៅតែបន្តការងាររបស់ខ្លួន ៖ "តុលាការយើងកំពុងតែបំពេញការងាររបស់យើងតាមកិច្ចព្រមព្រាង និងច្បាប់ដែលមាន ហើយតុលាការនេះកំពុងតែដំណើរការដល់ដំណាក់កាលសំខាន់ នៅក្នុងការកាត់ក្តីរបស់ខ្លួនហើយ អញ្ចឹងគឺការស្នើសុំយ៉ាងណា អាហ្នឹងទុកឲ្យអ្នកនយោបាយជាអ្នកដោះស្រាយចុះ"។
អ្នកសម្របសម្រួលកម្មវិធីសាលាក្តីខ្មែរក្រហម របស់សមាគមការពារសិទ្ធិមនុស្ស និងអភិវឌ្ឍន៍នៅកម្ពុជា (Adhoc) លោកឡាត់ គី មានប្រសាសន៍ថា ការស្នើធ្វើវិសោធនកម្មច្បាប់នេះ មិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការសាលាក្តីខ្មែរក្រហមឡើយ ព្រោះនេះជារឿងនយោបាយ ៖ "ខ្ញុំយល់ឃើញថា ព្រឹត្តិការណ៍ដែលកើតមានឡើងពាក់ព័ន្ធជាមួយនឹងបញ្ហាទាំងពីរនេះ គឺវាសុទ្ធជាហេតុផលដែលពាក់ព័ន្ធរឿងនយោបាយ ដោយសារកត្តាទីមួយ គឺកើតឡើងនៅក្នុងអំឡុងពេលដែលគៀកនឹងយុទ្ធនាការ នៅក្នុងការឃោសនាបោះឆ្នោត"។
ច្បាប់ស្តីពីការបង្កើតឲ្យមានអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ត្រូវបានប្រកាសឲ្យប្រើប្រាស់នៅខែតុលា ឆ្នាំ២០០៤ បន្ទាប់ពីភាគីកម្ពុជា និងអង្គការសហប្រជាជាតិ ព្រមព្រៀងបង្កើតសាលាក្តីកាត់ទោសមេដឹកនាំ និងអ្នកទទួលខុសត្រូវខ្ពស់បំផុតក្នុងរបបអាវខ្មៅមួយនេះ។ ច្បាប់នេះ មាន១៩ជំពូក ចែកចេញជា៤៨មាត្រា៕
No comments:
Post a Comment
yes