អង្គការសង្គមស៊ីវិលអាស៊ានចំនួន ៥២ មកពី ១៥ប្រទេស ផ្ញើលិខិតចំហមួយច្បាប់
ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី៥ ដែលខិតជិតមកដល់ មានអង្គការសង្គមស៊ីវិលអន្តរជាតិនៅតំបន់អាស៊ី ជាង ៥០ប្រទេស សម្ដែងការព្រួយបារម្ភពីការរឹតត្បិតសិទ្ធិសេរីភាពបញ្ចេញមតិនយោបាយ ដោយរាជរដ្ឋាភិបាលកម្ពុជា។ អង្គការសង្គមស៊ីវិលទាំងនេះ ទទូចទាមទារទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៥ចំណុចសំខាន់ៗ ដើម្បីធានាឱ្យការបោះឆ្នោតមានលក្ខណៈសេរី។
អង្គការសង្គមស៊ីវិលអាស៊ានចំនួន ៥២ មកពី ១៥ប្រទេស ផ្ញើលិខិតចំហមួយច្បាប់ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៣។ លិខិតចំហសរសេរថា អង្គការសង្គមស៊ីវិលទាំងនេះ បានស្វាគមន៍ចំពោះការដកបម្រាមថ្ងៃទី២១ មិថុនា ដែលមិនឱ្យផ្សាយកម្មវិធីបន្តពីប្រព័ន្ធផ្សព្វផ្សាយបរទេសពីគ្រប់ស្ថានីយវិទ្យុក្នុងស្រុកវិញ។
ក៏ប៉ុន្តែ អង្គការទាំងនេះនៅតែព្រួយបារម្ភដែលរដ្ឋាភិបាលប៉ុនប៉ងកម្រិតសេរីភាពក្នុងការប្រកាន់មតិ និងការបញ្ចេញមតិនៅមុនពេលបោះឆ្នោតថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣។ ជាពិសេស គឺការហាមផ្សាយអំពីមតិយោបល់ ការស្ទាបស្ទង់ និងលទ្ធផលបោះឆ្នោតនៅមុនថ្ងៃបោះឆ្នោត។ បម្រាមនេះបង្ហាញពីការប៉ុនប៉ងរឹតត្បិតមតិយោបល់ទិតៀន ឬប្រឆាំងរដ្ឋាភិបាល ដែលនៅក្នុងប្រទេសកម្ពុជា រដ្ឋាភិបាលគ្រប់គ្រងគ្រប់ស្ថានីយទូរទស្សន៍ វិទ្យុ និងកាសែត ហើយស្ថាប័នព័ត៌មានឯករាជ្យរងការគំរាមកំហែង និងរំខានតាមផ្លូវតុលាការ។
លិខិតចំហរបស់អង្គការសង្គមស៊ីវិលទាំងនេះបញ្ជាក់ថា ការចេញបម្រាមមិនឱ្យផ្សាយរយៈពេល ៥ថ្ងៃ គឺជាបម្រាមធ្វើឡើងស្រេចតែចិត្ត និងជាការរឹតត្បិតជ្រុលលើសេរីភាពបញ្ចេញមតិ និងសិទ្ធិរបស់សាធារណជន ក្នុងការទទួលព័ត៌មានលើរឿងនយោបាយ។ ជំនួសការដាក់បម្រាម និងការចាប់ពិរុទ្ធប្រព័ន្ធផ្សាយព័ត៌មានបែបនេះ អាជ្ញាធរគួរផ្ដោតលើការធានាដល់សុវត្ថិភាពអ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្ស ដែលឃ្លាំមើលការបោះឆ្នោត។
អង្គការទាំង៥២ ព្រួយបារម្ភដែរចំពោះព័ត៌មានអំពីការរំខានដល់យុទ្ធនាការហែក្បួន និងកិច្ចប្រជុំសកម្មជន និងបេក្ខជនបោះឆ្នោត និងការបំផ្លាញស្លាកសញ្ញារបស់បក្សប្រឆាំង។ ម្យ៉ាងទៀត ក៏ព្រួយបារម្ភចំពោះការចេញឃោសនារកសំឡេងឆ្នោតដោយមន្ត្រីសាធារណៈ និងកងកម្លាំងប្រដាប់អាវុធ ដែលច្បាប់ហាមឃាត់។
អង្គការសង្គមស៊ីវិលទាំងនេះសោកស្ដាយចំពោះការបណ្ដេញសមាជិកបក្សប្រឆាំង ២៩រូប ពីរដ្ឋសភា គឺក្នុងនោះមាន ២៧រូបពីបក្ស សម រង្ស៊ី និងបក្ស សិទ្ធិមនុស្ស ដែលបញ្ចូលគ្នាជាបក្សសង្គ្រោះជាតិ។ ការបណ្ដេញនេះ គឺជាចេតនាធ្វើឱ្យគាំងបក្សប្រឆាំង និងការដកអភ័យឯកសិទ្ធិសភារបស់អ្នកទាំងនោះ មុនពេលបោះឆ្នោត។ លិខិតបន្តថា ក្នុងស្មារតីនៃការប្រោសប្រទានការលើកលែងទោសដល់លោក សម រង្ស៊ី រដ្ឋាភិបាលគួរតែលុបចោលបណ្ដឹងទាំងអស់ប្រឆាំងសមាជិកបក្សសង្គ្រោះជាតិ ជាពិសេសថ្នាក់ដឹកនាំបក្សនេះ គឺលោក កឹម សុខា និងធានាថា សមាជិកទាំងនេះបានចូលរួមការបោះឆ្នោតដោយពេញលេញ។
អង្គការសង្គមស៊ីវិលសង្កត់ធ្ងន់ថា ការបោះឆ្នោតដោយសេរី និងយុត្តិធម៌ គឺមិនមែនគ្រាន់មានការបោះឆ្នោតប៉ុណ្ណោះទេ គឺត្រូវមានសិទ្ធិចូលរួមកិច្ចការសាធារណៈ និងរដ្ឋាភិបាល ហើយពលរដ្ឋអាចពិភាក្សាជាសាធារណៈ ដោយគ្មានការភ័យខ្លាច គ្មានការរំខាន ការគំរាមកំហែង និងការបំភិតបំភ័យ។ ត្រូវមានលទ្ធភាពស្មើគ្នាក្នុងការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដោយស្មើភាព និងយុត្តិធម៌ រួមទាំងលទ្ធភាពទទួលព័ត៌មានស្ដីពីនយោបាយ ពីបេក្ខជន និងដំណើរការបោះឆ្នោត ដើម្បីជ្រើសរើសតាមការដឹងរបស់ខ្លួន។
ដោយសារការព្រួយបារម្ភទាំងនេះ អង្គការសង្គមស៊ីវិលទាំង ៥២អង្គការ ទាមទារយ៉ាងខ្លាំងក្លាដល់រាជរដ្ឋាភិបាលកម្ពុជា ចំនួន ៥ចំណុច គឺ ទី១ ត្រូវអនុញ្ញាតដល់គ្រប់សកម្មភាពស្របច្បាប់ទាំងអស់ទាក់ទងនឹងការបោះឆ្នោតខាងមុខ មានដូចជា ការឃោសនាគ្រប់បក្សនយោបាយ និងបេក្ខជន ធ្វើទៅដោយគ្មានការរំខាន ការប្រើហិង្សា ការគំរាមកំហែង និងការបំភិតបំភ័យឡើយ។ ទី២ ដកចេញដោយគ្មានលក្ខខណ្ឌលើរាល់ការហាមផ្សាយ និងការបញ្ចេញមតិនយោបាយដោយបក្សនយោបាយ និងប្រព័ន្ធផ្សព្វផ្សាយទាំងនៅមុនពេល ក្នុងពេល និងក្រោយពេលបោះឆ្នោត ហើយមិនត្រូវដាក់កំហិតថ្មីណាមួយលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឡើយ។ ទី៣ ត្រូវធានាផ្ដល់ការផ្សព្វផ្សាយស្មើភាព ដោយសេរី និងយុត្តិធម៌ ដល់គ្រប់បេក្ខជនបក្សនយោបាយ ដោយគ្មានការរើសអើង ហើយមានមូលដ្ឋានកម្មវត្ថុច្បាស់លាស់។ ទី៤ ត្រូវធានាសុវត្ថិភាពដល់អ្នកកាសែត និងអ្នកការពារសិទ្ធិមនុស្ស ដែលយកព័ត៌មាន និងឃ្លាំមើលការបោះឆ្នោត និងទី៥ ផ្ដល់ឋានៈសមាជិកសភាដល់សមាជិកគណបក្សប្រឆាំងចំនួន ២៩រូប ដែលត្រូវបណ្ដេញចេញនោះឡើងវិញ ហើយលុបចោលបទចោទទាំងអស់ពីសមាជិក និងបេក្ខជនសភារបស់គណបក្សសង្គ្រោះជាតិ ទាំងអស់។
អង្គការសង្គមស៊ីវិលទាំង៥២ ដែលមកពីប្រទេសចំនួន១៥ គឺមានជាអាទិ៍ ប្រទេសបង់ក្លាដេស ភូមា ឬមីយ៉ាន់ម៉ា ឥណ្ឌា ឥណ្ឌូនេស៊ី ម៉ាឡេស៊ី ម៉ុងហ្គោលី នេប៉ាល់ ប៉ាគីស្ថាន ហ្វីលីពីន សិង្ហបុរី កូរ៉េខាងត្បូង ស្រីលង្កា តៃវ៉ាន់ ថៃ និងប្រទេសទីម័រ ដែលជាសមាជិករបស់វេទិកាដើម្បីសិទ្ធិមនុស្សអាស៊ី ឬហៅថា ហ្វរ៉ាំអេស៊ា (FORUM ASIA) និងជាសមាជិកសម្ព័ន្ធសារព័ត៌មានអាស៊ីអាគ្នេយ៍ ហៅកាត់ថា ស៊ីប៉ា (SEAPA)៕
No comments:
Post a Comment
yes