យុទ្ធនាការឃោសនារកសំឡេងឆ្នោតរបស់គណបក្សនយោបាយ សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥នេះ កំពុងដំណើរការជារៀងរាល់ថ្ងៃនៅគ្រប់ខេត្តក្រុង នៃប្រទេសកម្ពុជា។
យ៉ាងណាមិញ យុទ្ធនាការនេះ មានសេចក្ដីរាយការណ៍មកថា ក្រុមបក្សប្រឆាំងច្រើនមានការរំខាន និងរារាំងជាញឹកញាប់ពីសំណាក់អាជ្ញាធរ និងសកម្មជនបក្សកាន់អំណាច។
តំណាងគណបក្សសង្គ្រោះជាតិ បានគំរាមប្ដឹងស្មៀនឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្ដាល ម្នាក់ ទៅតុលាការ ដោយអះអាងថា បានរារាំងក្បួនឃោសនានិងប្រើអំពើហិង្សាទៅលើសកម្មជនរបស់ខ្លួន។
សមាជិកក្រុមប្រឹក្សាខេត្តនៃគណបក្សសង្គ្រោះជាតិ លោក ចាន់ សាវ៉ន បានថ្លែងនៅថ្ងៃទី១៧ កក្កដា ថា ស្មៀនរងឃុំក្រាំងយ៉ូវ គឺលោក គឹម លី និងសកម្មជនគណបក្សប្រជាជនកម្ពុជា ផ្សេងទៀត បានចេញមករារាំងមិនឲ្យក្បួនឃោសនារបស់គណបក្សសង្គ្រោះជាតិចូលភូមិតាពេជ្រ ភូមិក្រាំងយ៉ូវ និងភូមិពេញពង ទេ ទើបបង្កឲ្យមានការប៉ះទង្គិចពាក្យសំដី ហើយថា ស្មៀនរងឃុំក្រាំងយ៉ូវ បានកាន់ច្រវាក់ជាប់សោ គំរាមវាយសកម្មជនបក្សសង្គ្រោះជាតិ។
លោកថា ករណីនេះលោកនឹងដាក់ពាក្យប្ដឹងទៅតុលាការខេត្ត៖ «ក្រុមការងារគណបក្សប្រជាជនប្រចាំភូមិគេហ្នឹង គ្នាវាប្រហែល ៥នាក់ មានមួយនោះ ខែងរ៉ែងជាងគេ កាន់អាយកូម មួយទៀតកាន់អាយកូមវែង លួចនិយាយខាងក្នុងនោះ វាថា អត់ឲ្យចូល ថាដាច់ខាតអត់ឲ្យចូល តែចូលវាយ។ មែន! ដល់យើងចូលវាទាញអាសោកង់នៅនឹងម៉ូតូទាញវាយវាត់ហ្មង វាយអត់ត្រូវ ព្រោះយើងថយ លោតថយទៅណា។ កូនចៅខ្ញុំដែលចូលទៅជជែកជាមួយសុំចូលហ្នឹងណាស់ វាគ្រវីគ្រវាត់អ៊ីចឹងចេញអំពើយង់ឃ្នងមកបង្ហាញយើង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងស្មៀនរងឃុំក្រាំងយ៉ូវ គឺលោក គឹម លី ដែលរងការចោទប្រកាន់បានទេ ហើយគណៈកម្មការរៀបចំការបោះឆ្នោតឃុំ លោក ពេជ ប៉ូរាន ដែលបានចុះទៅអន្តរាគមន៍ទំនាស់នេះក៏មិនអាចទាក់ទងបានដែរ នៅថ្ងៃនេះទី១៧ កក្កដា ដោយទូរស័ព្ទមិនចូល។
អ្នកសង្កេតការណ៍យុទ្ធនាការឃោសនាបោះឆ្នោតនៃសមាគមអរុណរះ លោក អ៊ូច វុទ្ធី ដែលបានតាមដានករណីនេះ បានហៅការរារាំងមិនឲ្យគណបក្សសង្គ្រោះជាតិចូលឃោសនានៅតាមមូលដ្ឋាននេះគឺជាការបំពានច្បាប់បោះឆ្នោត៖ «ខាងស្មៀនរងឃុំហ្នឹង គាត់ប្រើអំពើហិង្សាមកលើសង្គ្រោះជាតិតែម្ដង យកសោច្រវាក់សោដែកណា។ អាហ្នឹងវ៉ាត់មកត្រូវក្បាលឈាមហើយដែក។ ខ្ញុំជាមួយខាងតំណាងគណបក្សស្រុកនេះ ឃាត់អត់ឲ្យគាត់ប្រើអំពើហិង្សា ឲ្យគាត់ស្ងាត់ស្ងៀមវិញ គាត់អត់ព្រមស្ដាប់។ សង្គ្រោះជាតិសុខចិត្តចាញ់គេទៅហើយ ដើរតាមផ្លូវធំវិញទៅ»។
ចំណែកឯនៅរាជធានីភ្នំពេញ វិញ ក៏មានសេចក្ដីរាយការណ៍ពីគណៈកម្មការនាយករបស់គណបក្សសង្គ្រោះជាតិ អ្នកស្រី ឡាក់ សុភាព ដូចគ្នាទៅនឹងបញ្ហានៅខេត្តកណ្ដាលដែរ។ អ្នកស្រីបន្តថា សមត្ថកិច្ចគ្រប់គ្រងផ្សារច្បារអំពៅបានរារាំងក្រុមការងារហែក្បួនឃោសនាបក្សសង្គ្រោះជាតិមិនឲ្យចូលចែកលិខិតប័ណ្ណដល់អាជីវករផ្សារឡើយ។
ទាក់ទងទៅនឹងបណ្ដឹងវិញ គិតត្រឹមថ្ងៃទី១៦ កក្កដា មន្ត្រី គ.ជ.ប បានទទួលពាក្យប្ដឹងនៅថ្នាក់ឃុំចំនួន ២១៥ករណី នៅថ្នាក់ខេត្តចំនួន ៤៥ករណី និងនៅថ្នាក់ជាតិមានចំនួន ១២ករណី។
ជនមិនស្គាល់មុខគប់ដុំថ្មដាក់រថយន្តប្រធានក្រុមការងារបក្សសង្គ្រោះ
ខេត្តកំពង់ចាម៖ ជនមិនស្គាល់មុខម្នាក់បានគប់ដុំថ្មដាក់រថយន្តប្រធានក្រុមការងារគណបក្សសង្គ្រោះជាតិ ប្រចាំក្រុងកំពង់ចាម និងជាអតីតប្រធានចលនាយុវជនខេត្តកំពង់ចាម គណបក្ស សម រង្ស៉ី លោក ថាន សូរិទ្ទ កាលពីយប់ថ្ងៃទី១៦ កក្កដា ២០១៣ ក្នុងភូមិបឹងបាសាក់ សង្កាត់សំបូរមាស ក្រុងកំពង់ចាម។
ហេតុការណ៍នេះបានកើតឡើងនៅពេលដែលលោក ថាន សូរិទ្ទ កំពុងដឹកនាំក្រុមការងារគណបក្សសង្គ្រោះជាតិរបស់លោកចុះបញ្ចាំងកុនឯកសារដែលបានរៀបចំដោយគណបក្សសង្គ្រោះជាតិ។ រថយន្តដែលជនមិនស្គាល់មុខបានគប់ដុំថ្មទៅលើនោះ គឺជារថយន្តផ្ទាល់ខ្លួនរបស់លោក ថាន សូរិទ្ទ ដែលមានផ្ទុកទៅដោយសម្ភារៈបញ្ចាំងកុន និងកំពុងប្រើប្រាស់សម្រាប់បញ្ចាំងកុន។
លោក ថាន សូរិទ្ទ៖ «ខ្ញុំបាទបានទៅបញ្ចាំងកុនស្ដីពីការឈ្លានពានយកទឹកដីពីប្រទេសជិតខាង ជាពិសេសគឺប្រទេសវៀតណាម ការកាប់បំផ្លាញព្រៃឈើ ការបណ្ដេញប្រជាពលរដ្ឋចេញពីផ្ទះសម្បែងរបស់គាត់ ដើម្បីយកដីទៅលក់អោយក្រុមហ៊ុន ការវាយធ្វើបាបប្រជាពលរដ្ឋខ្មែរ ការវាយធ្វើបាបព្រះសង្ឃ មានការចាប់ដាក់គុក និងមានការបាញ់សម្លាប់ជាដើម»។
បើទោះបីជាការគប់លើរថយន្តរបស់លោកវាជារឿងបុគ្គល ឬជារឿងនយោបាយក្តី ក៏លោក ថាន សូរិទ្ទ សម្រេចចិត្តថា នឹងមិនប្ដឹងផ្ដល់ដើម្បីរកមុខជននោះទេ តែលោកបានអំពាវនាវអោយប្រជាពលរដ្ឋពិចារណាពីទង្វើរបស់ជនមិនស្គាល់មុខនេះ។ ហើយលោកក៏បានអោយសកម្មជនគណបក្សសង្គ្រោះជាតិរបស់លោកធ្វើការផ្សព្វផ្សាយជាសាធារណៈទូទាំងក្រុងកំពង់ចាម ពីហេតុការណ៍នេះ៕
No comments:
Post a Comment
yes