លោកហ៊ុន ម៉ានិត នាយទាហាននៃកងយោធពលខេមរភូមិន្ទអត្តលេខ០៧៥៥៥៥ និងត្រូវជាកូនប្រុសរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រី «ផ្កាយ១» ដោយព្រះរាជក្រឹត្យលេខ នស/រកត/០៦១៣/៦៤៩ ចុះថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៣។
នៅក្នុងក្របខ័ណ្ឌកងយោធពលខេមរភូមិន្ទ លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជានាយករងនាយកដ្ឋានស្រាវជ្រាវចារកិច្ចនៃអគ្គបញ្ជាការដ្ឋាន។ លោក ហ៊ុន ម៉ានិត ក៏ធ្លាប់ត្រូវបានតែងតាំងជាសមាជិកលេខាសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានឋានៈស្មើប្រធាននាយកដ្ឋានផងដែរ ដោយអនុក្រឹត្យលេខ ២២៨អនក្រ.តត ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០០៨។
ក្រោយមក លោក ហ៊ុន ម៉ានិត ត្រូវបានតែងតាំងជាអគ្គលេខាធិការរងនៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីបន្ថែមលើមុខងារបច្ចុប្បន្ន ដោយអនុក្រឹត្យលេខ ៦៦៣អនក្រ.តត ចុះថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១២។
ក្នុងការងារបក្សនយោបាយ លោកឧត្តមសេនីយ៍ ហ៊ុន ម៉ានិត ជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយស្រុងស្ទឹងត្រង់ ខេត្តកំពង់ចាម។
ការដំឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ត្រីជូនលោក ហ៊ុន ម៉ានិត នាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ គឺបន្ទាប់ពីលោក ហ៊ុន ម៉ាណែត ត្រូវជាបងប្រុសរបស់លោក ហ៊ុន ម៉ានិត ជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទអត្តលេខ០៣៣៨៨៣ បានឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ទោ «ផ្កាយ២» ដោយព្រះរាជក្រឹត្យលេខ នស/រកត/១២១០/៩២១ ចុះថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១០។
លោកឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បច្ចុប្បន្នកាន់កាប់មុខងារជាប្រធាននាយកដ្ឋាននៃលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងភេរវកម្មនៃគណៈកម្មាធិការជាតិដឹកនាំបញ្ជាការប្រយុទ្ធប្រឆាំងនិងទប់ស្កាត់អំពើភេរវកម្ម «គជបភ» ដែលមាន «សម្តេចតេជោសែន» ជាប្រធាន គជបភ និងជាមេបញ្ជាការរងកងទ័ពជើងគោក។
ដូច្នេះ កូនប្រុសរបស់សម្តេចនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជានាយទាហានជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទបានឡើងឋានន្តរស័ក្តិថ្នាក់ឧត្តមសេនីយ៍ «ថ្នាក់ផ្កាយ» ទាំងពីរនាក់ហើយ ខណៈដែលឪពុកជានាយករដ្ឋមន្ត្រីមានឋានន្តរស័ក្តិជានាយឧត្តមសេនីយ៍ថ្នាក់ផុតលេខផ្កាយមាស៥៕
No comments:
Post a Comment
yes